ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ កងទ័ពរុស្ស៊ីបន្តវាយសម្រុកទៅមុខជានិច្ច និងដណ្ដើមបានទីតាំងឈរជើងជាបន្តបន្ទាប់។ ដូច្នេះ ទោះបីដោយសន្សឹមៗយ៉ាងណាក្ដី ក៏កម្លាំងវាយលុករបស់ពួកគេនៅតែទៅមុខជានិច្ច។ គេទទួលដំណឹងពីសមរភូមិមុខមកថាអ៊ុយក្រែនអាចនឹងរបូតទីក្រុងផូករ៉ូស (Pokrovsk) មួយទៀតនៅក្នុងពេលឆាប់ៗនេះព្រោះទាហានរុស្ស៊ីកំពុងផ្លោងកាំភ្លើងធំ និងរ៉ុកកែតដល់តំបន់ខ្សែក្រវាត់ទីក្រុងនេះហើយ។
អ៊ុយក្រែននៅបន្តទប់ទល់នឹងកម្លាំងវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅទីក្រុងផូករ៉ូសនៅឡើយទេ។ ប៉ុន្តែបើបាត់បង់ទីក្រុងនេះមួយទៀតមានន័យថាពួកគេរងសម្ពាធកាន់តែខ្លាំងនៅក្នុងសង្គ្រាមដ្បិតអីរុស្ស៊ីកាន់តែបានដៃ ហើយកាន់តែវាយពង្រីកទីតាំងរបស់ខ្លួនទៅតំបន់ដទៃទៀត។ អ្នកវិភាគស្ថានការណ៍សឹកយល់ថាឈានដល់ដំណាក់កាលនេះ បើទុកជាអ៊ុយក្រែនខំក្រាញននាលយ៉ាងណាក៏គ្មានន័យខ្លឹមសារអ្វីតទៅទៀតដែរព្រោះរុស្ស៊ីវាយប្រហារកាន់តែខ្លាំង។
អ្នករស់នៅទីក្រុងនេះអាចស្ដាប់ឮសំឡេងកាំភ្លើងធំកាន់តែកៀកមែនទែនហើយ។ ដូច្នេះពួកគេមិនអាចស៊ូទ្រាំរស់នៅក្នុងស្ថានភាពប្រឈមនឹងគ្រោះថ្នាក់បានឡើយ។ ទីក្រុងដែលធ្លាប់មានមនុស្សរស់នៅ៦ម៉ឺននាក់ ឥឡូវនេះ ពួកគេរត់ចោលផ្ទះសម្បែងអស់ច្រើនណាស់ នៅសល់យ៉ាងច្រើនត្រឹម៧ពាន់នាក់ប៉ុណ្ណោះ។ ទៅថ្ងៃមុខ ពួកគេអាចនឹងរត់ចេញពីទីនេះទាំងអស់។
គេអាចវាយតម្លៃដឹងពីភាពកម្សោយរបស់កងទ័ពអ៊ុយក្រែននៅទីតាំងនេះនៅពេលពួកគេវាយមិនឈ្នះសូម្បីតែទាហានថ្មើរជើងរុស្ស៊ីមួយវរសេនាតូចនៅក្បែរទីក្រុងផូករ៉ូស។ ពួកគេគ្មានកម្លាំងទ័ព និងគ្រាប់រំសេវសម្បូរហូរហៀរដូចរុស្ស៊ីដើម្បីប្រើប្រាស់តាមអំពើចិត្តនោះទេ។ ពួកគេត្រូវតែប្រើប្រាស់គ្រាប់កាំភ្លើងយ៉ាងសន្សំសំចៃព្រោះជំនួយយោធាមានកំណត់។ ប្រភពខ្លះអះអាងថាអ៊ុយក្រែនបាត់បង់កម្លាំងប្រយុទ្ធអស់ជាច្រើន ហើយមិនអាចរកកម្លាំងថ្មីមកដាក់ជំនួសបានឡើយ។
កងទ័ពដែលទើបតែជ្រើសរើសបានមួយចំនួនក៏រត់ចោលសមរភូមិទៅទៀត។ អ្នកវិភាគយល់ថារុស្ស៊ីអាចនឹងប្រើប្រាស់ទីក្រុងផូករ៉ូសជាមូលដ្ឋានឈប់សំចតរបស់ខ្លួនដើម្បីបន្តដំណើរទៅភាគខាងជើង និងភាគខាងលិច។ តំបន់ឌីនីប្រូប៉េត្រូស (Dnipropetrovsk) ស្ថិតនៅទល់មុខទីក្រុងផូករ៉ូស។ ទាហានរុស្ស៊ីស្ថិតនៅចម្ងាយតែ៥គីឡូម៉ែត្រទៀតប៉ុណ្ណោះពីព្រំដែនតំបន់នោះ។
បើរុស្ស៊ីវាយយកបានផូករ៉ូសមួយទៀតមានន័យថាពួកគេអាចបន្តវាយលុកទៅភាគខាងជើង និងគាបសង្កត់តំបន់ក្រាម៉ាតស់ និងស្លូវីយ៉ង (Kramatorsk, Sloviansk)។ សព្វថ្ងៃនេះនៅតំបន់ដូញ៉ែត (Donetsk) អ៊ុយក្រែននៅសល់តែទីក្រុង២នេះប៉ុណ្ណោះ។ បើអស់ពីរហ្នឹងទៀតមានន័យថាដូញ៉ែតធ្លាក់ទៅក្នុងដៃរុស្ស៊ីសឹងតែ១០០%។ ប្រឈមនឹងបញ្ហានេះកាលពីថ្ងៃអាទិត្យ លោកហ្សេឡិនស្គីចាត់តាំងមេបញ្ជាការកំពូលម្នាក់ដើម្បីការពារទីក្រុងផូករ៉ូស៕
ចែករំលែកព័តមាននេះ