ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចេញបទបញ្ជាឲ្យអាជ្ញារធរស្រុក និងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងចំណុចដែនជម្រកសត្វព្រៃ«ព្រៃឡង់»ស្ថិតក្នុងភូមិសាស្ត្រភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខណៈពេលមានការចុះផ្សាយនៃការកាប់បំផ្លាញព្រៃឈើ ។
កាលពីពេលថ្មីៗនេះ គឺនៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំដោយ លោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ សហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកចុះត្រួតពិនិត្យទីតាំងការកាត់រំលំនោះ ។
លោកស្រេង ជាហេង បានបញ្ចាក់កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថា កំលាំងបរិស្ថានបានចុះទៅទីតាំងកាប់ឈើក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងកំពុងកំណត់មុខសញ្ញាជនដែលបានកាប់បំផ្លាញឈើ ដើម្បីកសាងសំណុំរឿងទៅតុលាការ ។
តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អារច្រៀកខាងលើនេះ អារជាគ្រឿងផ្ទះ ជាប្រភេទឈើទាល ចំនួនសរុប៥៦គល់ ។ ក្នុងនោះ អាររំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់ ។ ឈើទាំងនោះ មានអង្កត់ផ្ចិតចាប់៤០សងទីម៉ែត្រ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ គឺជាដើមឈើច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ ។
ចែករំលែកព័តមាននេះ