រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលកំពុងរស់នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ មានសេចក្តីសប្បាយរីករាយជាទីបំផុត ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីជំនាញ បានចុះធ្វើ សណ្តាប់ធ្នាប់ និងវាយកម្ទេចសំណង់រំលោភលើផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ក៏ដូចជាសម្រួលដល់ជីវភាព នៃការរស់ នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
សូមបញ្ជាក់ថា ផ្លូវនេះមានទីតាំងស្ថិតនៅខាងក្រោយរបងរោងចក្រហារតា ផាកខេជីង អ៊ិនដាសស្ទ្រី (ខេមបូឌា) លីមីតធីត ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទទឹង ៨ម៉ែត្រ។ ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ២០២០ មានប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងផ្លូវនេះ បានសាងសង់សំណង់រឹងមាំរំលោភលើផ្លូវអស់ប្រហែល០៣ម៉ែត្រ ហើយក្រៅពីសំណង់រំលោភផ្លូវ ក៏មានការប្រើប្រាស់ដងផ្លូវយ៉ាងអនាធិបតេយ្យ ដោយអ្នកខ្លះបានដាក់ធុងសម្រាម គ្រែរនាប សម្ភារៈចាស់ៗ រទេះលក់ ដូរ ចតរ៉ឺម៉ក ចតយានយន្ត តាំងសម្ភារៈលក់ដូរ និងសង់រោងលក់ ដូរពេញដងផ្លូវ ដែលបណ្ដាលឲ្យផ្លូវបាត់បង់សណ្តាប់ធ្នាប់អនាម័ យ និងបានធ្វើឲ្យផ្លូវមានសភាពរួមតូចចង្អៀតខ្លាំង ស្ទើរតែគ្មានចន្លោះផ្លូវសម្រាប់ធ្វើដំណើរ ។
ការចុះវាយកម្ទេចសំណង់រឹងមាំរំលោភលើផ្លូវនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០ ២៥ ដែលរហូតមកដល់ពេលនេះការវាយកម្ទេចសម្រេចបានស្ទើរ តែទាំងស្រុងហើយ ។
ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរគមន៍សម្របសម្រួល ក្នុងន័យដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ប្រកបដោយភាពជាអ្នកដឹកនាំ ប្រសិទ្ធភាព និងទាន់ពេលវេលា។ ហើយក៏សូមថ្លែងអំណរគុណដល់លោកអភិបាល អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីជំនាញទាំងអស់ ដែលបានចុះជាប់ក្នុងការអនុវត្តរៀបចំសណ្តាប់ធ្នាប់ និងវាយកម្ទេចសំណង់ខុស ច្បាប់ ប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ។
ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់សង្ឃឹមថា ទៅថ្ងៃមុខនឹងលែងមានជនឆ្លៀតឳកាស កេងចំណេញយកផ្លូវសាធារណៈ សាងសង់សំណង់រឹងមាំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត ទាំងក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឬនៅតាមមូលដ្ឋានផ្សេង ទៀតទូទាំងប្រទេស ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ