សុខភាព ៖ មនុស្សផឹកស្រា ដោយសារហេតុផលច្រើនយ៉ាងដោយអ្នកខ្លះចូលចិត្តផឹកស្រា តែអ្នកខ្លះបង្ខំចិត្តផឹក ហើយអ្នកខ្លះទៀតមិនចូលចិត្តផឹកស្រាទេ គ្រាន់តែផឹក ដើម្បីបានចុះចំណោមគេ ជាពិសេសបុរសៗ ផឹកព្រោះតែខ្លាចគេថាអន់ ជាប្រុសនឹងគេដែរ តែមិនចេះផឹកស្រា ។
តែយ៉ាងណាក៏ដោយ ទោះជាស្ថិតក្នុងចំណោមហេតុផលណាមួយខាងលើនោះក៏នៅតែមានមនុស្សជាច្រើននាក់ទៀតបានប្រកាន់ខ្ជាប់នូវគោលការណ៍ដាច់ណាត់ មិនប៉ះពាល់ពាក់ព័ន្ធនឹងភេជ្ជសៈដែលមានសារធាតុអាកុល ឬគ្រឿងស្រវឹង សូម្បីតែម្តង នៅក្នុងជីវិតរបស់ពួកគាត់ ។
ចំណុចនេះនាំឱ្យមានការប្រៀបធៀបថា តើរវាងអ្នកផឹកស្រា ជាទៀងទាត់ និងអ្នកដែលមិនផឹកស្រាសោះ តើសុខភាពរបស់ពួកគេខុសគ្នាបែបណាខ្លះទៅ?
យោងតាមការសារព័ត៌មាន ខៅសធ ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរស្រាវជ្រាវបង្ហាញពីអ្វីដែលនឹងកើតឡើងចំពោះរាងកាយ និងសុខភាពរបស់មនុស្សដែលផឹកស្រា បើប្រៀបធៀបទៅនឹងអ្នកមិនផឹក ។
ការសិក្សាខាងលើនេះបានរកឃើញថា ការផឹកស្រាតែមួយដងក្នុងមួយសប្តាហ៍បានបង្កើនហានិភ័យចំពោះសុខភាពរបស់អ្នកផឹករហូតទៅ ២០យ៉ាង បើប្រៀបធៀបទៅនឹងអ្នកមិនផឹក រួមទាំងជំងឺមហារីក ៨ប្រភេទ រួមទាំងជំងឺសរសៃឈាមបេះដូង ក្រិនថ្លើម រលាកលំពែង ជំងឺទឹកនោមផ្អែម និងជំងឺឆ្កួតជ្រូកជាដើម ។ ហើយប្រសិនបើអ្នកផឹកស្រា១កែវក្នុងមួយថ្ងៃនោះរឹតតែប្រឈមនឹងបញ្ហាសុខភាពមិនប្រក្រតីរឹតតែច្រើនបន្ថែមទៀតគ្រាន់តែវាមានភាពខុសគ្នាខ្លះរវាងបុរសផឹក និងស្ត្រីផឹកស្រា ។
យោងតាមការសិក្សាបានបង្ហាញថា សម្រាប់បុរសៗដែលផឹកស្រាតែមួយដងក្នុងមួយសប្តាហ៍ មានហានិភ័យនៃជំងឺមហារីកពោះវៀន ១៦% និងមហារីកបំពង់អាហារ ៦% ខ្ពស់ជាងអ្នកដែលមិនផឹកស្រា ។ សម្រាប់ស្ត្រីភេទវិញ របាយការណ៍រកឃើញថា ការផឹកស្រាមួយដង ក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺមហារីកបំពង់ក បំពង់អាហារ និងសុដន់ដល់ទៅខ្ពស់ជាង៥% បើធៀបទៅនឹងនារីដែលអ្នកមិនផឹកស្រា ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ការសិក្សាខាងលើក៏បានរកឃើញថា ប្រសិនបើពួកគេផឹកស្រាតែម្តងក្នុងមួយថ្ងៃ ស្ត្រីមានហានិភ័យទាបនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានអះអាងថា ទាំងបុរស និងទាំងស្ត្រី សុទ្ធមានហានិភ័យស្លា.ប់មុនអាយុទាក់ទងនឹងគ្រឿងស្រវឹង ១ក្នុងចំណោម១០០០ ប្រសិនបើពួកគេផឹកស្រាច្រើនជាង៧ដងក្នុងមួយសប្តាហ៍ ។ កម្រិតហានីភ័យនៃការស្លា.ប់មុនអាយុនឹងបន្តកើនឡើងដល់១ក្នុងចំណោម១០០ ប្រសិនបើពួកគេផឹកលើសពី៩ដងក្នុងមួយសប្តាហ៍ ។
គោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នបានណែនាំថា បុរសផឹកភេសជ្ជៈមានជាតិអាល់កុលមិនលើសពីពីរដងក្នុងមួយថ្ងៃ ខណៈដែលស្ត្រីគួរតែផឹកមិនលើសពីមួយកែវ ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) និងអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះបានថ្លែងថា «នៅក្នុងរបាយការណ៍របស់យើង យើងបានរកឃើញថា បើសិនជាអ្នកផឹកទាំងអស់អនុវត្តតាមគោលការណ៍កំណត់នោះការផឹកស្រា គ្មានហានិភ័យដល់សុខភាពទេ ។ ការវិភាគបានសង្កត់ធ្ងន់ទៀតថា បើលោកអ្នកផឹកស្រាកាន់តែតិចជាងនេះ ហានិភ័យនៃការស្លា.ប់មុនអាយុក៏កាន់តែទាប ហើយអ្នកនឹងរស់បានយូរ ។
ផ្ទុយទៅវិញ នៅពេលដែលអ្នកផឹកគ្រឿងស្រវឹងច្រើនលើសលប់ហួសប្រមាណ អាយុរបស់អ្នកក៏តែខ្លីដូចគ្នា ។ ក្រោយពីស្តាប់អត្ថបទនេះហើយ តើប្រិយមិត្តចង់បន្តក្លាយជាអ្នកផឹក ឬចង់ផ្តាច់ស្រា ?
ចែករំលែកព័តមាននេះ