ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក,​រុស្ស៊ី​យល់​ព្រម​កែ​លម្អ​ទំនា​ក់​ទំនង​ក្រោយ​កិច្ច​ជំនួប​លើក​ទី​មួយ

3 ថ្ងៃ មុន

ទី​ក្រុង​រីយ៉ាត៖ ​អាមេរិក និង​រុស្ស៊ី​បាន​ឯក​ភាព​គ្នា​ថា​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ និង​យល់​ព្រម​កែ​សម្រួល​ទំនាក់​ទំនង​ទ្វេ​ភាគី​អាមេរិក-រុស្ស៊ី​ឡើង​វិញ​បន្ទាប់​ពី​ទំនាក់​ទំនង​នេះ​ធ្លាក់​ចុះ​ខ្លាំង​ដោយ​សារ​សង្គ្រាម​អ៊ុយ​ក្រែន និង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីយ៉ូ ថ្លែង​ថា​ភាគី​ទាំង​២​ឯក​ភាព​លើ​៣​ចំណុច​សំខាន់​ៗ។​ ទី​១​-​បញ្ជូន​បុគ្គលិក​ទូត​ទៅ​បំពេញ​ការ​ងារ​នៅ​ម៉ូស្គូ និង​វ៉ាស៊ីនតោន​​ឱ្យ​បាន​ពេញ​លេញ​ឡើង​វិញ,…

ទី​ក្រុង​រីយ៉ាត៖ ​អាមេរិក និង​រុស្ស៊ី​បាន​ឯក​ភាព​គ្នា​ថា​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ និង​យល់​ព្រម​កែ​សម្រួល​ទំនាក់​ទំនង​ទ្វេ​ភាគី​អាមេរិក-រុស្ស៊ី​ឡើង​វិញ​បន្ទាប់​ពី​ទំនាក់​ទំនង​នេះ​ធ្លាក់​ចុះ​ខ្លាំង​ដោយ​សារ​សង្គ្រាម​អ៊ុយ​ក្រែន និង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីយ៉ូ ថ្លែង​ថា​ភាគី​ទាំង​២​ឯក​ភាព​លើ​៣​ចំណុច​សំខាន់​ៗ។​

ទី​១​-​បញ្ជូន​បុគ្គលិក​ទូត​ទៅ​បំពេញ​ការ​ងារ​នៅ​ម៉ូស្គូ និង​វ៉ាស៊ីនតោន​​ឱ្យ​បាន​ពេញ​លេញ​ឡើង​វិញ, ទី​២-​បង្កើត​ក្រុម​ចរ​ចា​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​ និង​ទី​៣-​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច និង​នយោបាយ​រវាង​រុស្ស៊ី និង​អាមេរិក​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន​។ លោក​រូប៊ីយ៉ូ​រំលឹក​​ថា​កិច្ច​ជំនួប​លើក​ទី​១​នេះ​គ្រាន់​តែ​ជា​ជំនួប​បឋម​។ ដូច្នេះ នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវ​រ៉ូស​ ក៏​និយាយ​ស្រដៀង​គ្នា​ដែរ​។ ​លោក​​ថា​កិច្ច​ជំនួប​នេះ​មាន​សារៈ​សំខាន់​បំផុត​។ នៅ​ក្នុង​ជំនួប​នោះ​ ខាង​ភាគី​អាមេរិក​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស​​, ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​​ និង​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា​។ ចំណែក​ខាង​រុស្ស៊ី​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​ទី​ប្រឹក្សា​របស់​លោក​ពូទីន​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​។​

នៅ​ក្នុង​ជំនួប​នោះ​គ្មាន​វត្ត​មាន​របស់​​​អ៊ុយ​ក្រែន​ចូល​រួម​ទេ​។ ហេតុ​ដូច្នេះ​តាំង​ពី​មុន​កិច្ច​ជំនួប​នេះ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ប្រកាស​មិន​ទទួល​ស្គាល់​តាំង​ពី​ដើម​ទី​។ លោក​ថា​លោក​​​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ដែល​គ្មានអ៊ុយ​ក្រែន​ចូល​រួម​។ លោក​​​ក៏​លុប​ចោល​គម្រោង​ធ្វើ​ដំណើរទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ផង​ដែរ​ និង​​លើក​ទៅ​ខែ​មីនា​វិញ​។​

នៅ​ពេល​អាមេរិក និង​រុស្ស៊ី​ខិត​ជិត​គ្នា​ ​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​ថា​ខ្លួន​អាច​នឹង​នៅ​ខាង​ក្រៅ​សង្វៀន​​​។ លោក​ត្រាំ​ចាប់​ផ្ដើម​អស់​ភាព​អត់​ធ្មត់​ចំពោះ​អាកប្ប​កិរិយា​របស់​ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​ដែល​ចេញ​មុខ​ជំទាស់​នឹង​ផែន​ការ​ចរ​ចា​គ្នា​​ជា​ចំហ​។ លោក​ត្រាំ​ថ្លែង​ថា​អ៊ុយ​ក្រែន​មិន​គួរ​បណ្ដោយ​ឱ្យ​សង្គ្រាម​នេះ​កើត​ឡើង​ទេ​។ តាម​ត្រូវ​ អ៊ុយ​ក្រែន​គួរ​ណាស់​កាត់​ដី​ខ្លះ​ឱ្យ​រុស្ស៊ី​តាំង​ពី​មុន​នោះ​ទៅ​ទៀត​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។​ អ៊ុយ​ក្រែន​គួរ​ណាស់​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​រុស្ស៊ី​តាំង​ពីច្រើន​ឆ្នាំ​មក​ហើយ​។​


ការ​កែ​សម្រួល​ទំនាក់​ទំនង​អាមេរិក-​រុស្ស៊ី​ឡើង​វិញ​
ទំនាក់​ទំនង​អាមេរិក-រុស្ស៊ី​ចាប់​ផ្ដើម​ធ្លាក់​ចុះ​​បន្ទាប់​ពី​រុស្ស៊ី​ដាក់​បញ្ចូល​តំបន់​គ្រីម៉េ​ជា​ទឹក​ដី​របស់​ខ្លួន​។ ទំនាក់​ទំនង​នេះ​កាន់​តែ​ធ្លាក់​​ចុះ​បន្ថែម​ទៀត​នៅ​ពេលរុស្ស៊ី​វាយ​ប្រហារ​​​អ៊ុយ​ក្រែន​ និង​នៅ​ពេល​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ព្រួត​គ្នា​​​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ទៅ​លើ​រុស្ស៊ី​។ ប្រទេស​ទាំង​២​ក៏​បាន​បណ្ដេញ​បុគ្គលិក​ស្ថាន​ទូត​គ្នា​ទៅ​វិញ​ទៅ​មក​អស់​ជា​ច្រើន​ផង​ដែរ។​ ​ដូច្នេះ​នៅ​ថ្ងៃ​នេះ លោក​រូប៊ីយ៉ូ​យល់​ថា​​នៅ​ពេល​សង្គ្រាម​អ៊ុយ​ក្រែន​បញ្ចប់​ទៅ​វិញ ទំនាក់​ទំនង​នេះ​ក៏​អាច​នឹង​កែ​សម្រួល​ឡើង​វិញ​ផង​ដែរ​។

កិច្ច​ជំនួប​នៅ​អារ៉ាប៊ី​សាអូឌីត​នោះ​ជា​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ជំនួប​កំពូល​ត្រាំ-​ពូទីន​នា​ពេល​អនា​គត​។ ទោះ​បី​ប្រទេស​ទាំង​២​ចង់​ពន្លឿន​ការ​ចរ​ចា​គ្នា​ឱ្យ​បាន​ឆាប់​ ​​រុស្ស៊ី និង​អាមេរិក​យល់​ថា​គេ​ត្រូវ​ការ​ពេល​វេលា​។ ​ទី​ប្រឹក្សា​របស់​លោក​ពូទីន​យល់​ថា​ជំនួប​កំពូល​មិន​អាច​កើត​ឡើង​នៅ​អាទិត្យ​ក្រោយ​ទេ​។ ចំណែក​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក​យល់​ថា​ប្រហែល​ជា​ប៉ុន្មាន​អាទិត្យ​ទៀត​ទើប​អាច​ទៅ​រួច​។


ក្រុម​សម្ព័ន្ធ​មិត្ត​​​បារម្ភ​ថា​ខ្លួន​គ្មាន​ចំណែក​ក្នុង​ការ​ចរ​ចា​​
​ជា​ការ​ពិត​ ​ពិភព​លោ​កចង់​ឃើញ​សង្គ្រាម​អ៊ុយ​ក្រែន​បិទ​បញ្ចប់​ទៅ​វិញ​នៅ​​ពេល​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​ករណី​​​លោក​ត្រាំ​និយាយ​​ទូរ​ស័ព្ទ​ជា​មួយ​លោក​ពូទីន​ និង​ចាប់​ផ្ដើម​ចរ​ចា​គ្នា​​ទាំង​ប្រញាប់​ប្រញាល់​​​បែប​នេះ​ធ្វើ​ឱ្យ​ពួក​អឺរ៉ុប​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ព្រោះ​សភាព​​ការណ៍​ប្រែ​ប្រួល​លឿន​ពេក​។ ពួក​គេ​យល់​ថា​​​ជោគ​វាសនា​របស់​អ៊ុយ​ក្រែន​ក៏​ពាក់​ព័ន្ធ​នឹង​ជោគ​វាសនា​របស់​ខ្លួន​ដែរ​។

ប៉ុន្តែ​ខ្លួន​ប្រហែល​ជា​ត្រូវ​ស្ថិត​នៅ​ខាង​ក្រៅ​សង្វៀន​​​ព្រោះ​សូម្បី​តែ​លោក​ត្រាំ​និយាយ​ទូរ​ស័ព្ទ​ក៏​មិន​បាន​ប្រាប់​ពួក​គេ​សូម្បី​តែមួយ​​ម៉ាត់​​។​ ​ក្រសួង​ការ​បរទេស​អាមេរិក​​បញ្ជាក់​ថា​​​​​នេះ​​គ្រាន់​តែ​ជំនួប​បឋម​ដើម្បី​ស្ទាប​ស្ទង់​ចិត្ត​គ្នា​​​តែ​ប៉ុណ្ណោះ​។ ជា​ពិសេស​ អាមេរិក​ចង់​ដឹង​ថា​តើ​រុស្ស៊ី​មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​កម្រិត​ណា​ និង​ថា​តើ​ដំណើរ​ការ​ចរ​ចា​គ្នា​ជា​ផ្លូវ​ការ​អាច​ចាប់​ផ្ដើម​នៅ​ពេល​ណា​។

លោក​រូប៊ី​យ៉ូ​យល់​ថា​ដើម្បី​ចរចា​ឆាប់​ត្រូវ​គ្នា​​លុះ​ត្រា​តែ​ភាគី​ទាំង​អស់​យល់​ព្រម​ធ្វើ​សម្ប​ទាន​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ឥឡូវ​នេះ ខាង​ភាគី​អាមេរិក​ប្រកាស​ពី​ការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក​ពូទីន​ហើយ​។ អាមេរិក​ថា​អ៊ុយ​ក្រែន​​គ្មាន​ផ្លូវ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ទេ ហើយ​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​រុស្ស៊ី​កំពុង​កាន់​កាប់​នោះ​មិន​សង្ឃឹម​ថា​អាច​យក​មក​វិញ​ទេ​​។ សំខាន់​កុំ​ឱ្យ​តែ​បាត់​បង់​ដី​ថែម​ទៀត​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ