ទីក្រុងប៉េកាំង៖ មានហេតុការណ៍បាក់ដីដ៏ធំមួយនៅខេត្តស៊ីឈាន់ (Sichuan) ប្រទេសចិនបណ្ដាលឱ្យបាត់ខ្លួនមនុស្សយ៉ាងតិច៣០នាក់រហូតដល់សព្វថ្ងៃរកមិនទាន់ឃើញនៅឡើយទេ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ចិនស៊ីស៊ីធីវី (CCTV)។ អាជ្ញាធរកំពុងតាមរកយ៉ាងដុតដៃដុតជើងដើម្បីជួយសង្គ្រោះអ្នកដែលអាចនៅរស់រានមានជីវិត។ បើពួកគេមិនអាចនៅរស់ទាំងអស់ទេ រកឃើញប៉ុណ្ណាយកប៉ុណ្ណឹង។ ឬបើរកមិនឃើញអ្នកនៅរស់សូម្បីតែម្នាក់ យ៉ាងហោចណាស់បង្ហាញការខិតខំឱ្យអស់ពីសមត្ថភាពដែរ។

ហេតុការណ៍បាក់ដីនោះកើតឡើងនៅភូមិជីនភីង (Jinping) ទីក្រុងយីប៊ីន (Yibin) ។ អាជ្ញាធរបញ្ជាក់ថាមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួននៅទីតាំងភូមិសាស្ត្រដ៏គ្រោះថ្នាក់ជាទីបំផុត។ ទូរទស្សន៍ស៊ីស៊ីធីវីផ្សាយថាផ្ទះរបស់អ្នកស្រុកដប់ខ្នងនៅសុខៗស្រាប់តែបាក់គ្រិបចូលទៅក្នុងដីប្រៀបដូចជាព្រះធរណីស្រូប ខណៈដែលមនុស្សជាង៣០នាក់ក៏បានបាត់ខ្លួនមួយរំពេច។

ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ អាជ្ញាធរបានចុះទៅជម្លៀសអ្នករស់នៅម្ដុំនោះ២រយនាក់ និងអំពាវនាវឱ្យប្រជាជនទាំងអស់ជៀសវាងឱ្យឆ្ងាយពីតំបន់នោះ។ មើលទៅស្ថានភាពដីនៅទីនោះហាក់ដូចជាមិនស្រួលប៉ុន្មានទេ មានន័យថាស្រួលមិនស្រួលអាចនឹងមានករណីបាក់ដីកើតឡើងជាបន្តទៀត។ ដំណឹងនេះបានលេចឮដល់ប្រធានាធិបតីចិន លោកស៊ីជីនពីងរួចហើយ។

លោកបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងជំរុញឱ្យអាជ្ញាធរខិតខំឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកអ្នកបាត់ខ្លួន និងកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យមកនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយជាតិថ្លែងថាសំណាងល្អមនុស្ស២នាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា។

នាយករដ្ឋមន្ត្រីចិន លោកលីឆៀង (Li Qiang) ក៏អំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេត និងត្រួតពិនិត្យមើលស្ថានភាពភូមិសាស្ត្រនៅក្បែរៗនោះដើម្បីបង្ការគ្រោះថ្នាក់។ លោកក៏បានអំពាវនាវឱ្យប្រជាជននៅក្បែរៗនោះបើមើលស្ថានភាពហាក់ដូចជាមិនស្រួលទេគួរតែប្រញាប់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ដើម្បីជៀសវាងសោកនាដកម្មដូចករណីខាងលើនេះ។

អ្នករស់នៅក្នុងភូមិខាងលើនេះប្រាប់ថាប៉ុន្មានខែចុងក្រោយនេះឧស្សាហ៍មានថ្មរអិលធ្លាក់ពីកំពូលភ្នំ ឬចង្កេះភ្នំជាហូរហែ។ ក្រុមអ្នកផែនដីវិទ្យាក៏បានចុះទៅស្ទង់មើលកម្រិតគ្រោះថ្នាក់នៃស្ថានភាពភូមិសាស្ត្រនៅទីនោះកាលពីចុងឆ្នាំ២០២៤។ ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្សាយថាគណៈកម្មការជាតិអភិវឌ្ឍ និងកំណែទម្រង់បានបញ្ចេញថវិកា៥០លានយ័ន្ត ឬស្មើនឹង៦,៩លានដុល្លារអាមេរិកដើម្បីគាំទ្រការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ