ទីក្រុងវ៉ាស៊ីនតោន៖ សង្គ្រាមពាណិជ្ជកម្មដែលលោកត្រាំទើបកំពុងលេងនេះធ្វើឱ្យកក្រើកពិភពលោកហើយ។ មិនទាន់បានអីផង គ្រាន់តែអាមេរិកដំឡើងពន្ធទៅលើប្រទេសបីគឺម៉ិកស៊ីកូ, កាណាដា និងចិន ប្រទេសដទៃទៀតចាប់ផ្ដើមបញ្ចេញប្រតិកម្មជាបន្តបន្ទាប់។ លោកត្រាំដំឡើងពន្ធ២៥%ទៅលើទំនិញរបស់កាណាដា និងម៉ិកស៊ីកូ និង១០%ទៅលើទំនិញរបស់ចិន។
ថ្នាក់ដឹកនាំកាណាដា និងម៉ិកស៊ីកូប្រកាសថាខ្លួននឹងចាត់វិធានការដំឡើងពន្ធទៅលើទំនិញរបស់អាមេរិកវិញដើម្បីជាការសងសឹក។ ប៉ុន្តែប្រទេសទាំង២ហាក់ដូចជាមានចេតនាចង់ចរចាគ្នាជាមុនសិនព្រោះមើលទៅសង្គ្រាមនេះលេងមិនឈ្នះអាមេរិកទេ។ ប៉ុន្តែប្រជាជនប្រទេសទាំង២ទាមទារឱ្យរដ្ឋាភិបាលប្រកាន់ជំហររឹងមាំ និងមិនត្រូវចុះចាញ់ការសម្លុតរបស់អាមេរិកទេ។
ដោយឡែក សហភាពអឺរ៉ុបមិនទាន់ដំឡើងពន្ធនៅឡើយទេ។ ប៉ុន្តែថ្នាក់ដឹកនាំប្រទេសអឺរ៉ុបចាប់ផ្ដើមគិតគូរអំពីរឿងនេះជាបណ្ដើរៗបន្ទាប់ពីលោកត្រាំប្រកាសថាអឺរ៉ុបក៏មិនរួចខ្លួនដែរ។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ថ្លែងថាបើអឺរ៉ុបរងការវាយប្រហារដោយសង្គ្រាមពាណិជ្ជកម្ម លោកនឹងខិតខំចាត់វិធានការដើម្បីឱ្យស្ថាប័ននេះទទួលបានការគោរព។ លោកថ្លែងនៅពេលអាមេរិកប្រកាសដំឡើងពន្ធ សហភាពអឺរ៉ុបនឹងសាមគ្គីគ្នាយ៉ាងរឹងមាំ។
អ្នកវិភាគយល់ថាការដំឡើងពន្ធនេះនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចអាមេរិក។ ជាពិសេស អ្នកមានប្រាក់ចំណូលទាបនឹងរងគ្រោះខ្លាំងពីទំនិញឡើងថ្លៃ។ ប៉ុន្តែលោកត្រាំអះអាងថាបញ្ហានេះនឹងកើតឡើងរយៈពេលខ្លីតែប៉ុណ្ណោះ។ គេរំពឹងថានៅក្នុងពេលឆាប់ៗនេះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនឹងជជែកគ្នាអំពីការដំឡើងពន្ធរបស់លោកត្រាំ។ ដោយឡែក នាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ថាស់ (Donald Tusk) និងប្រធានាធិបតីលីទុយអានីបានអំពាវនាវឱ្យសហភាពអឺរ៉ុបរួបរួមសាមគ្គីគ្នាដើម្បីរកវិធីទប់ទល់នឹងការដំឡើងពន្ធ។
បញ្ហាមួយទៀតសម្រាប់សហភាពអឺរ៉ុបគឺការបង់ថ្លៃវិភាគទានរបស់អង្គការណាតូ។ នេះជាអ្វីដែលលោកត្រាំបានទាមទារម្ដងទៀតនៅពេលលោកស្បថចូលកាន់តំណែង។ ប្រតិកម្មក៏មានផងដែរពីអធិការបតីអាល្លឺម៉ង់ លោកសូល។ លោកយល់ថាសហភាពអឺរ៉ុបមិនអន់ប៉ុន្មានដែរ។ អឺរ៉ុបមានកម្លាំងគ្រប់គ្រាន់ដើម្បីតដៃជាមួយអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ប៉ុន្តែលោកមិនគាំទ្រការប្រើប្រាស់ធម៌ក្ដៅដាក់គ្នានោះទេ។ លោកយល់ថាគោលដៅធំរបស់យើងគឺសហការគ្នានៅក្នុងចំណោមប្រទេសជាដៃគូពាណិជ្ជកម្ម។
ងាកមកមើលប្រទេសចិនវិញម្ដង បន្ទាប់ពីត្រូវលោកត្រាំដំឡើងពន្ធ១០%រួចមក រដ្ឋាភិបាលទីក្រុងប៉េកាំងប្រកាសខ្លួននឹងចាត់វិធានការវាយបកវិញ។ ជាបឋម ប្រទេសចិនចង់តតាំងគ្នាផ្នែកផ្លូវច្បាប់ជាមុនសិន។ ចិននឹងយកបញ្ហានេះប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្រៅពីនេះ ប្រទេសចិនក៏ត្រៀមចាត់វិធានការវាយបកវិញតាមមធ្យោបាយជាច្រើន៕
ចែករំលែកព័តមាននេះ