ខេត្តកំពង់ចាម ៖ កាលមុននេះ ក្រសួងសុខាភិបាលបានរកឃើញជាបន្តបន្ទាប់ ពីការឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ដែលបានសម្លាប់ប្រជាពលរដ្ឋមិនថា ក្មេងឬចាស់នោះទេ ។

ជាក់ស្ដែង បុរសម្នាក់អាយុ២៨ឆ្នាំ ដែលជាអ្នកស៊ីឈ្នួលចាំចម្ការឲ្យគេនៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ បានឆ្លងជំងឺផ្ដាសាយបក្សីដោយពុំដឹងខ្លួន និងបានស្លាប់គ្រាដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ហើយភូមិសាស្ត្រឃុំនេះត្រូវបានហ៊ុមព័ទ្ធចំនួន២១ថ្ងៃធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាព តែមិនរកឃើញមានអ្នកឆ្លងបន្តទៀតនោះឡើយ ។

លោក នង ម៉េងហៀង ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មន្ទីរកសិកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅកាន់ភូមិ២២ភ្លាមៗ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី បង្ការកុំឲ្យឆ្លងទៅសត្វដទៃនិងមនុស្ស ។ លោកប្រធានការិយាល័យរូបនេះ បានរំឭកថា បុរសម្នាក់ដែលស៊ីឈ្នួលចាំចម្ការឲ្យគេ បានកាប់មាន់មួយក្បាលចម្អិនធ្វើម្ហូបទទួលទានតែម្នាក់ឯង ។

ក្រោយមក បុរសរូបនេះ មានអាការៈគ្រុនក្តៅ ក៏ត្រូវបាននាំមកមណ្ឌលសុខភាព តែដោយស្ថានភាពជំងឺកាន់តែធ្ងន់ ក្រុមសាច់ញាតិក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តែក៏បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី(H5N1) ។ លោក នង ម៉េងហៀង ថ្លែងថា ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចាត់ឱ្យរូបលោកដឹកនាំកម្លាំងជាច្រើននាក់ទៅកាន់ផ្ទះរបស់បុរសដែលស្លាប់ដោយជំងឺផ្តាសាយបក្សីនៅភូមិ២២ តាំងពីព្រឹកព្រលឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។ នៅពេលទៅដល់ទីនោះឃើញថា ផ្ទះនេះស្ថិតនៅដាច់ពីភូមិតែឯង គឺបុរសដែលស្លាប់នេះ ជាអ្នកស៊ីឈ្នួលមើលចម្ការដំណាំឲ្យគេ ។ ក្នុងបរិវេណផ្ទះនោះឃើញមាន មាន់ ទា និងក្ងាន ដែលចិញ្ចឹមជាលក្ខណៈគ្រួសារសម្រាប់ធ្វើម្ហូបទទួលទាន ។

កាលពីប៉ុន្មានថ្ងៃមុន បុរសអ្នកជំងឺនេះបានយកមាន់ដែលឈឺធ្វើម្ហូបទទួលទាន ក្រោយមកក៏មានអាការៈក្តៅខ្លួន ហើយត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅថ្ងៃទី៨ ខែមករា ។ ប៉ុន្តែដោយស្ថានភាពជំងឺមានលក្ខណៈធ្ងន់ ក៏ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ តែមិនអាចសង្គ្រោះបានព្រោះជំងឺមានសភាពធ្ងន់ណាស់ទៅហើយ ។ តាមរយៈការធ្វើតេស្តឃើញថា បុរសនេះមានជំងឺផ្ដាសាយបក្សីដែលឆ្លងពីសត្វ ។

ដោយទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត នាព្រឹកព្រលឹមថ្ងៃទី១០ ខែមករានោះ កម្លាំងបសុពេទ្យដែលបានទៅដល់ទីតាំងផ្ទុះផ្ដាសាយបក្សីនេះ បានធ្វើការហ៊ុមព័ទ្ធបាញ់ថ្នាំសម្លាប់មេរោគ ហើយមាន់ ទានិងក្ងាន ដែលមានជាង១០ក្បាល ត្រូវបានសម្លាប់និងដាក់ថ្នាំដុតបំផ្លាញចោលតាមលក្ខណៈបច្ចេក ទេសត្រឹមត្រូវ ដើម្បីជៀសវាងកុំឲ្យមេរោគនេះរីកសាយភាយទៅកន្លែងផ្សេង។លោកប្រធានការិយាល័យបញ្ជាក់ថា រូបលោកបានដឹកនាំមន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្ទះចាំចម្ការ និងតាមដងផ្លូវជាច្រើនកន្លែងនៅក្នុងភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ។

ជាមួយនេះ ក៏មានការផ្សព្វផ្សាយតាមរយៈខិត្តប័ណ្ណដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ។ ក្នុងករណីបើមានមាន់ ទាឈឺ មិនត្រូវយកមកធ្វើម្ហូបចម្អិនទទួលទាននោះទេ ។ គួររំឭកថា នៅក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ កាលពីប៉ុន្មានឆ្នាំមុនក៏មានបុរសម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សីនេះដែរ ។ ក្រៅពីបុរសនេះឆ្លងផ្ដាសាយបក្សី ក៏មានបុរសម្នាក់ទៀតមានអាការៈក្តៅខ្លួន ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ តែក្រោយពេលពិនិត្យដិតដល់ឃើញថា បុរសនេះមិនមានឆ្លងជំងឺផ្ដាសាយបក្សីទេ ៕




ចែករំលែកព័តមាននេះ