ទីក្រុងស្តក់ហូម៖ មានហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយនៅក្នុងបរិវេណមជ្ឈមណ្ឌលអប់រំ១កន្លែងនៃប្រទេសស៊ុយអែតបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១០នាក់។ នាយករដ្ឋមន្ត្រីស៊ុយអែតចាត់ទុកថានេះជាករណីបាញ់ប្រហារទ្រង់ទ្រាយធំដែលផ្ដាច់ផ្ដិលជីវិតមនុស្សច្រើនបំផុត។ សាលារៀនខាងលើនេះឈ្មោះខេមផឺស រីសបឺកស្កា (Campus Risbergska) ស្ថិតនៅចម្ងាយ២រយគីឡូម៉ែត្រពីរាជធានីស្តក់ហូម។
មជ្ឈមណ្ឌលនេះមានកម្មវិធីសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, ថ្នាក់បណ្ដុះបណ្ដាលភាសាស៊ុយអែតសម្រាប់ជនភៀសខ្លួន និងអ្នកចំណាកស្រុក, វគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី និងកម្មវិធីបណ្ដុះបណ្ដាលសម្រាប់អ្នកមានសតិវិបល្លាស។
នាយករដ្ឋមន្ត្រីស៊ុយអែតថ្លែងពីទីក្រុងស្តក់ហូមថាថ្ងៃនេះមានអំពើហិង្សាដ៏សាហាវឃោរឃៅទៅលើជនស្លូតត្រង់ដែលគ្មានកំហុសអ្វីសោះ។ នេះជាការបាញ់ប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ស៊ុយអែត។ មានចម្ងល់រាប់មិនអស់ទេពាក់ព័ន្ធនឹងសំណុំរឿងនេះដែលមិនទាន់ទទួលបានចម្លើយដ៏ប្រាកដប្រជានៅឡើយទេ។ លោកក៏មិនអាចផ្ដល់ចម្លើយបានដែរ។
នៅស៊ុយអែត ការប្រព្រឹត្តអំពើហិង្សានៅក្នុងសាលារៀនជាករណីដ៏កម្របំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សាចាប់ផ្ដើមផ្ទុះឡើងកាន់តែញឹកញាប់ជាងមុនដោយប្រើប្រាស់កាំបិត ឬពូថៅធ្វើជាអាវុធ។ រដ្ឋមន្ត្រីយុត្តិធម៌ចាត់ទុកហេតុការណ៍បាញ់ប្រហារកាលពីព្រឹកមិញជាព្រឹត្តិការណ៍ដែលអង្រន់សង្គមជាតិទាំងមូល។ នគរបាលនិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងដប់នាក់នេះទៅទៀត។
ជនសង្ស័យនៅក្នុងអំពើបាញ់ប្រហារក៏ស្លាប់នៅក្នុងហេតុការណ៍នោះដែរ ហើយក៏ត្រូវរាប់បញ្ចូលនៅក្នុងចំនួនអ្នកស្លាប់ទាំងនោះផងដែរ។ សមត្ថកិច្ចជឿជាក់ថាជនសង្ស័យប្រព្រឹត្តអំពើបាញ់ប្រហារតែម្នាក់ឯងប៉ុណ្ណោះ។ កាលពីមុននេះ គាត់ក៏ពុំដែលមានប្រវត្តិប្រព្រឹត្តអំពើហិង្សានោះដែរ។ ហេតុនេះ នាយករដ្ឋមន្ត្រីស៊ុយអែតក៏ចង់ដឹងដែរថាតើហេតុអ្វីគាត់ប្រព្រឹត្តអំពើនេះ៕
ចែករំលែកព័តមាននេះ