ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ចិន រយៈពេល​៣​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់ មក​លេង​កម្សាន្ត​នៅ​ខេត្តស្ទឹងត្រែង

23 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ទទួល​បាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ១១,២២៣​នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ឆ្នាំ​២០២៥ រយៈពេល​ថ្ងៃនេះ បើ​ធៀប​ឆ្នាំ​២០២៤…

ខេត្តស្ទឹងត្រែង ៖ ទទួល​បាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ១១,២២៣​នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ឆ្នាំ​២០២៥ រយៈពេល​ថ្ងៃនេះ បើ​ធៀប​ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​សរុប​កើនឡើង ២,២១៤​នាក់ ស្មើនឹង ២៥% នេះ​បើ​យោង​តាម​ការ​គូសបញ្ជាក់​ពី​លោក អ៊​ន់ ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរ​ខេត្តស្ទឹងត្រែង ។

លោក​ប្រធាន​មន្ទីរ​ទេសចរ បាន​គូសបញ្ជាក់​ថា រម​នី​យ​ដ្ឋា​ន​ទេសចរ​ធម្មជាតិ ដែល​ភ្ញៀវ​ទេស​ចូល​លេង​កម្សាន្ត​ច្រើន​ជាងគេ គឺ​រមណីយដ្ឋាន​អូរ​ឫស្សី​កណ្តាល ទី​២ គឺ​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​សេ​កុង និង​នៅ​តាម​តំបន់​រ៉ា​ម​សារ​ទន្លេមេគង្គ និង​មានការ​យកចិត្ត​ទិ​ក​ដាក់​ពី​សំណាក់​លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត ធ្វើ​ឱ្យ​សេដ្ឋកិច្ច និង​ទេសចរ​នៅ​ខេត្តស្ទឹងត្រែង កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គួរ​ឱ្យ​កត់សំគាល់ ។

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​សេ​កុង ដែល​មា​នទី​តាំងនៅ​លើ​វាល​ខ្សាច់​មួយ​ដ៏​ធំ ស្ថិត​ក្នុង​ទន្លេ នៃ​ស្រុក​សេ​សាន​របស់​ខេត្តស្ទឹងត្រែង បាន​ធ្វើ​ឱ្យ​អ្នកទេសចរ​ចាប់អារម្មណ៍​ក្នុង​ដំណើរ​កម្សាន្ត ។

អ្នកគ្រប់គ្រង​រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង លោក ហួត វុ​ទ្ធា​រ៉ា បាន​អះអាង​ថា ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្សាន្ត​ខេត្តស្ទឹងត្រែង ក្នុង​រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង មានការ​កើនឡើង​ខុស​ពី​ឆ្នាំ​មុន​ៗ ។

លោក​បាន​បន្ត​ថា រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង បាន​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ជូន​ភ្ញៀវ ការពារ​កុំឱ្យ​ភ្ញៀវ​ចុះ​លេង​ទឹក​ជ្រៅ ដោយ​បោះបង្គោល​ចង​ទង់​ជា​សម្គាល់ មាន​មេក្រូ​ហ្វូ​ន សម្រាប់​ប្រកាស​ជូនដំណឹង​ដល់​ភ្ញៀវ និង​មាន​ទូក​សម្រាប់​ចេញ​ជួយ​សង្គ្រោះ​នៅ​ពេល​ខ្សែទឹក​ហូរ​នាំ​ចេញ​ក្រៅ​រង្វង់​ហាមឃាត់​។ ចំពោះ​បញ្ហា​បរិស្ថាន​នោះ​វិញ គឺ​មាន​អ្នកបម្រើ​ការ​សម្អាត​នៅ​ពេល​ភ្ញៀវ​ខ្វះ​ការ​ទទួលខុសត្រូវ ក្នុង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង លោក អ៊​ន់ ប៉ោ​សឿ​ន បាន​បញ្ជាក់​ថា តំបន់​រមណីយដ្ឋាន ដែល​មាន​ភ្ញៀវ​ច្រើន​ជាងគេ គឺ​រមណីយដ្ឋាន​បុប្ផា​ភ្លុក ជួរ​ចាប កោះ​ខេ បក្សី​មេគង្គ សហគមន៍​អូរ​ឫស្សី​កណ្តាល ព្រះ​រំកិល បុរី​អូរ​ស្វាយ និង​រមណីយដ្ឋាន​កោះ​ខ្សាច់​សេ​កុង ភ្ញៀវ​មានការ​កើន​ឡើងជា​លំដាប់ ។

ដោយ​តំបន់​អេកូ​ទេសចរ សម្រស់​កោះ​ហាន សហគមន៍​អេកូ​ទេសចរណ៍ «​សម្រស់​កោះ​ហាន​» មាន​ភូមិសាស្ត្រ ស្ថិត​លើ​ដី​កោះ ក្នុង​ឃុំ​កោះ​ស្នែង ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ឆ្លង​តាម​ស្ពាន​សេ​កុង តាម​ផ្លូវជាតិ​លេខ​៧ ពី​ទី​រួម​ខេត្តស្ទឹងត្រែង និង​មាន​ចម្ងាយ​ប្រហែល ២៤​គីឡូម៉ែត្រ ទៅ​ដល់​កំពង់ដរ​ចម្លង​សហគមន៍​។ «​សម្រស់​កោះ​ហាន​» បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​លេង​កម្សាន្ត ដោយនៅ​ទីនោះ​មាន​ទីកន្លែង​ទាក់ទាញ​ជា​ច្រើន ដូច​ជា ជិះទូក​មើល​ព្រៃ​លិច​ទឹក សត្វ​ស្លាប​ទឹកទន្លេ​មេគង្គ និង​ឡើង​ភ្នំ​, ទស្សនា​រូបសំណាក់​ថ្ម​ពាក់ព័ន្ធ​រឿងព្រេង (​ថ្មកំបោរ​)​។ ក្រៅពី​នេះ «​សម្រស់​កោះ​ហាន​» ក៏​សក្ដិ​សម​ផង​ដែរ​សម្រាប់​អ្នក​ចូល​ចិត្ត​រំសាយ​អារម្មណ៍​បែប​បោះ​តង់ មើល​ថ្ងៃ​លិច និង​ជិះទូក​កៃ​យ៉ាក់​តាម​ព្រៃ​លិច​ទឹក​។ ក្រៅពី «​សម្រស់​កោះ​ហាន​» ដែល​បាន​អូស​ទាញ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទៅ​លេង​កម្សាន្ត ខេត្តស្ទឹងត្រែង​ដែល​ស្ថិត​នៅ​ភូមិភាគ​ឦសាន​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ទៀត​ដូច​ជា ទឹក​ជួរ​អូរ​ចាប ប្រាសាទ​ព្រះ​គោ ឆ្នេរ​ខ្សាច់​ចម្ការ​ក្រូច រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ កោះទន្សាយ​តំបន់​រ៉ា​ម​សារ ឆ្នេរ​ខ្សាច់​សេ​កុង និង​ទីតាំង​ទាក់ទាញ​ជា​ច្រើន​កន្លែង​ទៀត ដែល​បាន​ទាញ​លំហូរ​ទេសចរ​ទៅ​លេង​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ