ខេត្តសៀមរាប ៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកំពុងឆាបឆេះ ខណៈពេលនោះលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងអគ្គិភ័យ និងកម្លាំងចរាចរណ៍ផ្លូវគោកចុះទៅអន្តរាគមន៍ពន្លត់ភ្លាមៗ ។

ហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដើមឈើ បង្កឱ្យភ្លើងឆាបឆេះរថយន្ដម៉ាក Highlander ០១គ្រឿងនោះបានកើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៧និង០០នាទីយប់ ស្ថិតនៅចំណុចភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់នៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដើមឈើ ( ដើមត្រសេក) បង្កឱ្យភ្លើងឆាបឆេះរថយន្ដម៉ាក Highlander ០១ គ្រឿង នោះក្រុមការងារយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ស្មើនឹងទឹកចំណុះ៦,០០០លីត្រ ។
លោកបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះខាងលើនេះ ត្រូវបានរលត់ជាស្ថាពរ ទៅវិញ នៅវេលាម៉ោង០៧និង៥៧នាទីយប់ ថ្ងៃខែឆ្នាំដដែល ។

តាមរយៈកិច្ចសហការជាមួយក្រុមការងារជំនាញបច្ចេកទេស ពិនិត្យវិភាគកន្លែងកើតហេតុ និងចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ក្រុមការងារយើងសន្និដ្ឋានថា មូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដើមឈើ (ដើមត្រសេក) ។

សូមបញ្ជាក់ថា ក្នុងករណីនេះមិនមានមនុស្សនៅក្នុងរថយន្តពេលកំពុងឆាបឆេះ ឬបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះទេ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើងកំពុងបន្តស្រាវជ្រាវស្វែករកម្ចាស់កម្មសិទ្ធិរថយន្ត ដើម្បីឱ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕







ចែករំលែកព័តមាននេះ