រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនតែងតែគិតថា ជំងឺបូសនៅបរិវេណរន្ធបាត និងបូសអន្ទង់ ជាជំងឺមួយដែលព្យាបាល ហើយភាគច្រើនតែងតែលាប់មកវិញ ឬព្យាបាលមិនជា ប៉ុន្តែការគិតនេះមិនត្រឹមត្រូវនោះទេ ។ នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានបង្ហោះ កាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ ។
១- បូសអន្ទង់ជាអ្វី?
វា គឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ ។ ជំងឺនេះកើតមានភាគច្រើនចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ ។
២- រោគសញ្ញាបូសអន្ទង់ ៖
-មានដុំពកហើម និងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
-ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ
-មានហូរខ្ទុះនៅបាត ឬមានអារម្មណ៍ថា សើមជាប់ជាប្រចាំនៅបាត
-រមាស់នៅបាត
៣- មូលហេតុ ៖
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន ។ គេសន្និដ្ឋានថា ជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ ។
៤- វិធីព្យាបាល ៖
ការព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព គឺការវះកាត់ រីឯការព្យាបាលដោយប្រើថ្នាំផ្សះ (Antibiotiques) តែមួយមុខគត់ គឺមិនមានប្រសិទ្ធភាពអោយជំងឺនេះជាសះស្បើយនោះទេ ។ ការវះបូសអន្ទង់មានពីរប្រភេទ គឺការវះបង្ហូរខ្ទុះបន្ថយការឈឺចាប់បណ្តោះអាសន្ន និងការវះឲ្យជាសះស្បើយ ។
ចំពោះការវះបង្ហូរខ្ទុះបន្ថយការឈឺចាប់ ៖
ការវះនេះធ្វើនៅពេលដែលបូសកំពុងតែហើម និងឈឺ ។ យើងគ្រាន់តែចាក់ថ្នាំស្ពឹកវះផ្នែកខាងក្រៅ និងចោះបង្ហូរខ្ទុះចេញ ក៏ប៉ុន្តែវាមិនមែនជាវិធីព្យាបាលឲ្យជាសះស្បើយនោះទេ វាគ្រាន់តែជាការវះបន្ធូរបន្ថយការឈឺចាប់ប៉ុណ្ណោះ ។ បូសនេះនឹងលាប់មកវិញ ប្រសិនបើមិនធ្វើការវះផ្ដាច់ផ្លូវរូងរបស់វាទេ ។
ចំណែកការវះកាត់ផ្ដាច់ផ្លូវរូងបូសអន្ទង់ (Fistulotomie)៖
នេះជាវិធីតែមួយគត់ព្យាបាលឲ្យជាសះស្បើយ និងមិនលាប់ឡើងវិញ ។ ការវះនេះខុសពីការវះខាងក្រៅបង្ហូរខ្ទុះចេញ គឺត្រូវវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត ។ វិធីវះកាត់ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់វះកាត់ ប្រើថ្នាំឲ្យស្ពឹកត្រឹមចង្កេះចុះក្រោម និងវះដោយគ្មានការឈឺចាប់ ។ បន្ទាប់ពីវះកាត់តម្រូវឲ្យសម្រាកតាមដាននៅមន្ទីរពេទ្យតែ១ថ្ងៃប៉ុណ្ណោះ រួចត្រឡប់ទៅផ្ទះវិញ និងធ្វើការងារផ្សេងៗបានជាធម្មតា ។
៥- ផលវិបាកនៃបូសអន្ទង់ ៖
គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ៖
ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Cellulite ou Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈាមដែលអាចបណ្ដាលឲ្យស្លា.ប់បាន ។
ករណីនេះងាយនឹងកើតមាន ជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺប្តូរប្រឹសបេះដូង និងអ្នកប្រើថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS មិនបានត្រឹមត្រូវ ។
៦- អនុសាសន៍៖
មានតែការវះកាត់តែមួយមុខគត់ ដែលអាចព្យាបាលបូសអន្ទង់អោយមានប្រសិទ្ធភាព និងជាសះស្បើយ ។
ដោយឡែក «ប្រសិនបើលោកអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។» ៕
ចែករំលែកព័តមាននេះ