ខេត្តកំពង់ចាម ៖ “សូមក្មួយៗដែលជាទំពាំងស្នងឬស្សីត្រូវចេះការពារខ្លួនឲ្យបានធ្វើយ៉ាងណាការពារខ្លួនឲ្យបានជៀសឲ្យផុតពីគ្រឿងញៀន ក្មេងទំនើងដែលសង្គមស្អប់ខ្ពើម សំខាន់ប្រែក្លាយជាពលរដ្ឋល្អក្នុងសង្គម”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត នាល្ងាចថ្ងៃទី១៨កុម្ភៈឆ្នាំ២០២៥ នៅក្នុងកម្មវិធីបើកជំរំយុវជនក្រោមប្រធានបទ”ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា” ដោយធ្វើឡើងក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្ចៅស្ថិតនៅក្នុងឃុំខ្ចៅ ស្រុកកងមាស។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: ការបោះជំរុំរបស់ក្រុមយុវជនមកពីតាមបណ្ដាស្រុកក្រុងនៅក្នុងខេត្តកំពង់ចាមដែលមានរាប់រយនាក់ នេះគឺដើម្បីបង្ហាញបទពិសោធន៍ពីគ្នាទៅវិញទៅមក ដូចទៅនឹងសុភាសិតដែលលើកឡើងថា”សម្លឆ្ងាញ់គ្រឿង”ដូច្នេះការបណ្ដុំយុវជនច្រើនគឺដើម្បីបង្ហាញពីបំណិនជីវិតរៀននៅសាលានិងការកសាងទំនាក់ទំនងល្អ សំខាន់ក្មួយៗត្រូវប្រឹងរៀនសូត្រដើម្បីអនាគតភ្លឺស្វាងគឺធ្វើយ៉ាងណារៀនដល់កម្រិតឧត្តមសិក្សាព្រោះថាប្រទេសជាតិត្រូវការធនធានមនុស្ស។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាក់ស្ដែងក្មួយៗដែលមកចូលរួមក្នុងកម្មវិធីនេះមានអ្នកខ្លះជំនាញខាងធ្វើម្ហូបអាហារ ដោយមានការប្រកួតប្រជែងដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃល្អ។ហើយសម្រាប់ពេលអនាគតបើក្មួយៗចេះជំនាញមុខម្ហូបនេះច្បាស់លាស់នោះតម្រូវការចុងភៅតាមកម្មវិធីនានា គេត្រូវការយើងដែលមានទឹកដីល្អ ដូច្នេះអាចនឹងជួយដោះស្រាយជីវភាពក្រុមគ្រួសារបាន។
ហើយកម្មវិធីបោះជំរុំនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដោយម្ដងធ្វើនៅស្រុកនេះម្ដងធ្វើនៅស្រុកនោះដោយមានការផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថានៅក្នុងអំឡុងឆ្នាំ ២០២០ ការបោះជំរំយុវជនជួបជុំគ្នារាប់រយនាក់បានធ្វើឡើងនៅស្រុកចំការលើគ្រានោ: ជំងឺកូវីតមានការឆ្លងបន្តិចបន្តួចតែអាជ្ញាធរមានការព្រួយបារម្ភខ្លាចឪពុកម្ដាយរបស់យុវជនមានការស្ដីបន្ទោស តែផែនការនេះបានដំណើរការទៅដោយរលូន មិនមានបញ្ហាចោទ ក្រោយមកទៀតពេលដែលជំងឺ covid ផ្ទុះឡើងខ្លាំងការបោះជំរំរបស់យុវជនត្រូវបានអាក់ខានរយៈពេល២ឆ្នាំរួមទាំងសាលារៀននានា ត្រូវបានបិទទ្វារសិស្សមិនបានរៀនសូត្រគឺមានសាលាខ្លះដោយរៀនតាមប្រព័ន្ធអនឡាញ។
តែដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំងប្រឆាំងជំងឺ covid 19 ទៅលើប្រជាពលរដ្ឋទូទាំងប្រទេសរហូតដល់អាចគ្រប់គ្រងស្ថានការណ៍ជំងឺនេះបានទាំងស្រុង ហើយអត្រាការឆ្លងគឺមានកម្រិតតិចតួច។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា ការបណ្ដុះពុទ្ធិលើកុមារាកុមារីគឺដោយចាប់ផ្ដើមពីថ្នាក់បឋមសិក្សាមកដល់វិទ្យាល័យ ដែលទាមទារឱ្យក្មួយៗខិតខំសិក្សារៀនសូត្រធ្វើយ៉ាងណាចាប់យកមុខជំនាញមួយឲ្យបានច្បាស់លាស់សម្រាប់អនាគតរបស់ខ្លួន។ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់ក្មួយៗដែលបានមកបោះជំរំរាប់រយនាក់នៅវិទ្យាល័យហ៊ុន សែនខ្ចៅ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យប្រែក្លាយជាកូនល្អសិស្សល្អ មិត្តល្អ នៅក្នុងសង្គម។
ពេលថ្មីៗនេះសម្ដេចបវរអធិបតី បានអញ្ជើញមកសម្ភោធសមិទ្ធផលនានាសាលារៀនមួយកន្លែងនៅក្នុងស្រុកកងមាស ជាមួយនោះ ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់ទិសទី។ហើយរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើវិស័យអប់រំសំដៅធ្វើយ៉ាងណាឲ្យមានការរីកចម្រើនមិនចាញ់ប្រទេសជិតខាង ៕











ចែករំលែកព័តមាននេះ