ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេងធ្លាក់ចុះ ក្រោយលោក​ត្រាំ ប្រកាសផ្អាកការដំឡើងពន្ធលើម៉ិកស៊ិក និងកាណាដា

7 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald…

អន្តរជាតិ ៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសផ្អាកការដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា រយៈពេលមួយខែ។

តម្លៃប្រេងឆៅ Brent អន្តរជាតិបានធ្លាក់ចុះ ០,៦% នៅក្នុងតម្លៃ ៧៥,១៧ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង១០ព្រឹក ម៉ោងក្នុងស្រុក ធ្លាក់ចុះពី ៧៥,៦៤ដុល្លារក្នុងការជួយដូរមុន។ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ ០,៩% មកនៅត្រឹម ៧១,៧៧ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងការជួញដូរមុនដែមានតម្លៃ ៧២,៤៨ដុល្លារក្នុងមួយបារ៉ែល។

លោក ត្រាំ បានប្រកាសដំឡើងពន្ធ ២៥% លើការនាំចូលទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក និងដំឡើងពន្ធ ១០% លើការនាំចូលពីប្រទេសចិន ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ តទៅ។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទ លោក ត្រាំ និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ បន្ទាប់មកលោក ត្រាំ បានបង្ហើបពីការយល់ព្រមលើវិធានការ ដើម្បីកែលម្អសន្តិសុខព្រំដែន។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ លោក ត្រាំ បានប្រកាសផ្អាកពន្ធ ២៥% លើការនាំចូលពីម៉ិកស៊ិកសម្រាប់រយៈពេលមួយខែ ជាថ្នូរនឹងរដ្ឋាភិបាលម៉ិកស៊ិកបង្កើនកិច្ចខិតខំប្រឹងប្រែងសន្តិសុខព្រំដែនរបស់ខ្លួន។

ជាមួយគ្នានោះផងដែរ លោក ត្រាំ ក៏បានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ផងដែរ។ ក្រោយបញ្ចប់ការសន្ទនា លោក ត្រាំ បានប្រកាសថា ពន្ធលើប្រទេសកាណាដាក៏នឹងត្រូវផ្អាកសម្រាប់រយៈពេលមួយខែផងដែរ។ លោក ត្រាំ បានថ្លែងថា ភាគីកាណាដាបានយល់ព្រមក្នុងការធានាថា សហរដ្ឋអាមេរិកមានព្រំដែនភាគខាងជើងប្រកបដោយសុវត្ថិភាព និងបញ្ចប់លំហូរគ្រឿងញៀន ដូចជា សារធាតុ Fentanyl ចូលទៅទឹកដីអាមេរិកជាដើម។

ទន្ទឹមនឹងនេះទៀត អំឡុងពេលកិច្ចប្រជុំដ៏សំខាន់កាលពីថ្ងៃចន្ទ ក្រុមប្រទេសផលិតប្រេង OPEC+ បានសម្រេចចិត្តរក្សាផែនការផ្គត់ផ្គង់ប្រេងរបស់ខ្លួនមិនផ្លាស់ប្តូរ ដោយចាប់ពីខែមេសាតទៅ ក្រុមនេះនឹងបន្តបង្កើនការផ្គត់ផ្គង់ប្រេងចំនួន ១២០,០០០បារ៉ែលក្នុងមួយថ្ងៃជារៀងរាល់ខែ។ ស្របពេលមានការរំពឹងទុកថា ក្រុមនេះនឹងបង្កើនការផលិតប្រេងរបស់ខ្លួនជាបណ្តើរៗនៅពេលអនាគតនោះ បានបន្ធូរបន្ថយកង្វល់លើលើតម្លៃ ក៏ដូចជាការផ្គត់ផ្គង់ទីផ្សារសកល៕ ដកស្រង់ ៖ Reuters និង Energy Terminal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ