រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅអគ្គស្នងការនគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរឱ្យបានខ្លាំងក្លាឡើងវិញ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាកម្រិតអតិបរមា ពិសេសនោះ ថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ ។
ថ្លែងក្នុងឱកាសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យបន្តក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ហើយបន្តជម្រុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណ័បើកបរ ឬផាក់ពិន័យបទល្មើសចរាចរណ៍លើទូរសព្ទដៃ ដែលបានដាក់ឱ្យអនុវត្តកន្លងមក ដើម្បីបង្កើនការចូលរួម ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឈានទៅដល់បន្ថយអត្រាគ្រោះថ្នាក់ នៃចរាចរណ៍ នូវកម្រិតអតិបរមា ។
ក្នុងនោះសម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំអនុវត្តទប់ស្កាត់ ឈានដល់ការថយចុះ នូវអត្រាគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ តែទោះជាបែបនេះក្តី នាពេលថ្មីៗប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហាក់ងើបឡើងវិញ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាស៍ថា “ខ្ញុំសូមអរគុណកន្លងទៅ ដែលបានខិតខំយកចិត្តទុកដាក់ ត្រួតពិនិត្យទៅលើការបើកបរស្រវឹងបានក្រាបបន្តិច ប៉ុន្មានថ្ងៃនេះ ប៉ុន្មានអាទិត្យនេះ ចាប់ផ្តើមឃើញឡើងវិញ សូមពិនិត្យមើល ការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ហើយជាពិសេសក្នុងពេលប៉ុន្មានថ្ងៃនេះ ចូលឆ្នាំ គេថា ចូលឆ្នាំចិន ស្រវឹងខ្មែរ ជាពិសេសនៅក្នុងការប្រើប្រាស់នៅពេលយប់” ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានលើកឡើងជុំវិញ ការបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងថ្មីៗនេះ នៅផ្លូវ៦០ម៉ែត្រ ដែលសម្តេច បានឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ និងរិះរកមធ្យោបាយទប់ស្កាត់ និងឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង ។
ជាមួយគ្នានេះ សម្តេចបវរធិបតី មានប្រសាសន៍ថា “ប៉ុន្តែទោះជាយ៉ាងណា ការកាត់បន្ថយ នៅក្នុងការគ្រោះថ្នាក់នេះ ដោយភាពស្រវឹង ក៏មានការថយចុះ ប៉ុន្តែអត្រានៃការគ្រោះថ្នាក់ចរាចរណ៍នៅច្រើននៅឡើយ ហើយនៅកម្ពុជាយើង ក្រោយពីចប់សង្គ្រាម គឹអត្រាដែលមូលហេតុដែលសម្លាប់មនុស្សច្រើនជាងគេ ធ្វើឱ្យបាត់បង់ជីវិតមនុស្សច្រើនជាងគេគឺគ្រោះថ្នាក់ចរាចរណ៍” ៕
ចែករំលែកព័តមាននេះ