ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករជប៉ុនបំបែកឯតទគ្គកម្មពិភពលោក ការប្រកួតដើរចម្ងាយ២០គីឡូម៉ែត្រ

2 ថ្ងៃ មុន

ប្រទេសជប៉ុន ៖ កីឡាករជប៉នុ Toshikazu Yamanishi បានបំបែកឯតទគ្គកម្មពិភពលោកក្នុងការប្រកួតដើរ ឬ Race Walk ចម្ងាយ២០គីឡូម៉ែត្រផ្នែកបុរស…

ប្រទេសជប៉ុន ៖ កីឡាករជប៉នុ Toshikazu Yamanishi បានបំបែកឯតទគ្គកម្មពិភពលោកក្នុងការប្រកួតដើរ ឬ Race Walk ចម្ងាយ២០គីឡូម៉ែត្រផ្នែកបុរស ដោយបានប្រើថិរវេលា ១ម៉ោង ១៦នាទី និង ១០វិនាទី នៅឯការប្រកួតព្រឹត្តិការណ៍រៀបចំឡើងនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយពីគេហទំព័រ World Athletics និងសារព័ត៌មានជប៉ុនក្យូដូ (Kyodo) ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាចាស់របស់មិត្តរួមជាតិរបស់ខ្លួន កីឡាករ Yusuke Suzuki កាលពីឆ្នាំ ២០១៥ ត្រឹម២៦វិនាទីតែប៉ុណ្ណោះ។ នៅលើផ្លូវប្រកួតក្នុងទីក្រុងកូបេ (Kobe) ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន តាមពិតទៅ Yamanishi អាចបំបែកកំណត់ត្រាបានជិតមួយនាទីឯណោះ ប៉ុន្តែកីឡាកររូបនេះបានបន្ថយល្បឿនដើរដើម្បីជជែក និងផ្លាស់ប្តូរស្នាមញញឹមជាមួយគូប្រកួតជាច្រើននាក់របស់ខ្លួន អំឡុងពេលសល់១គីឡូម៉ែត្រចុងក្រោយ។

កីឡាករ Yamanishi គឺជាអត្តពលិកកីឡាដើរដ៏ល្បីរបស់ប្រទេសជប៉ុន។ រូបគេបានឈ្នះពានរង្វាន់ និងមេដាយជាច្រើនដោយក្នុងនោះរួមទាំង មេដាយប្រាក់ព្រឹត្តិការណ៍ជើងឯកអាស៊ីឆ្នាំ ២០១៨ និងឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ ២០១៩ និង ២០២២ ផងដែរ។ ចំណែកឯនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ Yamanishi ដណ្តើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។

ក្រោយបានបំបែកឯតទគ្គកម្មពិភពលោករួចហើយ Yamanishi បានថ្លែងថា «ខ្ញុំរីករាយដែលថិរវេលាជ័យជម្នះបាននៅខាងខ្ញុំថ្ងៃនេះ។ ខ្ញុំធ្វើមិនបានល្អនៅដំបូងៗ ប៉ុន្តែខ្ញុំអាចកែប្រែ ដើម្បីស្វែងរកចង្វាក់ដើរត្រឹមត្រូវមកវិញ។ សម្រាប់ខ្ញុំ នៅពេលខ្ញុំរៀបចំផែនការ មិនថាមានរឿងអ្វីកើតឡើងក្នុងការប្រកួតនោះទេ ខ្ញុំតែងតែកំណត់គោលដៅសម្រាប់កំណត់ត្រាពិភពលោក»។

ដោយឡែក សម្រាប់វិញ្ញាសាការប្រកួតដើរចម្ងាយ២០គីឡូម៉ែត្រផ្នែកនារី កីឡាការិនីជប៉ុន Nanako Fujii ក៏បានបំបែកឯតទគ្គកម្មថ្នាក់ជាតិផងដែរ ដោយបានប្រើថិរវេលា ១ម៉ោង ២៦នាទី និង ៣៣វិនាទី បំបែកកំណត់ត្រាចាស់ កីឡាការិនី Kumiko Okada កាលពីឆ្នាំ ២០១៩ ដោយបានប្រើថិរវេលា ១ម៉ោង ២៧នាទី និង ៤១វិនាទី។ ឯតទគ្គកម្មពិភពលោក សម្រាប់ការប្រកួតដើរចម្ងាយ២០គីឡូម៉ែត្រផ្នែកនារី នៅតែកាន់កាប់ដោយកីឡាការិនីចិន Yang Jiayu ដោយបានប្រើថិរវេលា ១ម៉ោង ២៣នាទី និង ៤៩វិនាទី កាលពីឆ្នាំ ២០២១៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ