ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​ចាប់​ដំឡើង​ពន្ធ​២៥%​លើ​ម៉ិ​កស៊ីកូ, កា​ណាដា​ និង​១០%​លើ​ចិន

21 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្ងៃ​នេះ លោក​ត្រាំ​ប្រកាស​ច្បាស់​ៗ​ពី​ការ​សម្រេច​ចិត្ត​​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​ប្រទេស​បី​គឺ​កាណាដា​ ម៉ិកស៊ីកូ និង​ចិន​ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ត​ទៅ​។ សម្រាប់​កាណាដា និង​ម៉ិកស៊ីកូ​ដំឡើង​២៥%​ ខណៈ​ដែល​ប្រទេស​​​ចិន​ដំឡើង​១០%​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្ងៃ​នេះ លោក​ត្រាំ​ប្រកាស​ច្បាស់​ៗ​ពី​ការ​សម្រេច​ចិត្ត​​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​ប្រទេស​បី​គឺ​កាណាដា​ ម៉ិកស៊ីកូ និង​ចិន​ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ត​ទៅ​។ សម្រាប់​កាណាដា និង​ម៉ិកស៊ីកូ​ដំឡើង​២៥%​ ខណៈ​ដែល​ប្រទេស​​​ចិន​ដំឡើង​១០%​។ ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ថា​បើ​ដំឡើង​ពន្ធ​ច្រើន​ម្លឹង​ៗ​លោក​មិន​បារម្ភ​អំពី​ទំនិញ​ឡើង​ថ្លៃ​ទេ​ឬ​អី? លោក​ត្រាំ​ឆ្លើយ​តប​ថា​បញ្ហា​អតិ​ផរណា​មិន​ចោទ​ជា​បញ្ហា​ទេ​ បញ្ហា​សំខាន់​គឺ​ត្រូវ​តែ​ធ្វើ​រឿង​នេះ​ឱ្យ​បាន​ជោគ​ជ័យ​​។​​

តាម​មើល​ទៅ​ ពិភព​លោក​ដែល​សង្ឃឹម​ថា​នឹង​បាន​ធូរ​ស្បើយ​ពី​វិបត្តិ​សេដ្ឋ​កិច្ច ហើយ​ឈាន​ដល់​ការ​រីក​ចម្រើន​ឡើង​វិញ​​នោះ​ប្រហែល​ជា​មិន​ទាន់​ទៅ​រួច​ទេ​សម្រាប់​ពេល​នេះ​។ តាម​ពិត មិន​សំខាន់ថា​​ម៉ិក​ស៊ីកូ ឬ​កាណាដា​ទេ​​ សំខាន់​គឺ​លោក​ត្រាំ​ចង់​ចាត់​ការ​ទៅ​លើ​ប្រទេស​ចិន​ច្រើន​ជាង​ព្រោះ​លោក​ដឹង​ថា​រោង​ចក្រ​-​សហ​គ្រាស​របស់​ចិន​ភាគ​ច្រើន​រុះ​រើ​ទៅ​ប្រទេស​ទាំង​២​នេះ​ដើម្បី​គេច​ចេញ​ពី​ការ​ដំឡើង​ពន្ធ​។

ជាក់​ស្ដែង​ ប្រទេស​ម៉ិកស៊ីកូ​ឥឡូវ​នេះ​នាំ​ទំនិញ​ទៅ​​លក់​នៅ​អាមេរិក​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​។ មាន​ន័យ​​ថា​វ៉ា​ដាច់​​ទាំង​ប្រទេស​​ចិន​​ទៅ​ទៀត​។ លោក​ត្រាំ​ធ្លាប់​និយាយ​ថា​លោក​មិន​ចង់​ធ្វើ​បែប​នេះ​ទេ​។ ក៏​ប៉ុន្តែ​មាន​តែ​វិធី​នេះ​ទេ​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​គេ​ក្នុង​ការ​ដាក់​សម្ពាធ​។ គេ​មិន​ទាន់​ដឹង​ថា​តើ​ប្រទេស​ចិន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​បែប​ណា​ទេ​។

ប្រភព​ខ្លះ​អះ​អាង​ថា​លោក​ត្រាំ​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក​ក៏​ធ្លាប់​ព្រលយ​ពាក្យ​ថា​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង ជា​មនុស្ស​ដ៏​មាន​ឥទ្ធិ​ពល​ទៅ​លើ​ប្រទេស​រុស្ស៊ី​ ហើយ​ក៏​ជា​អ្នក​ដែល​មាន​សមត្ថ​ភាព​ពេញ​លេញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ គ្រាន់​តែ​ថា​​លោក​មិន​ទាន់​​ខិត​ខំ​ឱ្យ​បាន​ខ្លាំង​ក្លា​តែ​ប៉ុណ្ណោះ​។ ​ដូច្នេះ​សំណួរ​ដ៏​ធំ​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​នេះ​គឺ​ថា​តើ​លោក​​ត្រាំ​កំពុង​អូស​ទាញ​ប្រទេស​ចិន​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ឬ​យ៉ាង​ណា​?

លោក​ត្រាំ​ថ្លែង​ពី​សេត​វិមាន​ថា​មុខ​ទំនិញ​ដែល​ត្រូវ​សម្រុក​យក​ពន្ធ​ខ្លាំង​ជាង​គេ​គឺ​ប្រេង​ឆៅ និង​ឧស្ម័ន​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ត​ទៅ​។ ក្រៅ​​ពី​នេះ មុខ​ទំនិញ​ប្រភេទ​លោហ​ធាតុ​ដូច​ជា​ដែក​ថែប, ស្ពាន់, បន្ទះ​ឈីប​ចម្លង​អគ្គិស​នី​, បរិក្ខារ​ពេទ្យ និង​ទំនិញ​ដទៃ​ទៀត​ក៏​ត្រូវ​យក​ពន្ធ​ឱ្យ​បាន​ស្មើ​ដៃ​គ្នា​​។ លោក​ថ្លែង​ថា​សូម្បី​តែ​សហ​ភាព​អឺរ៉ុប​ក៏​មិន​រួច​ខ្លួន​ដែរ​​​។ គ្រាន់​តែ​ថា​សម្រាប់​​ពេល​​នេះ​លោក​​ទុក​​មួយ​អន្លើ​​សិន​​។ លោក​ថា​អឺរ៉ុប​កេង​ចំណេញ​លើ​ប្រទេស​យើង​ច្រើន​ណាស់​។​​

លោក​ត្រាំ​និយាយ​ដោយ​មោទក​ភាព​ថា​ម៉ិកស៊ីកូ និង​កាណាដា​គ្មាន​ក្រឡា​ហក់​ជា​មួយ​យើង​ទេ​។ ពួក​គេ​មិន​អាច​រើ​ខ្លួន​រួច និង​មិន​អាច​ទប់​ទល់​ជា​មួ​យការ​​ដំឡើង​ពន្ធ​​បាន​ឡើយ​។ អស់​លោកឃើញ​ទេ​! ​តើ​​ការ​ដំឡើង​ពន្ធ​មាន​ឥទ្ធិ​ពល​កម្រិត​ណា​? នៅ​លើ​លោ​កនេះ​គ្មាន​ប្រទេស​ណា​អាច​ប្រកួត​ប្រជែង​ឈ្នះ​យើង​ទេ​ព្រោះ​យើង​មាន​លុយ​ញាត់​ចូល​ក្នុង​កូន​ជ្រូក​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​។​

តាម​ក្បួន​សេដ្ឋ​កិច្ច កាល​ណា​ដំឡើង​ពន្ធ​បែប​នេះ ទំនិញ​ត្រូវ​តែ​លក់​ឡើង​ថ្លៃ​ទៅ​តាម​តម្លៃ​ពន្ធ​ដើម្បី​ទូទាត់​គ្នា​ទៅ​អាច​នៅ​​សល់​លុយ​ចំណេញ​ខ្លះ​។ ចំពោះ​បញ្ហា​នេះ លោ​កត្រាំ​ក៏​ទទួល​ស្គាល់​ថា​ទំនិញ​នឹង​ឡើង​ថ្លៃ​នៅ​អាមេរិក​។ ប៉ុន្តែ​លោក​យល់​ថា​​គេ​មិន​គួរ​ព្រួយ​បារម្ភ​ខ្លាំង​​អំពី​បញ្ហា​នេះ​ទេ​។ វា​នឹង​កើត​ឡើង​ត្រឹម​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​​។ ប្រជា​ជន​នឹង​យល់​អំពី​បញ្ហា​នេះ​។​

ប្រតិ​កម្ម​តប​ចំពោះ​បញ្ហា​​នេះ នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក​ចាស់​ស្ទីន ​ទ្រូដូ (Justin Trudeau) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញ​យ៉ាង​ទាន់​ចិត្ត​។ ដូច្នេះ សង្គ្រាម​ពាណិជ្ជ​កម្ម​នឹង​ឆាប​ឆេះ​រវាង​ប្រទេស​ទាំង​២​ជា​មិន​ខាន​។ ប៉ុន្តែ​លោក​ត្រាំ​ប្រហែល​ជា​មិន​សូវ​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​ព្រោះ​លោ​កដើរ​តាម​ទ្រឹស្ដី​នយោបាយ​ការ​បរទេស​គ្មាន​មិត្ត​ គ្មាន​សត្រូវ​ មាន​តែ​ការ​ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​ជាតិ​។ ទោះ​បី​កាណាដា និង​អាមេរិក​ជា​មិត្ត​ដែក​ថែប​ក៏​ដោយ​ ប៉ុន្តែ​បញ្ហា​លុយ​កាក់​សម្រាប់​អ្នក​សេដ្ឋ​កិច្ច​ដូច​ជា​លោ​កត្រាំ​ប្រហែល​ជា​គ្មាន​​ការ​យោគ​យល់​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ