ទីក្រុងប៉េកាំង៖ នៅទីបំផុត សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមហើយ។ ថ្ងៃនេះ ប្រទេសចិនប្រកាសដំឡើងពន្ធ១៥%ទៅលើហ្គាស និងធ្យូងថ្មដែលនាំចូលពីប្រទេសអាមេរិកដើម្បីជាវិធានការវាយបកទៅលើលោកត្រាំដែលទើបតែដំឡើងពន្ធ១០%ទៅលើទំនិញរបស់ប្រទេសចិន។ ថ្វីដ្បិតគម្រោងដំឡើងពន្ធ២៥%ទៅលើប្រទេសកាណាដា និងម៉ិកស៊ីកូសម្រេចព្យួរទុករយៈពេល៣០ថ្ងៃ ប៉ុន្តែទំនិញរបស់ចិននៅរក្សាទុកពន្ធ១០%ដដែល។
នៅក្នុងចំណោមមុខទំនិញដែលប្រទេសចិននឹងដំឡើងពន្ធនោះមានដូចជាប្រេងឆៅដំឡើងពន្ធ១០%, គ្រឿងបរិក្ខារកសិកម្ម រថយន្តធុនធំ និងឡានភិកអាប់ក៏ដំឡើងពន្ធ១០%ដូចគ្នា។ ចំណែកធ្យូងថ្ម និងហ្គាសដំឡើងពន្ធ១៥%។ វិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី១០ ខែកុម្ភៈតទៅ។ មានន័យថាសង្គ្រាមពាណិជ្ជកម្មចាប់ផ្ដើមហើយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២។
ក្រសួងពាណិជ្ជកម្មចិនថ្លែងថាការដែលលោកត្រាំដំឡើងពន្ធទៅលើទំនិញចិនជាការរំលោភធ្ងន់ធ្ងរទៅលើវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ចំណែកការដំឡើងពន្ធរបស់ចិនទៅលើទំនិញអាមេរិកគ្រាន់តែជាវិធានការការពារខ្លួនតែប៉ុណ្ណោះ។ កាលពីយប់មិញ លោកត្រាំប្រកាសព្យួរទុកជាបណ្ដោះអាសន្ននូវគម្រោងដំឡើងពន្ធទៅលើទំនិញម៉ិកស៊ីកូ និងកាណាដាដោយសារប្រទេសទាំង២បញ្ជូនក្រុមការងារទៅចរចាគ្នា និងសន្យារឹតបន្តឹងសន្តិសុខនៅតាមព្រំដែន។
ផ្ទុយទៅវិញ ប្រទេសចិនមិនបានឆ្លើយតបទៅនឹងការទាមទាររបស់លោកត្រាំដែលចង់ឱ្យអាជ្ញាធរចិនទប់ស្កាត់គ្រឿងញៀននោះទេ។ សេតវិមានថ្លែងថាលោកត្រាំមិនទាន់សន្ទនាគ្នាជាមួយលោកស៊ីជីនពីងនៅឡើយទេ ហើយត្រូវរង់ចាំរហូតដល់ចុងសប្ដាហ៍ក្រោយ។ កាលពីពេលដឹកនាំប្រទេសនៅអាណត្តិទី១លោកត្រាំដំឡើងពន្ធទៅលើប្រទេសចិនចាប់ពីឆ្នាំ២០១៨រហូតដល់លោកផុតអាណត្តិ។
កាលនោះ ប៉ះពាល់ទៅលើមុខទំនិញដែលមានតម្លៃរាប់រយពាន់លានដុល្លារ និងក៏ប៉ះពាល់សង្វាក់ផ្គត់ផ្គង់ផងដែរ។ សេដ្ឋកិច្ចពិភពលោករងគ្រោះយ៉ាងដំណំ។ ប្រទេសចិនបញ្ជាក់ថាឆ្នាំ២០២០ដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មនេះ ខ្លួនយល់ព្រមទិញទំនិញអាមេរិក២០០ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងមួយឆ្នាំៗដើម្បីឱ្យជញ្ជីងពាណិជ្ជកម្មមានតុល្យភាព។ ប៉ុន្តែផែនការនេះត្រូវអាក់ខានទៅវិញដោយសារវិបត្តិកូវីដ១៩។ ហេតុនេះចិននាំទៅអាមេរិកលើស៣៦១ពាន់លានដុល្លារក្នុង១ឆ្នាំៗ។
អ្នកវិភាគយល់ថា ប្រទេសចិនខុសពីកាណាដា និងម៉ិកស៊ីកូ។ ប្រទេសទាំង២នេះអាចនឹងបន្ទន់ឥរិយាបថទៅតាមការទាមទាររបស់លោកត្រាំដោយសារកត្តាសេដ្ឋកិច្ច ភូមិសាស្ត្រ និងនយោបាយ។ ប៉ុន្តែប្រទេសចិនប្រហែលជាមិនងាយនឹងទោរទន់ទៅរកអាមេរិកដោយងាយៗនោះទេ។ ទោះបីប្រទេសទាំង២អាចនឹងព្រមព្រៀងគ្នានៅក្នុងចំណុចខ្លះក៏ដោយ ក៏ការដំឡើងពន្ធជាទូទៅមិនអាចបញ្ឈប់ត្រឹមនេះបានឡើយ។ លោកត្រាំព្រមានថានឹងដំឡើងពន្ធទៅលើទំនិញចិនរហូតដល់៦០%។
ក្រៅពីការដំឡើងពន្ធទៅលើទំនិញអាមេរិក ប្រទេសចិនក៏ត្រៀមចាត់វិធានការបន្ថែមទៀតទៅលើក្រុមហ៊ុនធំៗរបស់អាមេរិកដូចជាហ្គូហ្កល, ក្រុមហ៊ុនសំលៀកបំពាក់ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាខ្នាតយក្សជាដើម។ ចិនត្រៀមដាក់បញ្ចូលក្រុមហ៊ុនទាំងនេះទៅក្នុងបញ្ជីក្រុមហ៊ុនដែលមិនអាចជឿទុកចិត្តបានតទៅទៀតទេ។ ចំណែកវត្ថុធាតុដើមដែលជាលោហធាតុកម្ររបស់ចិនក៏ត្រូវដាក់កំហិតទៅលើការនាំចេញផងដែរ៕
ចែករំលែកព័តមាននេះ