ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ សង្ស័យឈ្លោះគ្នាជាមួយប្ដី បានដឹកដៃកូនប្រុសអាយុ៤ឆ្នាំម្នាក់ ដើរចុះទឹកសមុទ្រ រួចធ្វើសកម្មភាពសង្កត់ជ្រមុជក្បាលកូនប្រុសចូលទៅក្នុងទឹកសមុទ្រ ធ្វើឱ្យកុមាររូបនោះត្រដរខ្យល់ បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ ក៏មានបុរសម្នាក់ដែលជាភ្ញៀវទេសចរអង្គុយក្បែរកន្លែងកើតហេតុ បាទស្ទុះលោតទៅជួយសង្គ្រោះ ដណ្ដើមក្មេងរងគ្រោះពីម្ដាយ ហើយក៏បានប្ដឹងទៅសមត្ថកិច្ចដើម្បីនាំខ្លួនស្ត្រីដែលជាម្ដាយយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់លេខ4។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅក្បែរកន្លែងកើតហេតុកាលពីវេលាម៉ោង១២និង២៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2025 នៅចំណុចឆ្នេរសមុទ្រឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្ត្រីជាម្តាយមិនស្គាល់ឈ្មោះនោះទេ មានអាយុ33ឆ្នាំ មានសតិមិនសូវល្អ រីឯកូនប្រុស មានអាយុ4ឆ្នាំ។
តាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញស្ត្រីរូបរាងស្អាតបាតម្នាក់ បានបណ្ដើរកូនប្រុសម្នាក់អាយុប្រហែល4ទៅ5ឆ្នាំ មកឈរត្រង់ចំណុចឆ្នេរអូរឈើទាល លុះមួយសន្ទុះក្រោយមកគេឃើញស្ត្រីរូបនោះបានដឹកដៃកូនប្រុសចុះសំដៅក្នុងទឹករួចបានធ្វើសកម្មភាពសង្កត់ជ្រមុជក្បាលក្មេងប្រុសចូលទៅក្នុងទឹក ធ្វើឱ្យកុមាររូបនោះត្រដរខ្យល់ ។ បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ មានបុរសម្នាក់ដែលជាភ្ញៀវទេសចរណ៍អង្គុយក្បែរកន្លែងកើតហេតុ បាទស្ទុះលោតទៅជួយសង្គ្រោះដណ្ដើមកុមាររងគ្រោះពីស្ត្រីជាម្ដាយ ហើយក៏បានប្ដឹងទៅសមត្ថកិច្ចដើម្បីនាំខ្លួនស្ត្រីដែលជាម្ដាយយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់លេខ 4។
ដោយឡែក យោងតាមប្រភពសាក្សីផ្សេងទៀតដែលបានស្គាល់ស្ត្រីជាម្ដាយខ្លះៗបានបង្ហើបថា ស្ត្រីដែលជាម្ដាយរូបនេះ មានប្ដីជាជនជាតិចិន ហើយកុមាររងគ្រោះនេះគឺជាឈាមជ័ររបស់ប្ដីជនជាតិចិន ជាញឹកញាប់គេតែងឃើញស្ត្រីរូបនេះឈ្លោះប្រកែកជាមួយប្ដីជនជាតិចិនក្រោយពីសុំលុយប្ដីពុំបាន។
តាមប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុ ស្ត្រីរូបនេះក៏បានឈ្លោះជាមួយប្ដីជនជាតិចិនព្រោះតែសុំលុយមិនបាន ។ ដោយខឹងនឹងប្ដី ស្ត្រីរូបនេះក៏បានសម្រេចចិត្តយកកូនប្រុសមកជ្រមុជទឹកសមុទ្របំណងសម្លាប់ដើម្បីបញ្ឈឺចិត្តប្ដី ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅភ្ញៀវទេសចរណ៍ជួយសង្គ្រោះទាន់ពេលវេលា។
ជុំវិញរឿងរ៉ាវខាងលើនេះផងដែរ សមត្ថកិច្ចសង្កាត់លេខ 4 បានគូសបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលសង្កាត់លេខ 4 បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលដោយបាននាំខ្លួនស្ត្រីជាម្ដាយមកកាន់នគរបាលសង្កាត់លេខ 4 ធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរនៅវេលាទៀបភ្លឺថ្ងៃដដែល សមត្ថកិច្ចបានដោះលែងស្ត្រីជាម្ដាយឱ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញបន្ទាប់ពីធ្វើកិច្ចសន្យាឱ្យឈប់សកម្មភាពដែលជាអំពើល្មើសច្បាប់ ។
បច្ចុប្បន្នកុមារារងគ្រោះត្រូវបានអង្គការការពារកុមារប្រគល់ជូនជីដូនយកទៅថែរក្សា ៕











ចែករំលែកព័តមាននេះ