ខេត្តបាត់ដំបង ៖ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី ១៤ កុម្ភៈ ដែលជាថ្ងៃទិវានៃសេចក្ដីស្រលាញ់ គេឃើញមានអ្នកលក់ផ្កា ឬលក់កាដូអនុស្សាវរីយ៍បានរៀបចំដាក់តាំងលក់ជាបណ្ដើរៗមានទាំងផ្កាស្រស់ៗ មានទាំងផ្កាជ័រ ដាក់តាំងព្រោងព្រាតនៅតាមទីផ្សារនានា តែមិនសូវអធិកអធ័មដូចប៉ុន្មានឆ្នាំមុនទេ រីឯក្រុមយុវជនដែលតែងជ្រូលជ្រើមទិញផ្កា ឬទិញកាដូជូនគូស្នេហ៏័ក៏ហាក់ដូចជាមិនសូវជ្រួលច្របល់ដែរ ។ នេះបើតាមអ្នកលក់ផ្កាបានលើកឡើង។

អ្នកលក់ផ្កាចម្រុះមួយកន្លែង ក្នុងចំណោមអ្នកលក់ផ្កាប៉ុន្មានកន្លែងទៀត ប្រចាំនៅខាងមុខផ្សារ «ទំនើបបុរីថ្មី»ក្នុងក្រុងបាត់ដំបងបាននិយាយនៅព្រឹកថ្ងៃទី១៤ កុម្ភៈ ថា បើតាមការសន្និដ្ឋឆ្នាំនេះ ប្រហែលមិនសូវមានអ្នកទិញផ្កាឬទិញកាដូ ដូចប៉ុន្មានឆ្នាំមុនៗទេ ព្រោះចាប់តាំងពីព្រឹករហូតមក មានអតិថិជនតិចតួចបំផុតបានចូលទិញ ។

គាត់និយាយថា ឆ្នាំនេះទំនងស្បើយអ្នកទិញជាងឆ្នាំមុនៗ ។ គាត់បានរៀបចំចងបាច់ផ្កាឬរៀបចំជាកាដូ យ៉ាងស្រស់ស្អាតមានទាំងផ្កាស្រស់និងផ្កាជ័រ រួចជាស្រេចហើយ ដើម្បីរង់ចាំអតិថិជន តែនៅពេលព្រឹកបែបនេះហាក់ស្ងប់ស្ងាត់ តែគាត់រំពឹងថា អាចលក់ដាច់ចាប់ពីថ្ងៃរសៀលតទៅ ។ កន្លែងលក់ផ្កាឬលក់កាដូដទៃទៀតក៏មានសភាពស្ងប់ស្ងាតមិនខុសពីកន្លែងលក់ផ្កាដ៏ធំនៅម្តុំផ្សារទំនើបបុរីថ្មីដែរ ។

គេសង្កេតឃើញមានការដាក់តាំងលក់ផ្កាតិចតូចណាស់នៅតាមដងផ្លូវនានា ក្នុងក្រុងបាត់ដំបង ។ អ្នកលក់ផ្កាឬលក់កាដូមានច្រើននៅតាមផ្សារនានា តែមានលក់ច្រើនជាងគេ ដែលមានលក់ផ្កាផង និងលក់កាដូផង គេនៅម្ដុំខាងមុខ«ផ្សារបរីទំនើប» ។

បើតាមការសាកសួរ ផ្កាកូលាប០១ទង (ផ្កាស្រស់) តំលៃ០១ដុល្លារ តែបើរៀបចំចងជាបាច់ផ្កាដ៏ស្រស់ស្អាតវិញ ក្នុងមួយបាច់តំលៃចន្លោះពី៥ដុល្លា រហូតដល់២៥ដុល្លារ ឬលើសណីនេះក៏មានទៅតាមប្រភេទផ្កាដែលមានតំលៃ ហើយក៏មានការរៀបចំបាច់ផ្កាជ័រពណ៌ចម្រុះយ៉ាងស្រស់ស្អាតដែរ ។

ទោះយ៉ាងណា បើតាមអ្នកលក់ផ្កាបានបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃ១៤ កុម្ភៈ នេះ ទើបចាប់ផ្ដើមមានអតិថិជនតិចតួចបានមករកទិញផ្កាឬទិញកាដូ តែបើចាប់ពីម៉ោង៥ល្ងាចតទៅ អាចមានភ្ញៀវច្រើនប៉ុន្តែយ៉ាងណាក៏ចាញ់ឆ្នាំមុនៗដែរ ដែលផ្កាលក់ដាច់ខ្លាំង៕



ចែករំលែកព័តមាននេះ