រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីរឹតកប្លន់យករថយន្ដនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជនដៃដល់ ត្រូវចាប់ខ្លួនបាននៅខណ្ឌកំបូល រាជធានីភ្នំពេញ ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា កាលពីវេលាម៉ោង២១និង៥៥នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែភ្លើងរឹតក និងវាយជនរងគ្រោះឈ្មោះ មាស មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់តាក់ស៊ី ដើម្បីប្លន់យករថយន្ត០១គ្រឿងម៉ាក TOYOTA PRUIS ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1033 បានសម្រេច រួចយកទៅផ្លុងចោរនៅក្បែរទីតាំងកើតហេតុ (ដោយសារគ្មានសោរ) ហើយរត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយដឹងទៀតថា លុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យខាងលើមានឈ្មោះ ស៊ុយ ដុល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ