រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវតែហ៊ានរាយការណ៍ ចំពោះគ្រូពេទ្យណា ដែលមិនរើសអើងក្នុងការពិនិត្យ និងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋ អ្នកជំងឺដែលប្រើប្រាស់បណ្ណសមធម៌ និងបណ្ណ ប.ស.ស ។
ថ្លែងក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា ក្រសួងសុខាភិបាល ត្រូវធានាចំពោះពលរដ្ឋគ្រប់រូប ទាំងពលរដ្ឋ ដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ ឬបណ្ណ ប.ស.ស ត្រូវទទួលបានទាន់ពេល នូវសេវាសុខាភិបាល ដើម្បីចៀសវាងការថ្នាំថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលបានអនុវត្តគោលនយោបាយអាទិភាពចំពោះវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ។
ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ត្រង់ចំណុចនេះ ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ ករណីគ្រូពេទ្យរូបណា ដែលមិនបានយកចិត្តទុកដាក់ចំពោះខ្លួន ឬអ្នកប្រើប្រាស់បណ្ណសមធម៌ បណ្ណ ប.ស.ស ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ។ ចំណុចនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុរួចហើយ» ។
សម្តេចបវរធិបតី បានបន្ថែមថា តម្លៃកម្មវិធីគាំពារសង្គម មិនមែនស្ថិតនៅលើទិន្នន័យ ឬតម្លៃចំនួនថវិការយឺតយ៉ាវនេះទេ។ តម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋ ដែលជាអ្នកទទួលបានផល និងជាអ្នកផ្តល់ឲ្យ អ៊ីចឹងការគិតគូរពីគុណភាពសេវាព្យាបាល ជាការចាំបាច់ ទាំងថ្នាំ ទាំងឧបករណ៍ ទាំងកន្លែងព្យាបាលត្រូវមាន។ តម្លៃត្រូវមិនមែនត្រឹមកញ្ចប់ថវិការទេ គឺនៅពេលប្រជាពលរដ្ឋទៅព្យាបាល ត្រូវទទួលបានសេវាទាន់ពេលវេលា មានការយកចិត្តទុកដាក់ ដែលចំណុចនេះ គឺត្រូវតែយកចិត្តទុកដាក់យ៉ាងសំខាន់។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ក៏បានលើកឡើងថា ចំពោះការផ្តល់បណ្ណសមធម៌ ត្រូវតែធ្វើឲ្យបានម៉ត់ចត់ មានតម្លាភាព ដោយកុំឲ្យមានករណីទៅព្យាបាលផង តែធ្វើបណ្ណសមធម៌ ដើម្បីទទួលបានលុយ គឺអត់មានទេ។ លើសពីនេះ ត្រូវតែអនុវត្តឲ្យតឹងរឹងចំពោះអ្នក ដែលមិនបានអនុវត្តតាមគោលការណ៍ ឬអ្នកមានការគេងបន្លំតាមរូបភាពណាមួយ ។
សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ៖ «លុយសម្រាប់ជួយប្រជាពលរដ្ឋ ហើយសម្រាប់ត្រៀមបម្រុងជួយប្រជាពលរដ្ឋនៅពេលជួបការលំបាក ហើយបើសិនមូលដ្ឋាន ឬដៃគូរណាមិនអនុវត្ត គឺត្រូវចាត់វិធានការឲ្យតឹងរឹង តែម្តង។ យើងត្រូវទទួលស្គាល់ ១ដុល្លារ សម្រាប់មនុស្សម្នាក់ សម្រាប់ស្ត្រី ការបើកឲ្យចូលរួម នូវវិស័យឯកជន គឺជាកិច្ចការចាំបាច់» ។
សម្តេចបវរធិបតី បានបន្ថែមទៀតថា ត្រូវគ្រប់គ្រងថវិការ ត្រូវរៀបចំឲ្យចំគោលដៅ ហើយធានាឲ្យមានប្រសិទ្ធភាព មិនថា គ្រឹះស្ថានរដ្ឋ ឬគ្រឹះស្ថានឯកជន នោះទេ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់តួអង្គ ដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ តម្លាភាព និងការប្រព្រឹត្តិឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាធានាការជួយដល់ប្រជាពលរដ្ឋរបស់យើង បានដោយចីរភាព ៕






ចែករំលែកព័តមាននេះ