ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម សម្រេច​ឲ្យ​ព្រះរាជអាជ្ញា​រង ២​នាក់ ឈប់​សម្រាក​២​ឆ្នាំ ដោយ​គ្មាន​ប្រាក់បៀវត្សរ៍

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តម​ក្រុមប្រឹក្សា អង្គចៅក្រម សម្រេច​ឲ្យ​ព្រះរាជអាជ្ញា​រង ២​នាក់ ឈប់​សម្រាក​២​ឆ្នាំ ដោយ​គ្មាន​ប្រាក់បៀវត្សរ៍ ខណៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​រង…

រាជធានី​ភ្នំពេញ ៖ ឧត្តម​ក្រុមប្រឹក្សា អង្គចៅក្រម សម្រេច​ឲ្យ​ព្រះរាជអាជ្ញា​រង ២​នាក់ ឈប់​សម្រាក​២​ឆ្នាំ ដោយ​គ្មាន​ប្រាក់បៀវត្សរ៍ ខណៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​រង ព្រះរាជអាជ្ញា​មួយ​ចំនួន ត្រូវ​បាន​រង​ពិន័យ ដោយ​ផ្ទាល់មាត់ និង​លាយ​ល័​ក្ខ​អក្សរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម បាន​បើក​សម័យប្រជុំ លើក​ទី​៣៨ នៅ​ក្នុង​ព្រះ​បរមរាជវាំង ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ពិនិត្យ​សម្រេច និង​ពិគ្រោះ​យោបល់​បាន​ផ្តល់​យោបល់​យល់ព្រម លើ​សំណើ សុំ​របស់​ព្រះរាជអាជ្ញា​រង ទាំង ២​នាក់ មាន ៖ ទី​១-​អនុញ្ញាត​ឱ្យ​លោកស្រី ឆេ​ង ហាក់​ដឹង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ឈប់​សម្រាក​ដោយ​គ្មាន​បៀវត្សរ៍ រយៈពេល​២​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៤ ដល់​ថ្ងៃ ទី​៧ ខែមីនា ឆ្នាំ​២០២៦​។ ទី​២-​អនុញ្ញាត​ឱ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ឈប់​សម្រាក ដោយ​គ្មាន​បៀវត្សរ៍ រយៈពេល ២​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៧ ។

សម្រាប់​សម័យប្រជុំ លើក​ទី​៣៨​នេះ អង្គប្រជុំ បាន​សម្រេច​យល់ព្រម លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ នៃ​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​ពាក់ព័ន្ធ​នឹង​ករណី​ចៅក្រម ចំនួន ១៤​ករណី និង​ករណី​ព្រះរាជអាជ្ញា ចំនួន​៩​ករណី ដែល​ក្នុង​នោះ​ដាក់​វិន័យ​ក្រោម​រូបភាព ស្តីបន្ទោស​ដោយ​ផ្ទាល់មាត់​ចំនួន ៤​ករណី​, ស្តីបន្ទោស ដោយ​ចុះ​ក្នុង​សំណុំ​លិខិត​ផ្ទាល់ខ្លួន​ចំនួន ១១​ករណី​, ផ្អាក​មិន​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​តារាង​ដំឡើង​ថ្នាក់ ឬ​ឋានន្តរស័ក្តិ​មួយ​រយៈ តែ​មិន​ត្រូវ​ឱ្យ​លើស​ពី ២​ឆ្នាំ​ទេ ឬ​លុបឈ្មោះ​ចេញពី​តារាង​ដំឡើង​ថ្នាក់ ឬ​ឋានន្តរស័ក្តិ​វិញ ក្នុង​ករណី​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ ចំនួន ៣​ករណី​, ផ្លាស់​ដោយ​បង្ខំ ១​ករណី​, ផ្លាស់​ដោយ​បង្ខំ តម្រូវ​ឱ្យ​ទទួល ការ​បណ្តុះបណ្តាល​បន្ថែមចំនួន ២​ករណី​, ផ្លាស់​ដោយ​បង្ខំ​និង​ទម្លាក់​ឋានៈ ១​ករណី និង​ព្យួរ​ពី​ការងារ​មិន​ឱ្យ​មាន បៀវត្សរ៍ ក្នុង​រយៈពេល ៦​ខែ ១​ករណី ។

ជាមួយ​គ្នា​នេះ ក្នុង​ចន្លោះ​សម័យប្រជុំ លើក​ទី​៣៧ និង​លើក​ទី​៣៨ ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ក៏​បាន​ពិនិត្យ និង​សម្រេច លើ​វិន័យ​ការងារ​ចំពោះ ករណី​ព្រះរាជអាជ្ញា​រង ១​នាក់ ដោយ​សម្រេច​ដាក់​វិន័យ ក្រោម​រូបភាព បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា ផង​ដែរ​។ អង្គប្រជុំ​បាន​សម្រេច យល់ព្រម​លើ​ការ​ស្នើ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ប្រធាន អនុប្រធាន និង​ចៅក្រម នៃ​សាលា​ជម្រះក្តី មួយ​ចំនួន ដែល​ដល់​វេន ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ និង ដោយ​យោង​ទៅ​តាម​តម្រូវការ​ជាក់ស្តែង ក្នុង​នោះ​រួម​មាន ថ្នាក់​តុលាការ​កំពូល ចំនួន ៥​នាក់​, ថ្នាក់​សាលាឧទ្ធរណ៍​ចំនួន ១២​នាក់ និង​ថ្នាក់​សាលាដំបូង​រាជធានី​-​ខេត្ត ចំនួន ៥៦​នាក់​។ ជាមួយ​គ្នា​នេះ អង្គប្រជុំ​បាន​ផ្តល់​យោបល់​យល់ព្រម​លើ​សំណើ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង នៅ​ថ្នាក់​មហាអយ្យការ​អម​តុលាការ​កំពូល ១​នាក់​, ថ្នាក់​មហាអយ្យការ អម​សាលា ឧទ្ធរណ៍​ចំនួន ២​នាក់ និង​នៅ​ថ្នាក់​អយ្យការ អម​សាលាដំបូង​រាជធានី​-​ខេត្ត​ចំនួន ២១​នាក់​។ ធ្វើការ​កែសម្រួល និង​តែងតាំង​សមាសភាព ក្រុម​អធិការកិច្ច នៃ​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ដែល​មាន​សមាសភាព​សរុប​ចំនួន ២០​នាក់ ។

អង្គប្រជុំ​បាន​ផ្តល់​យោបល់​យល់ព្រម ចំពោះ​សំណើសុំ​ដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ តាម​វេន​អតីតភាព តាម​កម្រិត​សញ្ញាបត្រ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា សរុប​ទាំងអស់​មាន​ចំនួន ៣៧៨​នាក់ ក្នុង​នោះ ចំនួន ៣១២​នាក់ ត្រូវ​ស្នើ​តាម​វេន​អតីតភាព និង​ចំនួន ៦៦​នាក់ ត្រូវ​ស្នើ​តាម​កម្រិត​សញ្ញាបត្រ​។ អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម តាំងស៊ប់ ក្នុង​ក្របខ័ណ្ឌ ចៅក្រម ចំពោះ​ចៅក្រម​កម្មសិក្សា ចំនួន ៣៥​នាក់ និង​ចាត់​ឱ្យទៅ​បំពេញការងារ​នៅ​សាលាដំបូង​ខេត្ត ។

អង្គប្រជុំ បាន​ផ្តល់​យោបល់​យល់ព្រម លើ​សំណើសុំ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះ​រា ជ​អាជ្ញា ចំពោះ​ព្រះរាជអាជ្ញា​រង កម្មសិក្សា ចំនួន ២០​នាក់ និង​ចាត់​ឱ្យទៅ​បំពេញការងារ នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ