អត្តពលិកថៃសាន់ ហ្គេនឹងបាត់បង់ឱកាសប្រកួតប្រជែងយកឈ្នះចាញ់ជាមួយអត្តពលិកហ្សាម៉ាអុីកយូសេន បូលនៅក្នុងកម្មវិធីWorld Championshipsបន្ទាប់ពីបានដកខ្លួនចេញពីការប្រកួតក្នុងកម្មវិធីUS Nationalដោយរបួសត្រគាក។
ហ្គេដែលមានអាយុ២៨ឆ្នាំបានដកខ្លួនមុនការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រនោះបានខកខានការប្រកួតរត់ចំងាយ២០០ម៉ែត្រកាលពីថ្ងៃសៅរ៍ទៀតផង។ ការអវត្តមានរបស់គេលើកនេះមានន័យថា រូបគេ(ហ្គេ)នឹងមិនត្រូវបានជ្រើសរើសសម្រាប់ទៅប្រកួតនៅទីក្រុងឌែហ្គូ ប្រទេសកូរ៉េខាងត្បូងនោះទេ។ តែទោះជាយ៉ាងណា ហ្គេនៅតែអាចចូលរួមរត់បណ្តាក់ចម្ងាយ១០០ម៉ែត្រនៅថ្ងៃទី២៧ខែសីហាខាងមុខបាន។
ថៃសាន់ ហ្គេដែលជាអ្នករត់លឿនបំផុតលើវិញ្ញាសាចម្ងាយ១០០ម៉ែត្រនៅឆ្នាំនេះ(៩.៧៩វិនាទី)ត្រូវបានគេមើលឃើញថា នឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញម្នាក់សម្រាប់យូសេន បូលលើវិញ្ញាសារត់១០០ម៉ែត្រនៅកូរ៉េខាងត្បូង។
ឯតទគ្គកម្មសហរដ្ឋអាមេរិក៩.៦៩វិនាទីបានធ្វើឲ្យហ្គេក្លាយជាអត្តពលិករត់លឿនបំផុតលំដាប់ទី២បន្ទាប់ពីយូសេន បូលដែលមានឯតទគ្គកម្មពិភពលោក៩.៥៨វិនាទី។ គេបាននិយាយថា៖«ពេលនេះខ្ញុំត្រូវបានគេរុំបង់ជិតឈឹង ហើយមិនអាចកម្រើកផ្តេសផ្តាសទេ។ ខ្ញុំសម្រេចចិត្តបែបនេះដើម្បីថែរក្សាសុខភាពឲ្យបានល្អ។ វាពិតជាមានការឈឺចុកចាប់ខ្លាំងបើយើងប្រឹងរត់ទាំងបែបនេះ»។
តាមមន្ត្រីកីឡាអត្តពលកម្មរបស់អាមេរិកឲ្យដឹងថា ហ្គេនៅតែជាផ្នែកមួយនៃក្រុមរត់បណ្តាក់១០០ម៉ែត្រប្រសិនជាគេជាសះស្បើយទាន់ពេល។ លោកស្ទេហ្វានី ហៃថាវវ័រដែលជាប្រធានកីឡាអត្តពលកម្មរបស់អាមេរិកបានបញ្ជាក់ថា ហ្គេអាចចូលរត់សាជាថ្មីបានដរាបណាគេបង្ហាញថា រូបគេជាសះស្បើយ១០០%។ វាជាការខាតបង់មួយយ៉ាងសម្បើមនៃការអវត្តមានអត្តពលិកមួយរូបដែលមានឈ្មោះល្បីលើលោក។
សូមបញ្ជាក់ថា ថៃសាន់ ហ្គេធ្លាប់ត្រូវបានញាំញីដោយសាររបួសចាប់តាំងពីឈ្នះជើងឯកពិភពលោករត់ចម្ងាយ១០០និង២០០ម៉ែត្រនៅក្រុងអូសាកាឆ្នាំ២០០៧មកម្ល៉េះ ។ បន្ទាប់មកនៅឆ្នាំ២០០៨ គេបានរងរបួសជាថ្មីទៀតនិងបានខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រចម្ងាយ១០០ម៉ែត្រព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំង។ ឆ្នាំបន្ទាប់មកទៀត គេបានដកខ្លួនពីការប្រកួតរត់ចម្ងាយ២០០ម៉ែត្របន្ទាប់ពីដណ្តើមបានមេដាយប្រាក់រត់ចម្ងាយ១០០ម៉ែត្រនៅក្រុងប៊ែរឡាំងអាល្លឺម៉ង់ ៕
ចែករំលែកព័តមាននេះ