រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងកម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្ដែកម្ពុជាក៏ររក្សាសិទ្ធិក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា ។
ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាចង់បានសុខសន្តិភាព តែកម្ពុជាក៏អាចប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ ព្រមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរ ។
សម្តេចបវរធិបតីបន្ថែមថា៖ «កម្ពុជាចង់ដោះស្រាយសន្តិវិធី ប៉ុន្ដែកម្ពុជាក៏ររក្សាសិទ្ធិនៅក្នុងការការពារខ្លួន គ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា» ។
សម្ដេចបវរធិបតីបានបញ្ជាក់ទៀតថា រឿងព្រំដែនអ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះ រាជរដ្ឋាភិបាល គឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ ផ្អែកទៅលើការដោះស្រាយស្របទៅតាមច្បាប់ និងមូលដ្ឋានបច្ចេកទេសច្បាស់លាស់ ។
នាយករដ្ឋមន្ត្រីឱ្យនាំគ្នារក្សាសន្តិភាព ការពារទឹកដីឯករាជ្យភាពដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពញ្ញាក់ស្មារតីដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យឆាប់ជឿ តាមអ្វីដែលគេលើកឡើង ក្នុងចេតនាបំបែកបំបាក់ ផ្ទៃក្នុងរបស់កម្ពុជា ដោយឱ្យនាំគ្នា ធ្វើយ៉ាងណា ថែរក្សាសន្តិភាព ហើយការពារដែនអធិបតេយ្យភាពទឹកដី និងឯករាជ្យភាពតាមរយៈកុំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ។
សម្តេចបវរធិបតីបានរំលឹកនូវទុក្ខវេទនាដែលកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមជាហូរហែពោលប្រមាណ៥០០ឆ្នាំ ដែលធ្វើឱ្យកម្ពុជាមិនអាចស្វែងរកសន្តិភាព ។ ហេតុដូចនេះ សម្តេចធិបតីផ្តាំកុំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងបើកាលណាបែកបាក់សាមគ្គីផ្ទៃក្នុងនឹងធ្វើឱ្យប្រទេសជិតខាងឆ្លៀតឱកាសច្បាមយកនូវផលប្រយោជន៍ តួរយ៉ាងប្រវត្តិសាស្ត្រខ្មែរបានចងក្រងឱ្យស្វែងយល់ស្រាប់ បន្ទាប់ពីខ្មែរបែកបាក់ផ្ទៃក្នុង ធ្វើឱ្យខ្មែរកាន់តែចុះខ្សោយទៅៗ ។
សម្តេចបវរធិបតីមានប្រសាសន៍ថា៖ «ការស្វែងរកសន្តិភាព វាលំបាកណាស់ ប៉ុន្តែការថែរក្សា សន្តិភាព កាន់តែលំបាកជាងនេះទៅទៀត ទាមទារឱ្យកូនខ្មែរយើង ត្រូវយល់គ្នា ត្រូវយល់ពីកត្តា ប្រវត្តិសាស្ត្រ ដែលថាខ្មែរចុះខ្សោយ មិនមែនមកពីគេវាយលុកទេ ប៉ុន្តែកត្តាធំបំផុតទី១ គឺដោយសារ យើងបែងបាក់ វៃគ្នាផ្ទៃក្នុងសង្គ្រាមតាំងពីជំនាន់ក្រោយអង្គរ នឹងហើយដែលទុកឱកាស ឱ្យយើងកាន់តែខ្សោយទៅៗ ចឹងការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាពនៅក្នុងប្រទេស គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ»៕
ចែករំលែកព័តមាននេះ