ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍ថា ពលរដ្ឋវៀតណាមកំពុងតែត្រូវបានជំរុញឱ្យប្រុងប្រយ័ត្ន នៅពេលទិញទុរេនតម្លៃថោកដាក់លក់លើទីផ្សារក្នុងស្រុក ដែលត្រូវបានអះអាងថាជាទុរេនលក់មិនចេញ បន្ទាប់ពីការនាំចេញត្រូវបានបដិសេធ ព្រោះតែមិនបំពេញតាមស្តង់ដារគុណភាព និងសុវត្ថិភាពរបស់ប្រទេសចិន។
កាលពីខែមុន ប្រទេសចិនបានរឹតបន្តឹងស្តង់ដារនាំចូលរបស់ខ្លួន ដែលរួមមានទាំងការធ្វើតេស្តថ្មី សម្រាប់សារធាតុ Auramine O ឬថ្នាំជ្រលក់ពណ៌លឿង ដែលជាសារធាតុគីមីបង្កជំងឺមហារីក។ ការរឹតបន្តឹងស្តង់ដារភ្លាមៗបែបនេះ បានធ្វើឱ្យអាជីវកម្មវៀតណាមជាច្រើនមិនអាចសម្របខ្លួនបានឆាប់រហ័ស ហើយធ្វើបានឱ្យការដឹកជញ្ជូនផ្លែទុរេនត្រូវបង្វែរទិសត្រឡប់មកវិញ ឬពន្យារពេលនៅព្រំដែន។
អាជីវករខ្លះបានលក់ទុរេនទាំងនោះនៅទីផ្សារក្នុងស្រុកក្នុងតម្លៃថោករហូតដល់ ៤ម៉ឺនដុង ឬត្រឹម ១.៥៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគីឡូក្រាម ព្រមទាំងបានអំពាវនាវជាសាធារណៈតែម្តង ឱ្យជួយបណ្តាអ្នកនាំចេញ ដែលលក់ទុរេនទាំងនោះក្នុងតម្លៃខាតយ៉ាងច្រើន។ ចាប់តាំងពីពេលនោះមក អ្នកលក់ជាច្រើន ទាំងនៅតាមផ្លូវ និងទីផ្សារអនឡាញ បាននិងកំពុងលក់ទុរេនក្នុងតម្លៃថោក។
ទោះយ៉ាងណាក៏ដោយ អ្នកជំនាញក្នុងឧស្សាហកម្មនេះ កំពុងណែនាំអ្នកទទួលទានឱ្យប្រុងប្រយ័ត្នចំពោះទុរេនតម្លៃថោក។ តួយ៉ាង លោក Dang Phuc Nguyen អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាមកត់សម្គាល់ថា ការដឹកជញ្ជូនទុរេនមួយចំនួនត្រូវបានបង្វែរទិស ដោយសារតែមិនបានបំពេញតាមស្តង់ដារគុណភាព។
ស្របពេលលោក Nguyen Van Muoi អគ្គលេខាធិការរងសមាគមនេះបានប្រាប់កាសែតក្នុងស្រុក Thanh Nien ថា ទុរេនមិនបំពេញតាមស្តង់ដារគុណភាពនាំចេញអាចបង្កហានិភ័យសម្រាប់អ្នកទទួលទាន ប្រសិនបើត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុក។
ជាមួយគ្នានោះ សមាគមបានកត់សម្គាល់ឃើញថា ប្រទេសថៃដែលឈរជាអ្នកផ្គត់ផ្គង់ទុរេនដ៏ធំសម្រាប់ប្រទេសចិន ការដឹកជញ្ជូនទុរេនមិនបំពេញតាមស្តង់ដារត្រឡប់មកវិញ ត្រូវបានកម្ទេចចោល ក្រោមការត្រួតពិនិត្យដ៏តឹងរឹងពីអាជ្ញាធរ ដើម្បីការពារការដាក់លើទីផ្សារក្នុងស្រុក។
កត្តានេះហើយបានជំរុញអាជ្ញាធរវៀតណាមអនុវត្តដូចគ្នានឹងប្រទេសថៃ ប៉ុន្តែអ្នកនាំចេញខ្លះនៅតែព្យាយាមលក់ផ្លែទុរេនទាំងនោះ ក្រោមរូបភាពអំពាវនាវរកការជួយពីអ្នកទិញក្នុងស្រុក ដើម្បីយកមកវិញ នូវការខាតបង់ដ៏ច្រើនរបស់ពួកគេ។
លោក Bui Manh Toan នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញកសិផល Vietnox Agri បានប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកទទួលទានគួរតែគិតពិចារណាខ្ពស់ និងជ្រើសរើសយកផលិតផលដោយផ្អែកលើគុណភាព ព្រោះតែអ្នកលក់អនឡាញអាចប្រើយុទ្ធសាស្ត្រទីផ្សារជាច្រើន ដើម្បីទាក់ទាញអ្នកទិញ។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ ក្រុមហ៊ុននាំចេញវៀតណាមចំនួន៩ បានទទួលវិញ្ញាបនប័ត្របញ្ជាក់ពីមជ្ឈមណ្ឌលធ្វើតេស្តសារធាតុ Auramine O ទទួលស្គាល់ដោយប្រទេសចិន ហើយបានអនុញ្ញាតឱ្យទុរេនប្រហែល១ពាន់តោននាំចូលទឹកដីចិន កាលពីដើមខែកុម្ភៈនេះ។ ក្រុមហ៊ុននាំចេញផ្សេងទៀតនៅតែដំណើរការនិតិវិធី ដើម្បីបន្តការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន។
សូមជម្រាបថា កាលពីឆ្នាំ២០២៤ ការនាំចេញទុរេនរបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៣.៣ពាន់លានដុល្លារ ដែលស្មើនឹងជិតពាក់កណ្តាលនៃតម្លៃនាំចេញបន្លែផ្លែឈើសរុបរបស់ខ្លួន ខណៈប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់។ ប្រទេសវៀតណាមមានបំណងបង្កើនការនាំចេញទុរេនរហូតដល់ ៣.៥ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ ដែលរួមចំណែកដល់គោលដៅរបស់ខ្លួនឈានដល់ ១០ពាន់លានដុល្លារនៃតម្លៃនាំចេញបន្លែ និងផ្លែឈើសរុបនាពេលអនាគតដ៏ខ្លី៕ ប្រភព ៖ VnExpress


ចែករំលែកព័តមាននេះ