ខេត្តស្វាយរៀង ៖ ស្រូវប្រាំងរបស់ប្រជាកសិករ ចំនួន៦៥៧ហិកតា ក្នុងឃុំចំនួន០៣ នៅស្រុកចន្ទ្រា ទទួលបានទឹកស្រោចស្រប់ស្រែវិញហើយក្រោយពីខ្វះខាតទឹក រយៈពេលខ្លីគួរឲ្យព្រួយបារម្ភនោះ ត្រូវបានក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម អនុរដ្ឋលេខាធិការ និងជាអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយមានការអន្តរាគមន៍ជួយសង្គ្រោះ ដាក់ម៉ាស៊ីនបូមទឹក ចំនួន៣២គ្រឿង ដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន ដើម្បីបូមទឹកដាក់តាមគោលដៅ ដែលខ្វះខាតទឹក ក្នុងការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាជនទាន់ពេលវេលា ។
ការចុះសួរសុខទុក្ខ និងពិនិត្យទីតាំងបូមទឹកនេះ ធ្វើឡើងនៅថ្ងៃទី០៨ កុម្ភៈ ២០២៥ នៅឃុំទួលស្តីឃុំសំរោង និងឃុំចន្ទ្រា ស្រុកចន្ទ្រា ។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានឲ្យដឹងថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួន០៣ឃុំ ដែលប្រឈមកង្វះទឹក មុនពេលទទួលផល សរុប ចំនួន៦៥៧ហិកតា ក្នុងនោះ ឃុំទួលស្តី ២៥៧ហិកតា ឃុំចន្ទ្រា ២២០ហិកតា និងឃុំសំរោង ចំនួន១៨៦ហិកតា ។
លោក ថន ថាវទ្ធា បន្តថា ក្រោយពីទទួលបានការសុំអន្តរាគមន៍ពីប្រជាកសិករ តាមរយៈលោកមេឃុំ តាមបណ្តាលឃុំ ដែលជួបបញ្ហាខ្វះខាតទឹក បង្កបង្កើនផលស្រូវប្រាំង និងមានការណែនាំពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានដាក់កម្លាំងកងពលដឹកជញ្ជូនលេខ៩៩ ចំនួន ១៥០នាក់ សហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរស្រុក ដើម្បីចុះជួយបូមទឹកសង្គ្រោះស្រូវប្រជាកសិករ ចំនួន០៣ទីតាំង នៅភូមិទួលស្ដី ឃុំទួលស្ដី១ទីតាំង ភូមិចេក ឃុំសំរោង ១ទីតាំង និងឃុំច្រេស ១ទីតាំង នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ស្រុកចន្ទ្រា ប្រជាកសិករ ចំនួន០៥ឃុំ បានធ្វើស្រែប្រាំង និងស្រូវប្រដេញទឹក ក្នុងឆ្នាំ២០២៤-២០២៥នេះ ចំនួន៤,៧៤២ហិកតា លើផែនការចំនួន៣,០០០ហិកតា ទើបធ្វើឲ្យស្រូវប្រឈមការកង្វះទឹក ក៏ប៉ន្តែ ស្រូវមិនទាន់មានការខូចខាតនៅឡើយទេ ដោយក្រុមការងារ បានចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ។
លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ការចុះដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំរបស់ប្រជាកសិករនោះ គឺចាប់ពីថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០២៥មក ហើយប្រភពទឹក ដែលបូមបញ្ជូនជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករនោះ បូមចេញពីអាងបឹងបាធូ ដែលមាន៣ទីតាំង និងប្រើប្រាស់ម៉ាស៊ីនបូមទឹក ចំនួន ៣២គ្រឿង ក្នុងនោះ៣០គ្រឿង របស់កងយោធពលខេមរភូមិន្ទ កងពលដឹកជញ្ជូនលេខ៩៩ និងម៉ាស៊ីនធំ ចំនួន ២គ្រឿង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត តាមរយៈរដ្ឋបាលខេត្តស្វាយរៀង ដោយមិនកំណត់រយៈពេលនោះទេ ទាល់តែបូមទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋ សម្រេចបានទទួលផលទើបឈប់ ។
លោក ប៉ាង វិបុល ប្រធានការិល័យកសិកម្មស្រុកចន្ទ្រា បានឲ្យដឹងថា ការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្រុមការងារបានជួយបូមទឹកដាក់តាមតំបន់ ដែលខ្វះខាតទឹកនោះ បានលើផ្ទៃដី ៦៥៧ហិកតា និងត្រៀមចុះពិនិត្យតំបន់ ដែលខ្វះខាតទឹកធ្វើកសិកម្មបន្ថែមទៀត ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានចុះពិនិត្យទីតាំងបូមទឹក ទាំង០៣កន្លែង និងបានចុះសួរសុខទុក្ខដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងពលលេខ៩៩ ដែលយកម៉ាស៊ីនបូមទឹក ៣០គ្រឿង ចុះជួយអន្តរាគមន៍ បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ឯកឧត្តមបានថ្លែងកោតសរសើរដល់កម្លាំងកងទ័ពកងពលលេខ៩៩ និងក្រុមការងារ ដែលសហការល្អ ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា ។
ឯកឧត្តមមានប្រសាសន៍ថា នៅស្រុកចន្ទ្រា អាកាសធាតុ មានអំណោយផល និងមានប្រភពទឹកគ្រប់គ្រាន់ មានស្រះ មានបឹង អាចបូមទឹកស្រោចស្រប់ដីស្រែបាន ។
ឯកឧត្តមបានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានយកចិត្តទុកដាក់បញ្ជាកម្លាំងកងទ័ព កងពលលេខ៩៩ ចំនួន១៥០នាក់ យកម៉ាស៊ីនបូមទឹក ៣០គ្រឿង មកជួយបូមទឹកប្រជាពលរដ្ឋ បានទាន់ពេលវេលា ។
លោក ឯម សុផល តំណាងឲ្យប្រជាកសិករឃុំទួលស្តី ក៏ដូចប្រជាកសិករ ទាំង០៣ឃុំ បានថ្លែងអំណរអរគុណដល់នាយឧត្តមសេនីយ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកចន្ទ្រា និងសូមថ្លែងអំណគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងអគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងតែមានបញ្ហាខ្វះខាតទឹកបានទាន់ពេលវេលា៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c9a6035a968794a39b7cd19f7db452e6.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c8e740eefd9c53892332b2f9745d7a18.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7e081ff0ae4af2f7f90bc2e2e3c8bac3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2ffce90876075d866d80d6002a973a1b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2b55cb599820bf7de26859db0824ad0c.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/766a86c06822423bcd738bf76befb629.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/fc54f3c56ad074b1eb32d1738343c961.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/b58c0b591ab21dfdae4cc40ba33e6ce6.jpeg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/0fa29f109eee9b03363265b4fef9b5a9.jpeg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f363ec5361c5006874d92f52d10ce685.jpeg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/cc5e215a44c3d121241249d6671417f2.jpeg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e475c9f416e0f8964a936b6ea03163bd.jpeg)
ចែករំលែកព័តមាននេះ