បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ស្រីធ្វើប្រុស ដែលធ្វើសកម្មភាពប្រើល្បិចលួចស្រាបៀរត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ៖ ជនសង្ស័យមានឈ្មោះ រ៉ាំ រ៉ាន់ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងអ្នកលក់អីវ៉ាន់ចាប់ហួច៣នាក់ មាន១.ឈ្មោះ វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ២.ឈ្មោះ ឈិម គីម ភេទស្រី អាយុ៥៣ឆ្នាំ ៣.ឈ្មោះ ហូ សៃផុន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យម្នាក់ឈ្មោះ រ៉ាំ រ៉ាន់ ស្រី ធ្វើប្រុស បានធ្វើសកម្មភាពប្រើល្បិចលួចស្រាបៀរនៅពេលទិញមិនទាន់អោយលុយផង ដាក់ម៉ូតូ ម៉ាក់ស៊ូម័រអិចពាក់ផ្លាក់លេខ កំពត1Q-2781 ដឹកជិះចេញទៅបាត់ ធ្វើសកម្មភាព កាលពីដើម ឆ្នាំ២០២៥ នៅក្រុងសិរីសោភ័ណ ។

លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងជនរងគ្រោះ៣នាក់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យ១នាក់ និងម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាពលួច ដែលឃាត់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្រុងសិរីសោភ័ណ ហើយត្រូវបាននាំយកសាកសួរ និងចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ