ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង១,៧ម៉ឺន​គ្រាប់ ត្រូវ​បាន​រក​ឃើញ និង​បំផ្លាញ​ចោល ឆ្នាំ​២០២៤

20 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា ឆ្នាំ​២០២៤ កន្លង​នេះ ផ្ទៃដី​មាន​មីន…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា ឆ្នាំ​២០២៤ កន្លង​នេះ ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២៧៣ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​បោសសម្អាត​រួច ដោយ​រក​ឃើញ និង​បំផ្លាញ​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន​ប្រមាណ​ជាង ១,៧ ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ២០០​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ជាង ៩ ម៉ឺន​គ្រាប់ ហើយ​អត្រា​គ្រោះថ្នាក់​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ​។

ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​សកម្មភាព​កម្ចាត់​មីន (MACC) ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​បញ្ជាក់​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥ ដែល​បាន​នាំ​មក​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ​។

ឯកឧត្តម លី ធុ​ជ គូសបញ្ជាក់​បន្ថែម​ទៀត​ថា ការងារ​ចំពោះ​មុខ​ក្នុង​ឆ្នាំ​២០២៥ និង​ជា​ឆ្នាំ​ចុង​ក្រោយ​ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​កំណត់​នូវ​គោលដៅ​ថ្មី «​ឆ្ពោះទៅ​រក​កម្ពុ​ជាមួយ​គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​» ដើម្បី​អាច​ធានា​បាន​នូវ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​ជាតិ​ប្រព្រឹត្ត​ទៅ​បាន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​គ្រប់​ទីកន្លែង​ ។

ឯកឧត្តម លី ធុ​ជ បន្ត​ទៀត​ថា ដើម្បី​គាំទ្រ​ដល់​គោល ដៅ​ថ្មី​នេះ អាជ្ញាធរ​មីន កំពុង​រៀបចំ​នូវ​ឯកសារ​គោល​សំខាន់​មួយ គឺ​សេចក្តី​ព្រាង ​នៃ​គោលនយោបាយ​ជាតិ​សកម្មភាព​មីន (NMAP) ២០២៦-២០៣៥ និង​កំពុង​ប្រមូល​ធាតុ​ចូល​ជា​បន្ត បន្ទាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កា​រវិ​វត្ត​សកម្មភាព​មីន​នា​ពេល​បច្ចុប្បន្ន និង​រួម​បញ្ចូល​គ្នា​ទាំង​គោល នយោបាយ​បាយ និង​យុទ្ធសាស្ត្រ ក្នុង​ឯកសារ​តែ​មួយ​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម លី ធុ​ជ បាន​ថ្លែងអំណរគុណ​ផង​ដែរ ជូន​ចំពោះ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់​ភាព​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ឬ «​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​» ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ ដោយ​ឃើញ​ពី​ករណី​គ្រោះថ្នាក់​អ្នក​ដោះ​មីន​នា​ដើមឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​ជំរុញ​ឱ្យ​អង្គភាព​ដោះ​មីន​ទាំង​ជាតិ​-​អន្តរជាតិ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ដែល​មាន​ស្រាប់​ដល់​ប្រតិបត្តិ​ករ​ដោះ​មីន​ទាំងអស់ ដើម្បី​ឱ្យ​មានការ​ប្រុស​ប្រយ័ត្ន​ខ្ពស់ និង​ចៀសវាង​កុំឱ្យ​មាន​ឧ​ប​ទ្ទេវ​ហេតុ​ការ​គ្រោះថ្នាក់​ណាមួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ