រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាប ជាក់ស្ដែងនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចហាងចែមុំ មានលក់បុកល្ហុង បាយម្ហូបគ្រឿងក្លែម និងភេសជ្ជៈគ្រប់មុខ ដែលលួចលាក់បើកអាជីវកម្មសេវាបម្រើកម្សាន្ត កេងប្រវ័ញ្ចលើស្ត្រី និងកុមារ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើមានលក់បុកល្ហុងបាយម្ហូបគ្រឿងក្លែម និងភេសជ្ជៈគ្រប់មុខ តែលួចលាក់បើកអាជីវកម្មសេវាបម្រើកម្សាន្តកេងប្រវ័ញ្ចលើស្ត្រី និងកុមារ ពេលដែលភ្ញៀវទៅដល់និយាយត្រូវរ៉ូវគ្នាបាននាំក្មេងស្រីដែលបំរើការនៅទីនោះចេញទៅក្រៅ ទាំងក្មេងស្រី ដែលនៅទីនោះភាគច្រើនមានអាយុ១៥ទៅ១៦ឆ្នាំផងដែរ ។

លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាន នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជនបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិថិជននៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដឹកនាំសម្របសម្រួលពីលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការឆែកឆេរ និងត្រួតពិនិត្យ រកឃើញមានស្រោមអនាម័យមិនទាន់ប្រើចំនួន១ និងសៀវភៅគិតលុយចំនួន១ក្បាល និងឃាត់ខ្លួនមនុស្សចំនួន១១នាក់ ក្នុងនោះ មានប្រុសម្នាក់ ។

ក្នុងចំណោម១១នាក់ មានអនីតិជនចំនួន៥នាក់ បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបំភ្លី និង៩នាក់ចាត់ការតាមនិតិវិធីបន្ត ៕


ចែករំលែកព័តមាននេះ