ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី 17 កុម្ភៈ ក្រុមប្រជាកសិករម្ចាស់ស្រូវ និងឈ្មួញរកស៊ីទិញស្រូវរាប់សិបនាក់បានលើកគ្នាទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ធ្វើការទាមទារឲ្យសមត្ថកិច្ចច្រក ជាពិសេសម្ចាស់បេនស្រូវ ធ្វើការដោះស្រាយជូនពួកគាត់ ដែលរងគ្រោះដោយសារចាញ់បោកឈ្មួញវៀតណាមម្នាក់ ប្រមូលទិញស្រូវពីពួកគាត់បានជាង 1200 តោន រួចរត់គេចខ្លួនបាត់មិនឲ្យលុយ។
ក្រុមឈ្មួញខ្មែរទាំងអស់នោះបានរៀបរាប់ប្រាប់ថាឈ្មួញវៀតណាមដែលទិញស្រូវបោកប្រាស់មិនឱ្យលុយនោះមានឈ្មោះ ប៊ួយ ឡឺម អាស័យដ្ឋានមិនស្គាល់ ( នៅវៀតណាម ) ចំណែកឯក្រុមឈ្មួញខ្មែរដែលបានចាញ់បោកឈ្មួញវៀតណាម្នាក់នេះមានចំនួន 27 នាក់ ហើយស្រូវដែលបានចាញ់បោកគេមានចំនួន ១២៧៣ តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង 1.200 លានរៀល។
លោក ជួប សារុន ជាឈ្មួញទិញស្រូវម្នាក់ក្នុងចំណោមឈ្មួញទាំងអស់ដែលបានចាញ់បោកគេបានរៀបរាប់ប្រាប់ថា ពួកគាត់ដើរប្រមូលទិញស្រូវពីកសិករម្ចាស់ស្រែ យកមកលក់ឲ្យឈ្មួញវៀតណាម នៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីនេះ ( បេនក្នុងដីវៀតណាម ) ច្រើនឆ្នាំមកហើយមិនដែលមាន បញ្ហាអ្វីទេ។
នៅថ្ងៃទី 1 មករា ឆ្នាំ 2025 ពួកគាត់បានដឹកស្រូវយកមកលក់ឲ្យឈ្មួញវៀតណាម ដោយឆ្លងព្រំដែន ចូលទៅលក់ក្នុងបេនស្រូវ ខាងដីវៀតណាម ហើយឈ្មួញវៀតណាមឈ្មោះ ប៊ួយ ឡឺម ដែលជាអ្នកទទួលទិញ បានចេញក្រដាសបុងអោយមកដកលុយនៅខាងដីខ្មែរដូចធម្មតា ប៉ុន្តែពេលមកដកលុយខាងដីខ្មែរស្រាប់តែដកមិនបាន ពេលទូរសព្ទ័ទៅសួរ ឈ្មួញវៀតណាមឈ្មោះ ប៊ួយឡឺម ក៏ប្រាប់ថា សុំជំពាក់មួយថ្ងៃសិនចាំស្អែកចាំវេរលុយឱ្យ ហើយឈ្មួញខ្មែរផ្សេងៗទៀតដែលដឹកស្រូវយកទៅលក់ឲ្យតាមក្រោយក៏ត្រូវគេប្រាប់ថា ចាំស្អែកចាំវេរលុយឱ្យដូចគ្នា ប៉ុន្តែជាលទ្ធផលស្អែកហើយស្អែកទៀតរហូតដល់ថ្ងៃទី 8 មករា ទូរសព្ទ័របស់ឈ្មួញឈ្មោះ ប៊ួយ ឡឺម ក៏ទាក់ទងលែងបានតែម្តង។
ក្រុមឈ្មួញខ្មែរទាំងនេះបានបញ្ជាក់ថាក្រោយពេលដឹងថាចាញ់បោកឈ្មួញវៀតណាមហើយ ពួកគាត់ក៏នាំគ្នាទៅជួបថៅកែបេនស្រូវឈ្មោះ យាយធី និងកូនប្រសារឈ្មោះ ពៅ ដា សូមឲ្យជួយដោះស្រាយប៉ុន្តែថៅកែបេនឆ្លើយថា រវល់គ្មានពេលជួយដោះស្រាយទេ ទើបពួកគាត់ប្ដឹងសមត្ថកិច្ចច្រកទ្វារព្រំដែនបន្ទាយចក្រីអោយជួយ ប៉ុន្តែសមត្ថកិច្ចច្រកបន្ទាយចក្រី បានប្រាប់ឲ្យប្ដឹងទៅខាងសមត្ថកិច្ចស្រុកវិញ លុះពេលទៅប្តឹងទៅនគរបាលស្រុក ក៏ពុំទទួលបានលទ្ធផលដោយមកដល់ពេលនេះជាងមួយខែទៅហើយ។
ក្រុមឈ្មួញទាំងនោះបានត្អូញត្អែរថា ពួកគាត់ចុះប្រមូលទិញស្រូវពីកសិករម្ចាស់ស្រែ គឺមិនទាន់ឲ្យលុយម្ចាស់ស្រូវទេ ដោយយកស្រូវទៅលក់ឲ្យវៀតណាមបានលុយ ទើបយកលុយទៅប្រគល់ឲ្យកសិករម្ចាស់ស្រូវវិញ ប៉ុន្តែពេលនេះឈ្មួញវៀតណាមបោកប្រាស់យកស្រូវទៅអស់មិនឱ្យលុយ ឯកសិករម្ចាស់ស្រែនាំគ្នាប្ដឹងទារលុយពីពួកគាត់គ្រប់គ្នា ពួកគាត់កំពុងតែវេទ្ទនាខ្លាំងណាស់ ដូច្នេះពួកគាត់ជាក្រុមឈ្មួញទាំង 27 នាក់នេះបានសម្រេចចិត្តទុករយ:ពេលអោយមួយខែទៀត បើម្ចាស់បេនស្រូវ ឬក៏សមត្ថកិច្ចខាងខ្មែរ មិនអាចជួយដោះស្រាយជូនពួកគាត់បានទេ ពួកគាត់នឹងនាំគ្នាយករថយន្តធំៗបិទផ្លូវជាតិតែម្តង ព្រោះពួក គាត់គ្មានលុយសងកសិករម្ចាស់ស្រូវនោះទេ។
ជុំវិញបញ្ហានេះ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានឲ្យដឹងថា ក្រុមឈ្មួញខ្មែរទាំងអស់នេះ ពិតជាបានចាញ់បោកឈ្មួញវៀតណាមឈ្មោះប៊ួយ ឡឺម ពិតប្រាកដមែន ហើយសំណុំរឿងនេះខាងសមត្ថកិច្ចខ្មែរ បានទំនាក់ទំនងទៅខាងសមត្ថកិច្ចវៀតណាម ស្មើសុំឲ្យជួយអន្តរាគមន៍រួចហើយ ហើយពេលនេះ កំពុងរង់ចាំការឆ្លើយតបពីខាងសមត្ថកិច្ចវៀតណាមវិញ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕













<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ