ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ថ្លែងថាអ៊ុយក្រែន និងអឺរ៉ុបក៏ជាផ្នែក១នៃការចរចាផងដែរ។ លោកថាគម្រោងជួបគ្នារវាងអាមេរិក និងរុស្ស៊ីនៅសប្ដាហ៍នេះជាឱកាសស្វែងយល់អំពីជំហរគ្នាទៅវិញទៅមក។ អាមេរិកចង់ដឹងជំហររបស់រុស្ស៊ីដើម្បីកំណត់ថាតើលោកពូទីនមានឆន្ទៈមោះមុតកម្រិតណាក្នុងការបញ្ចប់សង្គ្រាម។

ការថ្លែងដូច្នេះបន្ទាប់ពីអឺរ៉ុបបារម្ភថាខ្លួនត្រូវអាមេរិកដាក់ឱ្យនៅខាងក្រៅសង្វៀន។ ដូច្នេះលោករូប៊ីយ៉ូថ្លែងប្រាប់ទូរទស្សន៍ស៊ីប៊ីអែស (CBS) ថាការចរចាមិនអាចអាចធ្វើឡើងទាំងប្រញាប់ប្រញាល់ទេ។ មានន័យថាស្ថិតនៅក្នុងដំណាក់កាលស្ទាបស្ទង់សភាពការណ៍។ បើការចរចារីកចម្រើនទៅមុខ អាមេរិកក៏នឹងទទួលយកអ៊ុយក្រែន និងអឺរ៉ុបចូលក្នុងកញ្ចប់ចរចាផងដែរ។

អាមេរិកបានបញ្ជូនតារាងសំណួរទៅឱ្យអឺរ៉ុប។ ក្នុងនោះ មានចំណុច១ដែលអាមេរិកចង់ដឹងថាតើអឺរ៉ុបត្រៀមបញ្ជូនកងទ័ពថែរក្សាសន្តិភាពប៉ុន្មាននាក់ទៅអ៊ុយក្រែនបើមានកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី។ នៅក្នុងបទសម្ភាសជាមួយស៊ីប៊ីអែស លោករូប៊ីយ៉ូបានរំលឹកទៅដល់ការសន្ទនាគ្នារវាងលោកត្រាំ និងលោកពូទីន។ ក្នុងនោះលោកពូទីនប្រាប់ថាលោកចង់បានសន្តិភាព។ រីឯលោកត្រាំចង់បិទបញ្ចប់សង្គ្រាមអ៊ុយក្រែនជាអចិន្ត្រៃយ៍ និងចង់ការពារអធិបតេយ្យភាពរបស់អ៊ុយក្រែន។

លោករូប៊ីយ៉ូយល់ថាបន្ទាប់ពីការសន្យាគ្នារួចហើយ លោកចង់ឃើញការអនុវត្តជាក់ស្ដែងវិញម្ដង។ ដូច្នេះ យើងត្រូវរង់ចាំមើលជំហររបស់លោកពូទីនដើម្បីចង់ដឹងថាតើគាត់និយាយតែមាត់ទទេ ឬគាត់មានឆន្ទៈចង់បញ្ចប់សង្គ្រាមមែនពិតមែន។ ប៉ុន្តែលោករូប៊ីយ៉ូយល់ថាការនិយាយគ្នាតាមទូរស័ព្ទត្រឹមតែមួយដងមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបានឡើយ។

គម្រោងជួបគ្នារវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីតក៏ចំពេលដែលអាមេរិក និងអ៊ុយក្រែនទើបតែសម្រេចបានកិច្ចព្រមព្រៀងគ្នាដើម្បីឱ្យអាមេរិកទទួលបានធនធានធម្មជាតិរបស់អ៊ុយក្រែនជាថ្នូរនឹងការផ្ដល់ជំនួយយោធា។ លោកហ្សេឡិនស្គីដាក់ជាសំណួរថាតើរ៉ែរបស់អ៊ុយក្រែនដែលស្ថិតនៅក្នុងតំបន់ត្រួតត្រារបស់រុស្ស៊ីត្រូវប្រគល់ឱ្យរុស្ស៊ីឬយ៉ាងណា។

តើអឺរ៉ុបមានចំណែកនៅក្នុងការចរចាដែរឬទេ?
រដ្ឋមន្ត្រីការបរទេសអាមេរិក និងប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកខាងកិច្ចការមជ្ឈិមបូព៌ា គឺលោករូប៊ីយ៉ូ និងលោកវីតខូស ចេញមកលុបបំបាត់ក្ដីបារម្ភដែលថាអ៊ុយក្រែន និងអឺរ៉ុបត្រូវគេទុកឱ្យនៅខាងក្រៅវាំងននបន្ទាប់ពីប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោកខេតខេឡក់ ធ្លាប់បានប្រកាសនៅទីក្រុងមុយនិចថាអឺរ៉ុបគ្មានចំណែកនៅក្នុងរឿងនេះ។

លោកវីតខូសថ្លែងថាមន្ត្រីរដ្ឋាភិបាលអាមេរិក និងអ៊ុយក្រែនទើបតែជួបគ្នាកាលពីប៉ុន្មានថ្ងៃមុន។ ចំណែកលោកត្រាំក៏ទើបតែជជែកគ្នាជាមួយលោកត្រាំកាលពីសប្ដាហ៍មុន។ ដូច្នេះ មានរឿងអ្វីដែលអាមេរិកទុកអ៊ុយក្រែនចោលនោះ? ចំណែកលោករូប៊ីយ៉ូថ្លែងថាអ៊ុយក្រែន និងអឺរ៉ុបក៏នឹងមានវត្តមាននៅក្នុងការចរចាគ្នានាពេលអនាគតផងដែរ។ លោកចង់បញ្ជាក់ថានេះជាការជួបគ្នានៅក្នុងដំណាក់កាលដំបូងដើម្បីស្ទង់ចិត្តគ្នារវាងអាមេរិក និងរុស្ស៊ី។ អីចឹងហើយបានជាអាមេរិកមិនទាន់អញ្ជើញអ៊ុយក្រែន និងអឺរ៉ុបឱ្យចូលរួម។

លោករូប៊ីយ៉ូបញ្ជាក់ត្រង់ចំណុចនេះថាអ៊ុយក្រែននឹងមានចំណែកចូលរួមនៅក្នុងរឿងនេះព្រោះអ៊ុយក្រែនជាប្រទេសដែលត្រូវគេឈ្លានពាន។ ចំណែកអឺរ៉ុបក៏មានចំណែកនៅក្នុងការចរចាដែរព្រោះអឺរ៉ុបបានចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី និងលោកពូទីន។ ប៉ុន្តែរឿងនេះនៅវែងឆ្ងាយតទៅមុខទៀត។ យើងមិនទាន់និយាយដល់ដំណុចនេះនៅឡើយទេ៕
ចែករំលែកព័តមាននេះ