រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ មករា ២០២៥នេះ មានហេតុការណ៍ភ្ញាក់ផ្អើលនៅពេលប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ប្រជ្រៀតចូលទៅទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានកម្លាំងអាជ្ញាធរចុះសម្របសម្រួល និងបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកស្លា.ប់មានចំនួន៤នាក់ និងរបួសចំនួន០៥នាក់។ ក្នុងនោះ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះអង្គឌួងចំនួន ៤នាក់ (ស្លា.ប់២នាក់) និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ៥នាក់ (ស្លា.ប់២នាក់) ។
ក្នុងករណីខាងលើនេះដែរ បានបណ្តាលឱ្យមនុស្សស្លា.ប់០៤នាក់ និងរបួស០៥នាក់ (ពួកគាត់សុទ្ធតែមនុស្សចាស់ និងមានបញ្ហាសុខភាព)។ ចំពោះអ្នកស្លា.ប់ រួមមាន ៖
ទី១.ឈ្មោះ ម៉ាន់ ស៊ីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដើមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទី២.ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ទី៣.ឈ្មោះ យស់ សារឿន ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
និងទី៤. (មិនទាន់មានបងប្អូន និងញ្ញាតិសណ្តាន) អាជ្ញាធររកសាច់ញាតិមិនទាន់ឃើញនៅឡើយទេ ដោយតម្កល់ទុកជាបណ្តោះអាសន្ន នៅមន្ទីរពេទ្យកាល់ម៉ែតសិន ។
ចំណែកអ្នក ដែលរងរបួស ចំនួន០៥នាក់ រួមមាន ៖
ទី១.ឈ្មោះ នូ ស៊ីណា ភេទស្រី អាយុ ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
ទី២.ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ ។
ទី៣.ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ ៦៥ឆ្នាំ មកពី ខណ្ឌឬស្សីកែវ ។
ទី៤.ឈ្មោះ ឡោ សាំ ភេទ ស្រី អាយុ ៧៣ឆ្នាំ ស្នាក់នៅ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។
និងទី៥.ឈ្មោះ យិត តុន ភេទប្រុស អាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរខេត្តព្រៃវែង ។
ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផងសម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះជនរងគ្រោះ ដែលស្លា.ប់ និងរបួស ក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នា ទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ដោយក្នុងស.ពម្នាក់ៗ ទទួលបានសរុបចំនួន១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល ។
ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ជា ខេមរា អភិបាលខណ្ឌដូនពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយទៅប្រគល់ជូនដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះ នៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ។
បើតាមលោក សុខ ពេញវុធ បានឲ្យដឹងថា ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកនាំយកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយស.ពរងគ្រោះម្នាក់ៗទទួលបានថវិកាចំនួន៥លានរៀល និង២លានរៀលសម្រាប់ជនរងគ្រោះដែលរងរបួស នៅក្នុងព្រឹត្តិការណ៍នេះ ។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ា សុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន ១០លានរៀល សម្រាប់ស.ពម្នាក់ ២លានរៀល សម្រាប់ជនរងគ្រោះ ដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ។ ដោយឡែក សម្រាប់ការដឹកជញ្ជូនស.ពទៅស្រុកកំណើត និងក្ដារមឈូស ត្រូវបានលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាអ្នកធានារ៉ាប់រង ៕
ចែករំលែកព័តមាននេះ