ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំនៅតែចិញ្ចឹមចិត្តចង់បានព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងទោះបីនៅក្នុងតម្លៃណាក៏ដោយ។ លោកព្រមានរហូតដល់ប្រើប្រាស់កម្លាំងយោធាទៀតផងបើសិនសភាពការណ៍ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ លោកយល់ថាគួរខិតខំចរចាគ្នាឱ្យអស់លទ្ធភាពជាមុនសិន។ ប្រទេសទាំង២មានជម្លោះការទូតក្រោយការព្រមាននេះ។
ក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ធ្វើដំណើរទៅប្រទេសប៉ាណាម៉ាទាំងប្រញាប់ប្រញាល់ដើម្បីជជែកគ្នាអំពីបញ្ហានេះ។ តាមមើលទៅ លោកត្រាំប្រហែលជាមិននិយាយលេងសើចទេពាក់ព័ន្ធនឹងព្រែកជីកប៉ាណាម៉ា និងកោះហ្គ្រីនលែន។ លោកប្ដេជ្ញាថាត្រូវយកទីតាំងទាំង២នេះមកគ្រប់គ្រងឱ្យបានដើម្បីកសាងអាណាចក្ររបស់លោកឱ្យនៅតែរុងរឿងជាបន្តទៀត។ លោកបារម្ភថាបើអាមេរិកពន្លែងដៃ ប្រទេសដទៃនឹងឆក់យកទីតាំងទាំង២នេះ។
លោករូប៊ីយ៉ូប្រាប់ទៅប្រធានាធិបតីប៉ាណាម៉ាថាត្រូវតែកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិននៅក្នុងការគ្រប់គ្រងព្រែកនេះ។ បើមិនដូច្នេះទេនឹងមានរឿងធំជាមួយគ្នាជាមិនខានឡើយ។ ការថ្លែងដូច្នេះបន្ទាប់ពីប៉ាណាម៉ានៅតែរឹងទទឹងចំពោះការព្រមានរបស់លោកត្រាំ។ ប៉ាណាម៉ាថ្លែងថាកិច្ចជំនួបនោះធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ ប៉ុន្តែលោកបញ្ជាក់ថាលោករូប៊ីយូមិនបានប្រើពាក្យគំរាមយកព្រែកនេះមកកាន់កាប់ដោយកម្លាំងយោធាទេ។
លោករូប៊ីយ៉ូប្រាប់ប្រធានាធិបតីប៉ាណាម៉ាថាករណីមានវត្តមានរបស់ប្រទេសចិននៅក្នុងព្រែកនេះមានន័យថាជាការរំលោភទៅលើកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាប្រគល់ព្រែកកាលពីឆ្នាំ១៩៩៩។ យោងតាមសន្ធិសញ្ញានេះ ព្រែកជីកប៉ាណាម៉ាត្រូវតែរក្សាអព្យាក្រិតភាពជាអចិន្ត្រៃយ៍។ ក្រោយមក លោករូប៊ីយ៉ូបានចុះទៅពិនិត្យមើលព្រែកជីកដោយផ្ទាល់។ លោកថ្លែងថាព្រែកនេះមិនត្រូវប្រគល់ទៅឱ្យអ្នកផ្សេងគ្រប់គ្រងក្រៅពីប្រទេសប៉ាណាម៉ាឡើយ ហើយត្រូវតែដាក់ឱ្យប្រើប្រាស់គ្រប់ប្រទេសទាំងអស់។
សូមរំលឹកថាអ្នកដែលផ្ដួចផ្ដើមជីកព្រែកប៉ាណាម៉ាមុនគេគឺប្រទេសបារាំង ជីកតាំងពីឆ្នាំ១៨៨២។ ប៉ុន្តែកាលពីជំនាន់នោះជីកដោយដៃព្រោះមិនទាន់មានគ្រឿងចក្រទំនើប។ ម៉្លោះហើយស្លាប់មនុស្សអស់ច្រើនណាស់រហូតដល់២ម៉ឺននាក់ឯណោះ។ ត្រឹមឆ្នាំ១៨៩០ ប្រទេសបារាំងក៏សម្រេចចិត្តបោះបង់ចោលគម្រោងជីកព្រែកនេះវិញ។ ហេតុផល១ចំនួនដែលធ្វើឱ្យបារាំងបោះបង់ចោលគម្រោងនេះមានដូចជាការស្លាប់មនុស្សអស់ច្រើន, ទីតាំងភូមិសាស្ត្រប្រឈមនឹងការលំបាក និងគ្រោះថ្នាក់ បញ្ហាខ្វះខាតថវិកា និងជំងឺតម្កាត់ផ្សេងៗមានជាអាទិ៍គ្រុនចាញ់ និងគ្រុនលឿងជាដើម។
ក្រោយមក ប្រទេសអាមេរិកក៏ទទួលបានសិទ្ធិពីប្រទេសបារាំង និងចាប់ផ្ដើមជីកព្រែកនេះនៅឆ្នាំ១៩០៤។ រហូតដល់ឆ្នាំ១៩១៤ទើបព្រែកនេះត្រូវបានស្ថាបនាចប់សព្វគ្រប់។ ព្រែកជីកប៉ាណាម៉ាមានប្រវែងជាង៨០គីឡូម៉ែត្រ និងជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញដែលតភ្ជាប់ពីមហាសមុទ្រប៉ាស៊ីហ្វិចទៅអាត្លង់ទិច។ ឆ្នាំ១៩៧៧ អាមេរិកបានប្រគល់ព្រែកជីកនេះទៅឱ្យប្រទេសប៉ាណាម៉ាជាអ្នកមើលការខុសត្រូវ។ ប៉ុន្តែមិនមែនមានន័យថាប្រគល់ឱ្យផ្ដាច់មុខទេ។ នៅក្នុងសន្ធិសញ្ញានោះមានលក្ខខណ្ឌ១ចែងថាអាមេរិកមានសិទ្ធិប្រើប្រាស់កម្លាំងយោធាដើម្បីចូលកាន់កាប់ព្រែកនេះបើប្រទេសប៉ាណាម៉ាមានជម្លោះផ្ទៃក្នុង ឬបើមានកម្លាំងបរទេសចូលជ្រៀតជ្រែក៕
ចែករំលែកព័តមាននេះ