ប្រសិនបើយើងនៅតែបណ្តែតបណ្តោយឲ្យអាវុធបន្តធ្លាក់នៅក្នុងកណ្តាប់ដៃជនបរទេស ហើយយកមកធ្វើសកម្មភាពផ្តេសផ្ទាសពាសវាលពាលកាលបន្តមិនមែនជាបច្ច័យល្អឡើយសម្រាប់កម្ពុជាទេ ។ ដូច្នេះគួរតែប្រុងប្រយ័ត្ន ហើយត្រូវតែព្យាយាមធ្វើការស៊ើបអង្កេត និងស្វែងរកប្រភពផ្គត់ផ្គង់អាវុធដល់ជនបរទេសទាំងនេះឲ្យឃើញ ។ នៅស្ងាត់ៗផ្ទុះមួយករណីជាបន្តបន្ទាប់បែបនេះ ចង់ ឬមិនចង់…
ប្រសិនបើយើងនៅតែបណ្តែតបណ្តោយឲ្យអាវុធបន្តធ្លាក់នៅក្នុងកណ្តាប់ដៃជនបរទេស ហើយយកមកធ្វើសកម្មភាពផ្តេសផ្ទាសពាសវាលពាលកាលបន្តមិនមែនជាបច្ច័យល្អឡើយសម្រាប់កម្ពុជាទេ ។ ដូច្នេះគួរតែប្រុងប្រយ័ត្ន ហើយត្រូវតែព្យាយាមធ្វើការស៊ើបអង្កេត និងស្វែងរកប្រភពផ្គត់ផ្គង់អាវុធដល់ជនបរទេសទាំងនេះឲ្យឃើញ ។
នៅស្ងាត់ៗផ្ទុះមួយករណីជាបន្តបន្ទាប់បែបនេះ ចង់ ឬមិនចង់ គឺកំពុងតែបង្កឲ្យកេរ្តិ៍ឈ្មោះមិនល្អទេសម្រាប់កម្ពុជាដែលមកដល់ពេលនេះបានកំពុងតែខិតខំ និងដាក់គោលដៅនៅក្នុងការជំរុញដំណើរការសេវាកម្ម និងលើកកម្ពស់វិស័យទេសចរណ៍ និងធុរៈកិច្ចនោះ ។
ទោះបីជាកន្លងមកករណីឧក្រិ.ដ្ឋកម្មពាក់ព័ន្ធនឹងអាវុធទាំងនោះវាកម្រប៉ះពាល់ដល់ពលរដ្ឋនៅក្នុងស្រុក និងទេសចរណ៍បរទេសផ្សេងក៏ដោយក៏វា គឺជារូបភាពដ៏អវិជ្ជមានបំផុតសម្រាប់កម្ពុជា ។ ហើយមិនបាច់លាក់ទេពីព្រោះនៅលើបណ្តាញសង្កមគេបានដឹងអស់ទៅហើយ ជាពិសេសករណីដែលបានកើតមាននៅក្នុងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងហាងខារ៉ាអូខេមួយកន្លែងនៅក្នុងអគារ «មជ្ឈមណ្ឌលរតនៈសម្បត្តិ» ដែលមានទីតាំងនៅក្នុងភូមិតាងួន២ សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ករណីនេះ គឺត្រូវបានគេដឹងថា បង្កឡើងដោយក្រុមជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ចំនួន២ក្រុម មានទំនាស់គ្នាក្នុងពេលពួកគេផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងតំបន់ទីតាំងខាងលើ ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើករណីនេះវាកើតឡើង និងមានដំណើរដើមទងយ៉ាងណានោះទេដោយគ្រាន់តែដឹងថា នៅពេលដែលពួកគេជួបជុំគ្នាផឹកស៊ីហូបចុកនោះក៏កើតមានបាតុភាពប្រទូសសារ៉ាយនឹងគ្នាឡើង ។ នៅក្នុងអំឡុងពេលនោះ អ្នកដែលជាសាក្សីបានឃើញ គឺថាពួកគេដេញវាយកាប់ចាក់គ្នាស្តែងៗ ប៉ុន្តែពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយក៏ស្ងប់ស្ងាត់បន្តិចក៏កាន់តែភ្ញាក់ផ្អើលថែមទៀត ដោយសារភាគីម្ខាងបានទៅទាញអាវុធពីក្នុងឡានចេញមកក៏ផ្អើលឈុល ។
សំណាងដែលហេតុការណ៍ហិ.ង្សាដ៏កម្រោលចូលនេះមិនបានបង្កវិនាសកម្មធំដុំ ហើយការផ្ទុះអាវុធក៏មិនបានកើតមានធ្ងន់ធ្ងរ ។ នៅក្នុងករណីបើវាកើតមានមែននោះវាមិនដឹងជាព័ត៌មាននេះសុះសាយយ៉ាងណានោះទេ ហើយក៏មិនដឹងថា សារព័ត៌មាន និងបណ្តាញសង្គមនៅពិភពខាងក្រៅគេផ្សាយអ្វីខ្លះប៉ះពាល់ដល់កម្ពុជាយើងនោះដែរ ។
បន្ទាប់ពីហេតុការណ៍នេះបានផ្ទុះកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែជនបង្កទាំងនោះបានរត់គេចខ្លួនអស់ ហើយក្រោយមកក៏បានរកឃើញរថយន្តសង្ស័យដែលក្រុមនោះបានប្លុងចោលដោយរកឃើញអាវុធ AK47 ដែលជាប្រភេទអាវុធមានគ្រោះថ្នាក់ចំនួន២ដើម នៅក្នុងរថយន្តផងដែរ ។ នេះ គឺជាករណីឧក្រិ.ដ្ឋកម្មដែលបង្ករូបភាពអាក្រក់ថ្មីមួយដល់កម្ពុជា ។ ដូច្នេះយើងសង្ឃឹមថា សមត្ថកិច្ចនឹងខិតខំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតហើយរកឲ្យឃើញជនដែលបង្កទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់របស់ប្រទេសឲ្យខានតែបាន ។
កម្ពុជាត្រូវតែបង្ហាញប្រាប់សាធារណៈមតិនៅក្នុងស្រុក និងក្រៅស្រុកថា កម្ពុជាមិនមែនជាកន្លែងដែលក្រុមឧក្រិ.ដ្ឋជនទាំងនេះចេះតែយកកេរ្តិ៍ឈ្មោះប្រទេសមកលេងសើចបែបនេះបាននោះទេ ។ ដូច្នេះនេះ គឺជាភារកិច្ចដែលសមត្ថកិច្ចកម្ពុជាគ្រប់ផ្នែក និងស្ថាប័នពាក់ព័ន្ធ ត្រូវតែរិតបន្តឹង និងធ្វើសកម្មភាពជាបន្ទាន់ឆ្លើយតបនឹងបញ្ហានេះ ។
ក្រៅពីជនសង្ស័យដែលបង្កបញ្ហាទាំងនោះហើយនោះ ភារកិច្ចចម្បងមួយទៀតដែលសមត្ថកិច្ចគួរតែធ្វើការស្រាវជ្រាវដែរនោះ គឺប្រភពផ្គត់ផ្គង់អាវុធដល់ពួកគេ ។ ពួកគេ គឺជាជនបរទេស ។ ហេតុអ្វីក៏ពួកគេចេះតែមានអាវុធនៅក្នុងដៃមកបង្កសកម្មភាព និងរូបភាពអាក្រក់ៗជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាបែបនេះ ។ អាវុធទាំងនេះមិនមែនជារឿងលេងសើចនោះទេ ពីព្រោះវាមិនមែនជាប្រភេទអាវុធខ្លីឡើយ គឺជាអាវុធដ៏មានប្រសិទ្ធភាពនៅក្នុងសង្គ្រាម ដែលមិនគួរធ្លាក់នៅក្នុងដៃក្រុមជនបរទេសខិលខូចក្រៅច្បាប់ទាំងអស់នេះឡើយ ។
ក្រុមជនបរទេសដែលកាន់អាវុធនេះ គឺត្រូវតែវែកមុខ និងបង្ក្រាប ប៉ុន្តែអ្នកដែលផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌនៃសង្គ្រាមទាំងនេះដល់ដៃពួកជនបរទេសទាំងនេះ គឺត្រូវតែវែកឲ្យឃើញផងដែរ ដើម្បីកាត់ផ្តាច់បណ្តាញ និងប្រភពផ្គត់ផ្គង់ហើយយកកេរ្តិ៍ឈ្មោះ និងកិត្តិនាមកម្ពុជាមកឲ្យប្រឡាក់ប្រឡូស ។
សរុបទៅ យើងមិនគួរបណ្តែតបណ្តោយទៀតនោះទេ ប្រសិនបើយើងចេះតែបណ្តែតបណ្តោយសន្តិសុខសាធារណៈសម្រាប់ពលរដ្ឋ និងអ្នកទេសចរក៏ដូចជា ធុរជនអាចនឹងស្ថិតនៅក្នុងហានិភ័យ ។ ថ្ងៃនេះថ្ងៃស្អែកពួកឧក្រិ.ដ្ឋជនទាំងនេះវាបង្កតែជាមួយគ្នាវា ប៉ុន្តែនៅថ្ងៃខានស្អែកយើងមិនដឹងថា តើវាអាចប៉ះពាល់ដល់ពលរដ្ឋ និងបរទេសផ្សេងយ៉ាងណានោះទេ ។ យើងគួរមើលប្រទេសជិតខាងផងដែរ ដូចជា ករណីនៅថៃ គឺដុតដៃដុតជើងខ្លាំងណាស់ ដោយសារតែគេបារម្ភរឿងសុវត្ថិភាព និងកេរ្តិ៍ឈ្មោះស្រុកទេសរបស់គេ ៕
ចែករំលែកព័តមាននេះ