យុវវ័យសម័យថ្មីកាន់តែបើកចំហរឿងស្នេហា និងហ៊ានដល់ការរួ.មភេ.ទ មុនពេលរៀបការទៅទៀត ។ ខណ:ដែលវាមិនខុសលើទិដ្ឋភាពច្បាប់វាក៏អាចធ្វើអោយពួកគេប្រឈមនឹងការខូចអនាគតផងដែរ ។ ដូច្នេះ វាមិនមែនជាការសម្រេចចិត្តត្រឹមត្រូវទេ បើសិនជាយុវវ័យឆាប់ប្រឡូកពេកនឹងរឿងស្នេហាព្រមទាំងសកម្មភាពផ្លូ.វភេ.ទ ខណ:ដែលខ្លួនមិនទាន់រឹងមាំមានការងារធ្វើត្រឹមត្រូវ…
យុវវ័យសម័យថ្មីកាន់តែបើកចំហរឿងស្នេហា និងហ៊ានដល់ការរួ.មភេ.ទ មុនពេលរៀបការទៅទៀត ។ ខណ:ដែលវាមិនខុសលើទិដ្ឋភាពច្បាប់វាក៏អាចធ្វើអោយពួកគេប្រឈមនឹងការខូចអនាគតផងដែរ ។
ដូច្នេះ វាមិនមែនជាការសម្រេចចិត្តត្រឹមត្រូវទេ បើសិនជាយុវវ័យឆាប់ប្រឡូកពេកនឹងរឿងស្នេហាព្រមទាំងសកម្មភាពផ្លូ.វភេ.ទ ខណ:ដែលខ្លួនមិនទាន់រឹងមាំមានការងារធ្វើត្រឹមត្រូវ និងមានសមត្ថភាពផ្នែកសេដ្ឋកិច្ច ។
នៅពេលដែលទិវានៃក្តីស្រឡាញ់នឹងមកដល់ នៅថ្ងៃទី១៤ ខែកុម្ភ: យុវជន និងយុវតីទាំងអស់ ត្រូវចេះទប់ចិត្តកុំទាន់ប្រឡូករឿងជីវិតលើគ្រែពីព្រោះការសប្បាយមួយភ្លែត អាចធ្វើអោយអោយខូចអនាគតមួយជីវិតក៏មាន ។ ឧទាហរណ៍ថា បើសិនជាយុវជន និងយុវតីប្រឡូកក្នុងស្នេហាក្នុងវ័យសិក្សា ពួកគេអាចនឹងភ្លេចរៀនភ្លេចសូត្រ ហើយឈានដល់ការបោះបង់ការសិក្សាក៏មាន ។ «គ្មានការសិក្សា គឺគ្មានអនាគត» នេះ គឺជាអ្វីដែលយុវជន និយុវតីត្រូវទន្ទិញអោយចាំមាត់ ។
ជាការពិត នៅពេលដែលមនុស្សពេញវ័យ ចំណង់ផ្លូ.វភេ.ទ និងសេចក្តីស្នេហាក៏ចាប់ផ្តើមមានតាមបែបធម្មជាតិ ។ ប៉ុន្តែវាក៏ចាំបាច់ដែលត្រូវចេះទប់អារម្មណ៍នេះ កុំអោយឆេះសន្ធោសន្ធៅពេក ដើម្បីកុំអោយវាបំផ្លាញអនាគតរបស់ខ្លួន ។
តាំងពីដើមរាងមករហូតដល់ទស្សវត្សរ៍នៃឆ្នាំ១៩៩០ហើយនោះការដែលស្ត្រី និងបុរសមានភេទសម្ព័ន្ធនឹងគ្នាមុនចំណងអាពាហ៍ពិពាហ៍ ត្រូវបានសង្គមដៅអវិជ្ជមានមួយទុកបាត់ទៅហើយ ហើយនៅក្នុងករណីដែលពួកគេជ្រុលជ្រោះ រហូតដល់មានកូនថែមទៀត គឺសង្គមថ្កោលទោសតែម្តង ប៉ុន្តែនៅសង្គមបច្ចុប្បន្ននេះ អ្វីៗហាក់មានការប្រែប្រួល និងកាត់បន្ថយច្រើន ។
នៅក្នុងសង្គមសម័យកាលនោះ សម្រាប់បុរស គឺអាចនឹងរួចខ្លួនពីព្រោះជាទូទៅគេច្រើនចាត់ទុកបុរសជាមាសទឹកដប់ធ្លាក់ភក់ ធ្លាក់ច្រំ គ្រាន់តែរើសលាងទឹក គឺស្អាតដូចដើម ខណៈដែលនារីវិញ គឺជាផ្ទាំងក្រណាត់ស កាលណាធ្លាក់ចូលភក់គឺមានតែស្នាមខ្មៅពិបាកនឹងបោកសម្អាតណាស់ ហើយកុមារដែលកើតពីអំពើឆ្គាំឆ្គងនេះសង្គមចាត់ទុកថា ជាក្មេងអត់ខាន់ស្លា ។
ផ្នត់គំនិតបែបនេះ មាននៅបន្តនៅក្នុងសង្គមខ្មែរយើងនៅឡើយ ដូច្នេះហើយទើបបានជាផ្ទុះរឿងពេញបណ្តាញសង្គមពាក់ព័ន្ធនឹងតារាចម្រៀង ទេព បូព្រឹក្យ និងលោក ងួន ចាន់ដាវិត ដែលគេតែងតែស្គាល់ត្រឹមតែថា ជី ដេវីត ជាមួយនឹង ផេកមួយឈ្មោះអាក្លូ ដែលជាផេកល្បីនៅក្នុងប្រទេសដែលឧស្សាហ៍ផលិតវីដេអូបែបកំប្លែង ។
សព្វថ្ងៃនេះទោះបីជាថ្នត់គំនិតនេះនៅមានហើយសេសសល់ នៅក្នុងសង្គមគួរសមក៏ដោយ ប៉ុន្តែក៏មានយុវជន និងយុវនារីជាច្រើនបានចាប់ដៃគ្នារួមរស់ និងមានភេទសម្ព័ន្ធ ហើយក៏ឈានដល់បង្កើតគ្រួសារដោយមិនមានអាពាហ៍ពិពាហ៍ ។ ក្រៅពីតារាចម្រៀងល្បីមួយគូខាងលើនេះនៅមានតារាជាច្រើនបានសម្រេចចិត្តចាប់ដៃគ្នាជាច្រើនគូផ្សេងទៀត ។
យុវជន និងយុវនារីខ្លះ បានចាប់ដៃគ្នារួមរស់ជាមួយគ្នា សាកចិត្តមើលថ្លើមគ្នាជាច្រើនឆ្នាំ ដោយថែមទាំងចាប់ដៃគ្នាកសាងជីវភាពឡើងថ្កើងថ្កានរហូតដល់សមល្មមពួកគេ សម្រេចចិត្តរៀបការ គឺមានជាច្រើនគូ ។
ការកសាងជីវិត និងជីវភាពស្នេហ៍បែបនេះមានជោគជ័យ និងមានបរាជ័យឈ្លោះទាស់ទែងមើលមុខគ្នាមិនចំក៏មិនតិចដែរ ។ កន្លងមកជីវិត និងជីវភាពរួមរស់ជាមួយគ្នាមុនចំណងអាពាហ៍ពិពាហ៍ក៏កើតមានក្តី ប្រច័ណ្ឌ ហើយឈានរហូតដល់កើតមានអំពើឃា.តកម្មក៏មានច្រើនករណីដែរ ។
ការប្រែប្រួលនៃបរិបទសង្គមខ្លះៗបែបនេះ គឺវាកើតមានដោយសារតែបរិបទនៃសេដ្ឋកិច្ច និងការហូរចូលនៃវប្បធម៌បរទេស ។ នៅពេលបច្ចុប្បន្ននេះ ការចំណាយនៅលើអាពាហ៍ពិពាហ៍មួយដែលសមរម្យ គឺមានតម្លៃខ្ពស់ ខណៈដែលចំណូលមានកម្រិត រីឯធនធានគ្រួសារក៏ស្តួចស្តើង ។ ដូច្នេះហើយទើបយុវជននិងយុវនារីខ្លះ សម្រេចចិត្តរស់នៅជាមួយគ្នាមុនចំណងអាពាហ៍ពិពាហ៍ ដើម្បីរួបរួមគ្នាជាកម្លាំងស្វែងរកផលនៃការខំប្រឹង ដើម្បីបានជាទុនមករៀបចំពិធីសុំការទទួលស្គាល់ពីសង្គមឲ្យស្មើមុខ និងស្មើមាត់ជាមួយនឹងគេ ។
ផ្អែកនៅលើផ្លូវច្បាប់ និងច្បាប់ធម្មជាតិ ការសម្រេចចិត្តចាប់ដៃគ្នាហើយមានភេទសម្ព័ន្ធនឹងគ្នាមុនអាពាហ៍ពិពាហ៍មិនខុសឡើយ ប៉ុន្តែពួកគេត្រូវទទួលខុសត្រូវចំពោះកូនដែលកើតចេញមក ។ មនុស្សនៅពេលដែលពេញវ័យតម្រូវការភេទសម្ព័ន្ធនឹងកើតមាន ហើយវាក៏ជាផ្នែកមួយនៃសិទ្ធិដែលមនុស្សគ្រប់រូបមាន ។ បញ្ហានេះ គឺជាតម្រូវការនៃសភាវគតិដែលធម្មជាតិវាតម្រូវមក គ្រាន់តែសង្គមប្រើប្រាស់ប្រពៃណី និងវប្បធម៌ជារបាំងរារាំង និងសង្កត់ចិត្តគំនិត ហើយកំណត់វាជាតម្លៃនៃសីលធម៌មកដាក់បន្ទុកប៉ុណ្ណោះ ។
ដោយឡែក ផលនៃសក្ខីកម្មនៃភេទសម្ព័ន្ធដែលកើតមាន គឺបុត្រា ឬបុត្រធីតា អត់មានខុសច្បាប់ទេ ។ ពួកគេមានសិទ្ធិគ្រប់យ៉ាងដូចជា កុមារា កុមារីទូទៅ ។ នៅពេលដែលកើតមានទោះបីជាឪពុក និងម្តាយពួកគេមិនមានចំណងអាពាហ៍ពិពាហ៍ក៏ដោយ ក៏ពួកគេនៅតែអាចចុះសំបុត្រកំណើត ដែលជាឯកសារផ្លូវច្បាប់សម្គាល់អត្តសញ្ញាណ និងសញ្ជាតិកំណើតរបស់ពួកគេបានដោយគ្រាន់តែមានសំបុត្រពេទ្យបញ្ជាក់ប៉ុណ្ណោះ ។
សរុបទៅសូមថ្លឹងថ្លែង ហើយអ្វីដែលបានលើកឡើងខាងលើអាចចាត់ទុកថា គឺជាគំនិតពិភាក្សាមួយ ដើម្បីជាទុនសម្រាប់ប្អូនៗយុវវ័យពិចារណានៅក្នុងការសម្រេចចិត្តកំណត់ផែនការ ឬក៏សកម្មភាពនៃជីវិតនៅពេលដែលថ្ងៃបុណ្យនៃក្តីស្រលាញ់ដែលប្អូនៗខ្លះហៅថា បុណ្យសង្សារនោះមកដល់នៅថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
សូមប្អូនៗគិតឲ្យគ្រប់ជ្រុងជ្រោយ ហើយថ្លឹងថ្លែងដោយហេតុ និងផលពាក់ព័ន្ធនឹងកិត្តិយស ភាពស័ក្តិសម និងភាពត្រឹមត្រូវ ដែលអាចនឹងកើតមានឡើងនៅពេលដែលប្អូនៗសម្រេចចិត្ត ។ អនាគត គឺជារបស់ប្អូនៗហើយផលដែលយើងសាងមកវានឹងកើតឡើង ហើយសូមត្រៀមខ្លួនទទួល និងតស៊ូជំនៈ ដើម្បីភាពជោគជ័យនៅពេលអនាគត ។ ហើយកុមារា និងកុមារី ដែលកើតពីផលនេះ កុំអោយពួកគេពាក់ព័ន្ធពីព្រោះពួកគេមានច្បាប់មានអ្វីៗការពារសេចក្តីថ្លៃថ្នូ និងកិត្តិយសហើយធានាសិទ្ធិគ្រប់យ៉ាងរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ