ខេត្តកំពង់ស្ពឺ៖ ល្បែងស៊ីសងគ្រប់ប្រភេទដែលបើកលេងនៅក្នុងស្រុកភ្នំស្រួចបានយ៉ាងរលូនអាជ្ញាធរ និង សមត្ថកិច្ច ហាក់គ្មានអើពើទប់ស្កាត់ បង្ក្រាបទាល់តែសោះ ។ ការមិនបង្ក្រាបនេះទំនងជាខ្លាចអំណាចមេល្បែងឈ្មោះម៉ៅដែលជាម្ចាស់សង្វៀនល្បែងបញ្ជល់មាន់ខ្នាយដែកហើយមើលទៅ ឬមួយក៏ពាក់ព័ន្ធបានសើមមាត់សើម.កខ្លះដែរទើបម្នាក់ៗសំងំឈឹងបែបនេះ? ។
ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមាន (បញ្ជល់មាន់ ជល់មាន់តាមអនឡាញ បៀរ អាប៉ោង និងកន្ទុយលេខ) ខុសច្បាប់ជាច្រើនកន្លែងនៅម្តុំផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះ មានមួយកន្លែងធំជាងគេដែលគេស្គាល់ម្ចាស់ គឺលោកម៉ៅ ហៅមេ(១១)។
លោក ម៉ៅ ហៅមេ(១១)នេះ ត្រូវបានប្រភពបង្ហើបថា មានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយជាមន្ត្រីនគរបាលខេត្តឋាន:ជាប្រធានការិយាល័យម្នាក់ ធ្វើជាខ្នងបង្អែកពីក្រោយខ្នងទៀតផង ទើបហ៊ានលេងទាំងថ្ងៃទាំងយប់មិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ ។
ប្រភពបន្តថា បើទោះបីជាកន្លងទៅឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺចាស់ ផ្លាស់ប្តូរ ដល់លោក ជាម ច័ន្ទ សោភ័ណ បានចេញបញ្ជាឱ្យសមត្ថកិច្ចធ្វើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយ ក៏ឈ្មោះ ម៉ៅ ហៅមេ(១១) នៅតែគឃ្លើនមិនខ្លាចឡើយបន្តលេងរាល់ថ្ងៃ គូប្រជល់មាន់ពិសេសគឺថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ល្បែងស៊ីសងគ្រប់ប្រភេទនៅម្តុំផ្សារត្រែងត្រយឹងនេះ បើកលេងរាប់ខែឆ្នាំមកហើយ ។ ហើយក្នុងនោះគេសង្កេតឃើញជាទីតាំងមួយកន្លែងធំជាងគេ (មានលេងមាន់ជល់ បៀរ និងអាប៉ោង) ក្នុងមួយថ្ងៃៗអ្នកចាញ់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច ហាក់គ្មានវិធានការទប់ស្កាត់ ឬមានឆន្ទះក្នុងការបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនេះឡើយ។
ប្រជាពលរដ្ឋដដែលបន្ថែមថា ការលេងល្បែងខាងលើនេះ បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ឋទេនោះ មិនអាចអង្គុយអ៊ុតអាប៉ោង និងលេងជល់មាន់បានឡើយ ។
បើនិយាយពីល្បែងកន្ទុយលេខវិញ នៅក្នុងផ្សារត្រែងត្រយឹង មានមិនក្រោមពី១០កន្លែងឡើយ និយាយរួមផ្សារត្រែងត្រយឹងនិងប៉ុស្តិនគរបាលរដ្ឋបាលឃុំត្រែងត្រយឹងនៅក្បែរគ្នា ប្រសិនបើសមត្ថកិច្ចមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបមែននោះ ច្បាស់ជាអ្នកលេងល្បែងមិនហ៊ានលេងឡើយ ។
ប្រជាពលរដ្ឋលើកឡើងបន្ថែមទៀតថា បុគ្គល ម៉ៅ ហៅមេ(១១) ដែលហ៊ានបើកល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់ដែលមានទីតាំងខាងលើ កំពុងឲ្យបក្ខពួករបស់ខ្លួនដើរកៀងគរក្រុមញៀនល្បែងគ្រប់មជ្ឈដ្ឋានឲ្យទៅលេងភ្នាល់លុយ ចាញ់ឈ្នះ រាប់លានរៀល ដល់រាប់ពាន់ដុល្លារ ឯណោះ (ពោលគឺ) ភ្នាល់លុយច្រើនៗទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស ។
បើនិយាយពីការប៉ុងលុយ និងដកតុងក្នុងការជល់មាន់វិញមិនក្រោមពី២០លានរៀលនោះទេក្នុងមួយថ្ងៃ ។ ដោយឡែក ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តមួយរូបបានបង្ហើបប្រាប់ផងដែរថា ថ្នាក់ត្រឹមព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត មិនហ៊ានប៉ះពាល់នោះទេ ព្រោះលោកម៉ៅ ហៅមេ (១១) នេះ មានខ្នងបង្អែកជាប្រធានការិយាល័យមួយនៅស្នងការនគរបាលខេត្តយើងនេះម្នាក់នោះគឺលោកវរសេនីយ៍ឯក។
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅតំបន់ត្រែងត្រយឹងបានបង្ហាញនូវក្តីកង្វល់ថា រស់នៅសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ សុវត្ថិភាពរបស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់នោះទេ និងកើតមានបទល្មើសផ្សេងៗដូចជា ចោរលួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សាក្នុងគ្រួសារជាដើម ។ល។
ព័ត៌មានបន្តមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ