ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះរួមបញ្ចូលទាំងការទទួលទានលឿនពេក ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភ!ថ្ងៃនេះវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ស្កាត់អាការៈហើមពោះក្រោយទទួលទានអាហារ ៖
១. កម្រិតការទទួលទានជាតិសរសៃ
ពិតណាស់របបអាហារមានជាតិសសៃខ្ពស់ គឺល្អសម្រាប់ទប់ស្កាត់បញ្ហាទល់លាមកនិងជួយឱ្យស្រកទម្ងន់ដែលលើស ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ ទោះជាយ៉ាងណាមនុស្សចំនួនបែរជាជួបប្រទះអាការៈហើមពោះទៅវិញក្រោយទទួលទានអាហារសម្បូរជាតិសសៃច្រើន។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមនោះ ចូរព្យាយាមបន្ថយការទទួលទានជាតិសសៃដើម្បីចៀសផុតបញ្ហា។
២. កាត់បន្ថយការទទួលទានអាហារមានផ្ទុកជាតិខ្លាញ់
អ្នកក៏ចាំបាច់គួរកម្រិតការទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ សូម្បីតែខ្លាញ់ល្អមួយក៏អាចបង្កអាការៈហើមពោះបានផងដែរ។ ប្រសិនបើអ្នកឧស្សាហ៍ហើមពោះ ចូរជ្រើសរើសរបបអាហារមានជាតិខ្លាញ់ទាបបំផុត។
៣. ចៀសវាងភេសជ្ជៈកាបូណាត
ជាតិហ្គាសក្នុងភេសជ្ជៈកាបូណាតអាចបណ្ដាលឱ្យអ្នកហើមពោះបានយ៉ាងងាយ។ ដូច្នេះអ្នកមិនគួររួមបញ្ចូលភេសជ្ជៈមានជាតិហ្គាសក្នុងរបបអាហារឡើយ។
៤. ទំពារអាហារយឺតៗ
មានមូលហេតុពីរដែលបញ្ជាក់ថា ការទទួលទានអាហារលឿនៗ គឺមិនល្អសោះឡើយ។ ទី ១ ការបរិភោគលឿនធ្វើឱ្យអ្នកទំពារអាហារមិនបានល្អ ឬច្រើនគ្រប់គ្រាន់ដែលបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។ ទី ២ នោះ គឺវាធ្វើឱ្យអ្នកលេបខ្យល់ចូលពោះដោយចៃដន្យច្រើនជាងធម្មតាជាហេតុបណ្ដាលឱ្យងាយនឹងហើមពោះ។
៥. ចៀសវាងទទួលទានទឹកច្រើនហួសតម្រូវការ
អ្វីក៏ដោយឱ្យតែពេក គឺមិនល្អឡើយ រួមបញ្ចូលទាំងការទទួលទានទឹកផងដែរ។ ប្រសិនបើអ្នកទទួលទានទឹកច្រើនកំឡុងពេលអាហារ អាស៊ីតក្រពះក្លាយជារាវខ្លាំង ឬត្រូវបានបន្សាបដែលធ្វើឱ្យអាហារមិនអាចរំលាយបានពេញលេញបង្កជាអាការៈហើមពោះ និងពិបាករំលាយអាហារ។ ដូច្នេះដើម្បីជាការប្រសើរជៀសផុតពីបញ្ហាហើមពោះ កុំទទួលទានទឹកច្រើនពេកក្នុងកំឡុងពេល ៣០ នាទីមុន ឬក្រោយអាហារ។
៦. ដើរបន្តិចក្រោយទទួលទានអាហាររួច
ភ្លាមៗក្រោយទទួលទានអាហារអ្នកមិនគួរគេង ឬអង្គុយនៅតុអាហារឡើយ បើមិនដូច្នោះទេជាតិហ្គាសនឹងគាំងជាប់ក្នុងពោះមិនខាន។ ដូច្នេះដើម្បីជាការប្រសើរក្រោយទទួលទានអាហាររួច ចូរក្រោកដើរបន្តិច។ ការដើរក៏ជាគន្លឹះដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយដោះស្រាយបញ្ហាពិបាកភើផងដែរ៕
ចែករំលែកព័តមាននេះ