ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​តែង​តាំង​រដ្ឋ​មន្ត្រី​ការ​បរ​ទេ​ស​អាមេរិក​ជា​នាយក​ស្ដី​ទី​USAID

19 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ កាល​ពី​យប់​មិញ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ម៉ាកូ រ៉ូប៊ីយ៉ូ ប្រកាស​ថា​លោក​​ទទួល​តួនា​ទី​ជា​នាយក​ស្ដី​ទី​របស់​ស្ថាប័ន​យូ​អែស​អេ​អាយ​ឌី (USAID) ដែល​លោក​ត្រាំ​ប្រកាស​ឱ្យ​ផ្អាក​ផ្ដល់​ជំនួយ​រយៈ​ពេល​៩០​ថ្ងៃ​។ តាម​មើល​ទៅ​នៅ​អំឡុង​ពេល​ព្យួរ​រយៈ​ពេល​៩០​ថ្ងៃ​នេះ​មិន​មែន​ផ្ដល់​ជំនួយ​ឡើង​វិញ​ទេ​ ប៉ុន្តែ​អាច​នឹង​បិទ​ដំណើរ​ការ​តែ​ម្ដង​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ កាល​ពី​យប់​មិញ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ម៉ាកូ រ៉ូប៊ីយ៉ូ ប្រកាស​ថា​លោក​​ទទួល​តួនា​ទី​ជា​នាយក​ស្ដី​ទី​របស់​ស្ថាប័ន​យូ​អែស​អេ​អាយ​ឌី (USAID) ដែល​លោក​ត្រាំ​ប្រកាស​ឱ្យ​ផ្អាក​ផ្ដល់​ជំនួយ​រយៈ​ពេល​៩០​ថ្ងៃ​។ តាម​មើល​ទៅ​នៅ​អំឡុង​ពេល​ព្យួរ​រយៈ​ពេល​៩០​ថ្ងៃ​នេះ​មិន​មែន​ផ្ដល់​ជំនួយ​ឡើង​វិញ​ទេ​ ប៉ុន្តែ​អាច​នឹង​បិទ​ដំណើរ​ការ​តែ​ម្ដង​។​ ប្រភព​ខ្លះ​អះ​អាង​ថា​លោក​ត្រាំ និង​លោក​អ៊ីឡន​ម៉ាស់​ក្នុង​នាម​ជា​នាយក​ «ស្ថាប័ន​ធានា​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋាភិបាល» ​កំពុ​ងពិភាក្សា​គ្នា​ថា​នឹង​បិទ​ USAID​​​។

​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ធំ​របស់​ USAID ប្រចាំ​ទី​ក្រុង​វ៉ាស៊ីនតោន​ចាប់​ផ្ដើម​ឈប់​ពី​ការ​ងារ​ជា​បណ្ដើរ​ៗ​ហើយ​​។ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ សេត​វិមាន​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​ដាក់​បញ្ចូល​ USAID ជា​ផ្នែក​១​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​។ USAID ក្លាយ​ជា​ផ្ទាំង​ស៊ីប​ដ៏​ធំ​ដែល​លោក​ត្រាំ​តាម​រក​រឿង​ជាង​គេ​ព្រោះ​លោក​យល់​ថា​អាមេរិក​ចំណាយ​ថវិកា​ជាតិ​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំ​ៗ​ដើម្បី​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​ពិភព​លោក​។ លោក​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​អា​មេ​រិក​ជា​រឿង​សំខាន់​ទី​១​។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សន្តិ​សុខ​​២​រូប​របស់​ USAID ត្រូវ​បាន​ព្យួរ​ការ​ងារ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​ពួក​គេ​​​បិទ​ខ្ទប់​ក្រុម​ការ​ងារ​របស់​លោក​អ៊ីឡន​ម៉ាស់​ដែល​ប្រៀប​បាន​នឹង​ដៃ​ស្ដាំ​របស់​លោក​ត្រាំ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ទី​ស្នាក់​ការ​របស់​ USAID។​ ឥឡូវ​នេះ គេហ​ទំព័រ​​ជា​ផ្លូវ​ការ​របស់​ USAID បាន​​បិទ​ដំណើរ​ការ​​បាត់​ទៅ​ហើយ​​​។ លោក​អ៊ីឡន​ម៉ាស់​ប្រកាស​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ USAID ​ឈាន​ដល់​ដំណាក់​កាល​ស្ដារ​លែង​ឡើង​ហើយ​ ហើយ​ត្រូវ​តែ​បិទ​ដំណើរ​ការ​ទាំង​ស្រុង​។

លោក​រូប៊ីយ៉ូ​ដែល​ស្ថិត​នៅ​ប្រទេស​អែល​សាល​វ៉ាឌ័រ (El Salvador) បាន​ប្រកាស​ថា​លោក​កំពុង​ដឹក​នាំ​ស្ថាប័ន​ USAID​ ដើម្បី​រៀប​ចំ​ស្ថាប័ន​នេះ​ឱ្យ​ស៊ី​សង្វាក់​គ្នា​នឹង​មាគ៌ា​នយោបាយ​របស់​លោក​ត្រាំ​។ លោក​ថា​គោល​ដៅ​ចម្បង​របស់​យើង​គឺ​ត្រូវ​​កែ​សម្រួល​ឱ្យ​ការ​ផ្ដល់​ជំនួយ​របស់​យើង​ស្រប​គ្នា​នឹង​ការ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ជា​រឿង​សំខាន់​ទី​មួយ​។

លោក​អះ​អាង​ថា​នៅ​ពេល​​ក្រឡេក​ទៅ​មើល​ការ​បំពេញ​ការ​ងារ​របស់​​ស្ថាន​ទូត​​អាមេរិក​ទូទាំង​ពិភព​លោក​ យើង​ពិនិត្យ​ឃើញ​ថា​​ភាគ​ច្រើន​ណាស់​ USAID បំពេញ​ការ​ងារ​ផ្ទុយ​ពី​​កម្ម​វិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក​​​។ លោក​ថ្លែង​ថា​​រដ្ឋា​ភិ​បាល​អា​មេ​រិក​មិន​អាច​បណ្ដោយ​ឱ្យ​រឿង​នេះ​កើត​ឡើង​ជា​បន្ត​ទៀត​ទេ​។​

​USAID អាច​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក​​៤៣​ក្នុង​មួយ​ឆ្នាំ​ៗ​​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​ស្បៀង​អាហារ​, មនុស្ស​ធម៌ និង​ជំនួយ​ដទៃ​ទៀត​។ ក្នុង​នោះ​ មាន​កម្ម​វិធី​ទឹក​ស្អាត​ និង​សុខាភិបាល​ទៅ​ឱ្យ​​ប្រទេស​ជា​ដៃ​គូ​ចំនួន​១៣០​ប្រទេស​។​ បុគ្គ​លិក​របស់​ USAID ទទួល​ការ​ជូន​ដំណឹង​ថា​ពួក​គេ​មិន​ចាំ​បាច់​ធ្វើ​របាយ​ការណ៍​ការ​ងារ​ត​ទៅ​ទៀត​ទេ​ចាប់​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ត​ទៅ​។​

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ គណ​​បក្ស​ប្រជា​​ធិប​តេយ្យ​ និង​ក្រុម​​អ្នក​រិះ​គន់​​នយោបាយ​របស់​លោក​ត្រាំ​បាន​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​គម្រោង​បិទ​ទ្វារ​ USAID។ ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ខ្លះ​ប្រកាស​មិន​បោះ​ឆ្នោត​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​ដែល​ស្នើ​បេក្ខ​ភាព​ទៅ​សភា​ទេ។ លុះ​ត្រា​តែ​​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ USAID បើក​ដំណើរ​ការ​ឡើង​វិញ​​។​ ​សមាជិក​ព្រឹទ្ធ​សភា​ខ្លះ​​ប្រកាស​ថ្កោល​ទោស​លោក​អ៊ីឡន​ម៉ាស់​ដែល​ចង់​កម្ទេច​ស្ថាប័ន​ USAID ចោល​។​ ពួក​គេ​យល់​ថា​ធ្វើ​បែប​នេះ​នឹង​ហុច​ផល​ចំណេញ​ទៅ​ឱ្យ​ក្រុម​ប្រទេស​សត្រូវ​របស់​អាមេរិក​ទៅ​វិញ​ទេ​ដូច​ជា​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​​ប្រទេស​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ