រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ គេបានសង្កេតឃើញថា នៅរាជធានីភ្នំពេញមូសកាន់តែច្រើនឡើងៗ ជាពិសេសនៅតំបន់បឹងទំពន់ ខណ្ឌមានជ័យ ទោះបីជា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូស មិនទាន់ដកដៃក៏ដោយ តែមូសហាក់ដូចជានៅមិនទាន់ថមថយឡើយ ។
ដោយសារហេតុផលខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ នៃដំណើរសាកល្បងផ្លូវថ្មើរជើង មាត់ទន្លេ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៧ខែ កុម្ភៈ ២០២៥នេះ លោកបានណែនាំទៅលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យសហការជាមួយ សង្កាត់ ខណ្ឌ និងប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់មូស ចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យកោះសន្តិភាពដឹងថ្ងៃទី៨ ខែកុម្ភៈនេះថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស កន្លងមកនេះ គឺធ្វើទូទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំត្រូវ គឺវាបានងាប់អស់ហើយ ប៉ុន្តែមូស ដែលកើតមានបន្តបន្ទាប់នេះ គឺវាកើតចេញពីដង្កូវទឹក ដែលមានទឹកនៅក្នុង លូ ប្រឡាយ អាងទឹកឬបឹង ដែលវាកើតចេញបន្ត ។
លោកបន្តថា ដើម្បីកម្ចាត់ និងលុបបំបាត់មូសខ្លា សូមបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមកុំអោយមានទឹកដក់ ព្រៃ ឬស្មៅ ដែលជាជម្រក ត្រូវកាប់ឆ្កាចេញអោយបានស្អាត៣០០ម៉ែត្រពីផ្ទះ បើមិនចឹងទេ បាញ់ថ្នាំយ៉ាងណា ក៏មិនងាប់មូសអស់ដែរ ។
ចំណែក ប្រជាពលរដ្ឋបានលើកឡើងថា មូសកើតច្រើនដោយសារទឹកដក់នៅក្នុងលូ ប្រឡាយ យូរណាមួយអត់មានភ្លៀងអត់មានទឹកហូរបេញចូល ដែលជាជម្រកមូស ហើយនៅពេលមានការបាញ់ថ្នាំកន្លងមកនេះ មួសមួយចំនួន ដែលត្រូវថ្នាំបានងាប់ និងមួយចំនួនទៀត ដែលមិនត្រូវថ្នាំ បានផ្អើលចេញមកក្រៅចូលផ្ទះប្រជាពលរដ្ឋតែម្តង ។
នៅពេលទទួលដំណឹងថា អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ទីរសុខាភិបាល ចូលបាញ់ថ្នាំសម្លាប់មូសដល់ក្នុងផ្ទះប្រជាពលរដ្ឋរាជធានីភ្នំពេញ បានសម្តែង នូវទឹកចិត្តរីករាយ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ដែលកន្លងមកបានធ្វើឱ្យយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខុមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍ថា ដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កឱ្យមានហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ