រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ។
វត្តមាន នៃការអញ្ជើញដល់នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ របស់សម្ដេចតេជោ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ផងដែរ ។
សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាយសំផន កុមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ ។
គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ