ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​វៀតណាម​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ង្វៀ​ន ម៉ិ​ញ​វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​ ឯកអគ្គរដ្ឋទូត ​បាន​សម្ដែង ​នូវ​ការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​សមិទ្ធផល​ជា​ច្រើន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​សម្រេច​បាន​នា​ពេល​កន្លង​មក មាន​ជា​អាទិ៍ ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ការ​អភិវឌ្ឍ​រីក​ចម្រើន​ដ៏​ខ្លាំងក្លា និងការ​លេច​ត្រដែត​ឡើង ​នូវ​កិត្យានុភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។

ឯកឧត្តម​បាន​បង្ហាញ​ នូវ​ជំនឿ​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី​ កម្ពុជា​នឹង​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ ឯកឧត្តម​អគ្គរដ្ឋទូត បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត លើ​វិស័យ​ជា​ច្រើន មាន​ជា​អាទិ៍​ ៖ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ ការពារ​ជាតិ​និង​សន្តិសុខ​ ទេសចរណ៍​ អប់រំ​ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កា​រត​ភ្ជាប់​រវាង​ប្រជាជន ​និង​ប្រជាជន ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី ​បាន​សម្ដែង​ការ​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនងជា​អ្នក​ជិតខាង​ល្អ​ មិត្ត​ជា​ប្រពៃណី និង​យូរអង្វែង ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ​។

សម្ដេច​បវរ​ធិ​បតី ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ឯកឧត្តម ​ឯកអគ្គរដ្ឋទូត ក្នុង​ការ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ​នៃ​ប្រទេស​ទាំង​ពីរ ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត និង​បាន​លើកទឹកចិត្ត​ឯកឧត្តម ​ឱ្យសហការ​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាន​ប័ន​ពាក់ព័ន្ធ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ