ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា F4 ខ្មែរបង្ហោះសារចូលរួមរំលែកទុក្ខ ក្រោយមរណភាពរនាង សាន់ ឆាយ របស់តៃវ៉ាន់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ជា​តួ F4 ខ្មែរ​លោក សោ ពន្លឺ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ក្នុង​ការ​ចូលរួម​រំលែក​ទៅ​កាន់​តួ​សម្តែង​នាង…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ជា​តួ F4 ខ្មែរ​លោក សោ ពន្លឺ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ក្នុង​ការ​ចូលរួម​រំលែក​ទៅ​កាន់​តួ​សម្តែង​នាង សាន់ ឆាយ តួឯក​ស្រី​នៅ​ក្នុង​រឿង F4 របស់​តៃវ៉ាន់ ដែល​បាន​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តារា​សម្ដែង​ស្រី​របស់​តៃវ៉ាន់ អ្នក​នាង Barbie Hsu ដែល​ល្បីល្បាញ​ខ្លាំង​បំផុត តាម​រយៈ​ការ​សម្តែង​តួអង្គ សាន់ ឆាយ នៅ​ក្នុង​រឿង Meteor Garden ឆ្នាំ ២០០១ បាន​ទទួលមរណភាព​នៅ​ក្នុង​អាយុ​៤៨​ឆ្នាំ នៅ​ក្នុង​ប្រទេស​ជប៉ុន ។

សារព័ត៌មាន​តៃវ៉ាន់ Star ETToday បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​នោះ ដែល​បាន​សរសេរ​ថា «​សូម​អរគុណ​សម្រាប់​ការ​ព្រួយបារម្ភ ។ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​គ្រួសារ​របស់​យើង​ទាំងមូល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​សម្រាប់​ថ្ងៃ​វិស្សមកាល ហើយ​បងស្រី Barbie Hsu ជាទី​ស្រឡាញ់​បំផុត​របស់ខ្ញុំ​បាន​កើត​ជំងឺ​រលាក​សួត​ដែល​បណ្តាល​មក​ពី​ផលវិបាក​នៃ​ជំងឺ​ផ្តាសាយ ហើយ​ជា​អ​កុស​សល គាត់​បាន​ចាក​ចេញពី​ពួក​យើង​» ។

យ៉ាងណា​ដំណឹង​ដ៏​សោកសៅ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​អ្នកគាំទ្រ​របស់​នាង​នៅ​ទូ​ទាំង​ពិភពលោក​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដោយនៅ​ក្នុង​នោះ​ទស្សនិកជន​ខ្មែរ ជា​ពិសេស​អ្នកសិល្បៈ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្លាប់​ស្គាល់​រូប​នាង​តាម​រយៈ​រឿង F4 នោះ​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​តួឯក​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ​ផង​ដែរ ។

ដោយឡែក​សម្រាប់​អតីត​តារា​សម្តែង និង​ជា​តួអង្គ​សម្តែង​ក្នុង​បទ F4 ខ្មែរ លោក សោ ពន្លឺ ក៏​បាន​បញ្ចេញ​សំ​ណេ​រ​របស់​លោក​បង្ហោះ​តាម​បណ្តាញ​សង្គម ដោយនៅ​ក្នុង​នោះ​លោក​បាន​សម្តែង​ការ​ចូលរួម​សោកស្តាយ​ចំពោះ​មរណភាព​របស់​តួឯក​ស្រី សាន់ ឆាយ ដែល​បាន​ទទួលមរណភាព​នា​ពេល​នេះ ។

លោក សោ ពន្លឺ បាន​សរសេរ​ថា សូម​ចូលរួម​សោកស្តាយ​ផង​ចំពោះ​ការ​បាត់បង់​តា​រ៉ា​ដ៏​ល្បី​របស់​តៃវ៉ាន់ ដែល​មានឈ្មោះ​ថា សាន់​ឆាយ នៅ​ក្នុង​រឿង F4 ។ លោក​បញ្ជាក់​ថា ទោះបី​មិន​បាន​ស្គាល់គ្នា​ដោយ​ផ្ទាល់ តែ​ក៏​អាច​ចាត់​ទុក​ថា ជា​និស្ស័យ​ពី​ចម្ងាយ ដែល​មានឱកាស​សម្តែង​រឿង​តែ​មួយ​នៅ​ប្រទេស​ផ្សេង​គ្នា ហើយ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​បងប្អូន​រួម​ជាតិ​របស់ខ្ញុំ​ដែរ (​ប្រទេស​កម្ពុជា​) ។ សូម​អោយ​វិញ្ញាណក្ខន្ធ​របស់​អ្នក​ទៅ​កាន់​សុគតិភព​ផង​ចុះ May her soul rest in peace ។


គួរ​បញ្ជាក់​ថា លោក​សោ ពន្លឺ គឺជា​អតីត​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ដោយ​បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ភរិយា និង​កូនស្រី​ចំនួន​៣​រូប​នៅ​ទីនោះ ។ លោក​ក៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​សម័យកាល​រឿង F4 លោក​បាន​សម្តែង​ចម្រៀង​កាយវិការ គឺ​បទ «​មិន​ស្រលាញ់​អូន​មិន​បាន​» នៅ​ក្នុង​ផលិតកម្ម ព្រះ​វិហារ ក្នុង​ពេល​ដែល​លោក បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សម្តែង​ភាពយន្ត​នៅ​ក្នុង​ឆ្នាំ​២០០២ ។

ខ្សែភាពយន្ត​ដែល​លោក​បាន​សម្តែង​មាន​ដូច​ជា ៖ រឿង ស្នាម​ស្នេហ៍​សមុទ្រ​រៀម , ចំណងប្រាំប្រការ​ស្រមោល​ស្នេហ៍​វី​យូ​ឡុ​ង , ម៉ាក​ភូ​យុង​កែវ , ស្នេហ៍​កម្ម​ភូមិធំ​, និង​មានរឿង​ជា​ច្រើន ។

លោក សោ ពន្លឺ បាន​លាឈប់​ពី​ការ​សម្តែង​នៅ​ក្នុង​ឆ្នាំ​២០០៦ បន្ទាប់​ពី​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​កសាង​គ្រួសារ​នៅ​ទីនោះ ដែល​គិត​មក​ដល់​នា​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ