ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមករា ACU ទទួល​បាន​ពាក្យ​ប្តឹង​២៤ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន និង​ទទួល​សំណូក​ពី​អ្នក​បើក​វង់ល្បែង​ជល់​មាន់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បានឱ្យ​ដឹង​ថា ក្នុង​ខែមករា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បានឱ្យ​ដឹង​ថា ក្នុង​ខែមករា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង ដែល​មាន​ក្នុង​ខែមករា​នេះ សរុប​ចំនួន ២៤​ពាក្យ​ប្ដឹង និង​បាន​បញ្ជូន​សំណុំរឿង​ចំនួន ០២​ករណី ដែល​មាន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ ដែល​ក្នុង​នេះ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ករណី​ទទួល​សំណូក​ពី​អ្នក​បើក​វង់ល្បែង​ជល់​មាន់ ជាដើម ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លើក​ទី​៤៣ អាណត្តិ​ទី​៣ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ ២០២៥​នេះ លោក សយ ច័ន្ទ វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បានឱ្យ​ដឹង​ថា ៖ ក្នុង​ខែមករា ឆ្នាំ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល តាម​បណ្តឹង​របស់​កងរាជអាវុធហត្ថ ករណី​លោក​វរៈសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​នាយចំណង់ ស៊ិ​ន សុ​វ​ណ្ណា​រិ​ទ្ធ ជំនួយការ​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តតាកែវ ទទួល​សំណូក​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ពី​អ្នកលក់​គ្រឿងញៀន (​និង​មាន​១​ករណី ទៀត​ទទួល​សំណូក​ពី​អ្នក​បើក​វង់ល្បែង​ជល់​មាន់​) ។

ជនជាប់សង្ស័យ​រូប​នេះ បាន​ប្រព្រឹត្តិ​ដោយ​ថ្នូរ មិន​ចាប់​ពួក​លក់​ថ្នាំ​ញៀន ពេល​សមត្ថកិច្ច​ផ្សេង​ទៀត ចុះ​ចាប់​អ្នកលក់​គ្រឿងញៀន ខ្លួន​លួច​ផ្តល់​ដំណឹង​ឲ្យ​អ្នកលក់​គ្រឿងញៀន​គេចខ្លួន និង​បទល្មើស​១​ផ្សេង​ទៀត (​ប្រើប្រាស់​រថយន្ត​មិន​បង់ពន្ធ ហើយ​ពាក់​ផ្លា​ក​លេខ​រថយន្ត​ក្លែងក្លាយ​) ។

មន្ត្រី​អ្នកនាំពាក្យ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ បានឱ្យ​ដឹង​បន្ថែម​ថា ៖ ក្រៅពី​នេះ ក៏​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ពី​ករណី​លោក​វរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទទួល​សំណូក​ពី​អ្នក​ជួញដូរ​គ្រឿងញៀន ៤​ឆ្នាំ ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​ការ​លក់ដូរ​គ្រឿងញៀន មិន​ចាប់​អ្នកលក់​គ្រឿងញៀន ដែល​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ កែ​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពី​ធ្ងន់​មក​ស្រាល ពី​អ្នក​ជួញដូរ​គ្រឿងញៀន មក​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ពេល​អនុវត្ត​ច្បាប់​តាម​គោលដៅ​ចរាចរណ៍ បើ​រក​ឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ក្នុង​ទឹកនោម​បែរជា​ទារ​លុយ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រៅពី​បទ​ស៊ីសំណូក សុខ សង្ហា ក៏​មាន​បទល្មើស​រំលោភ​អំណាច បំបាត់​ចោល​វត្ថុ​តាង (​គ្រឿងញៀន​) មិន​គោរព​នីតិវិធី​ច្បាប់ គ្មាន​ការ​សុំ​ការ​អនុញាត្ត​ពី​ស្ថាប័ន​អយ្យការ ហើយ​ប្រព្រឹត្តិ​បំពាន​ក្នុង​ការ​កសាង​កូន​ខ្លា (​កម្លាំង​សម្ងាត់​/​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​) ។

គួរ​រំលឹក​ថា បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​សម្រេច​ឃុំខ្លួន​លោក សុខ សង្ហា ដែល​មាន​តួនាទី​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ធ្វើ​ឡើង ក្រោយ​បុគ្គល​រូប​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ស៊ីសំណូក និង​រំលោភ​អំណាច​នៅ​ចំណុច​ភូមិសាស្ត្រ​ខេត្តតាកែវ​ពី​ឆ្នាំ​២០២៣ រហូត​ដល់​ឆ្នាំ​២០២៤ ។

ដោយឡែក​ទាក់ទិន​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល វិញ ត្រូវ​បាន​លោក សយ ច័ន្ទ វិចិត្រ មន្ត្រី​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានឱ្យ​ដឹងផង​ដែរ​ថា ៖ គិត​មក​ដល់​ជិត​ថ្ងៃ​បញ្ចប់​នេះ មន្ត្រី​ចំនួន ២២,៥៣៤​រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​ការ​ប្រកាស​តាម​របប ០២​ឆ្នាំ (២០២៥) មាន​ចំនួន ២២,២៩២​រូប គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ (​រយៈពេល​២៧​ថ្ងៃ​) ស្មើនឹង ៩៧,៨៧​ភាគរយ និង​មន្ត្រី​ទើប​ទទួល​បានការ​តែងតាំង​ថ្មី​ចំនួន ១១១​រូប ដោយឡែក​មន្ត្រី​១៣១​រូប​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដោយ​មូលហេតុ បញ្ឈប់​ពីមុខ​តំណែង លាឈប់ និង​ចូល​និវត្តន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ