ខេត្តបាត់ដំបង ៖ សំណង់បេតុងចាក់ទប់ច្រាំងស្ទឹងសង្កែទាំងសងខាងផ្នែកខាងក្រោមនៃ «សំណង់ស្ទាក់ទឹកសាលាតាអន» នៅស្រុកឯកភ្នំកំពុងប្រឈមនឹងការបាក់ស្រុតខូចខាតយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ក្រោយទឹកស្ទឹងស្រកចុះដល់បាតស្ទឹង តែមន្ត្រីជំនាញគ្រោងនឹងបើកការដ្ឋានជួសជុលឡើងវិញ នាពេលឆាប់ៗខាងមុខនេះហើយ ។ នេះបើតាមមន្ត្រីមន្ទីរជំនាញបាននិយាយប្រាប់ ។
លោក ខៃ សុដា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទទូលបន្ទុកក្ដាប់រួមបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ មករា ថា សំណង់បេតុងទប់ស្ទឹងសង្កែ ដែលបាត់ស្រុតទាំងសងខាងនៅប៉ែកខាងក្រោមនៃ «សំណង់ស្ទាក់ទឹកសាលាតាអន» នោះ យើងកំពុងរៀបគម្រោងបើកការដ្ឋានជួសជុលឡើងវិញហើយយ៉ាងយូរចុះធ្វើក្នុងអំឡុងខែមីនាខាងមុខនេះ ។
លោក ខៃ សុដា បានប្រាប់ថា សំណង់ទប់ច្រាំងស្ទឹងសង្កែដែលរងការខូចខាតបាក់ស្រុតទាំងសងខាង ផ្នែកខាងក្រោមនៃទំនប់សាលាតាអន ពេលនេះយើងបានប្រើប្រាស់គ្រឿងចក្រកាយ កែសម្រួលតាមច្រាំងស្ទឹងជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំអនុវត្តគម្រោងជួសជុលនាពេលខាងមុខនេះ ។
កាលពីឆ្នាំទៅមិញក្នុងរដូវវស្សា សំណង់បេតុងទប់ច្រាំងស្ទឹងសង្កែប៉ែកខាងកើតនៃ«ទំនប់សាលាតាអន» នេះ បានបាក់ស្រុតរអិលចូលក្នុងស្ទឹងធ្វើឲ្យខូចខាតស្ទើរទាំងស្រុងអស់ប្រវែងជាង៩០ម៉ែត្រ ។ ការបាត់បេតុងទប់ច្រាំងស្ទឹងខាងក្រោម «ទំនប់សាលាតាអន» លើកដំបូងនេះ កាលនោះ មន្ត្រីជំនាញបានស្ដីបន្ទោសថា បេតុងទប់ច្រាំងស្ទឹងនេះ ដែលបាក់ស្រុតខូចខាតរលាយហិនហោចនោះ ដោយសារតែគ្រឹះខាងក្រោមមិនរឹងមាំទឹកហូច្រោះក្រោមបាតដី ដោយសារប្រជាពលរដ្ឋចាក់ដីបិទប្រព័ន្ធលូររំដោះទឹកនានា នៅផ្នែកខាងលើ ។ នេះជាហេតុផលដែលនាំឲ្យបាក់ស្រុតថ្មបេតុងទប់ច្រាំងស្ទឹង ។
ប៉ុន្តែផ្ទុយពីឆ្នាំទៅមិញ ដែលបេតុងទប់ច្រាំងស្ទឹងប្រវែងជាង៩០ម៉ែត្រ នៅខាងក្រោម «ទំនប់សាលាតាអន» ប៉ែកខាងកើតបាក់ស្រុតខូចខាតខ្ទិចខ្ទីរ ព្រោះតែកម្លាំងទឹកហូរច្រោះផ្ដាច់គ្រឹះក្រោមដី ក្នុងរដូវវស្សា តែឆ្នាំនេះបែរជាបេតុងដ៏ក្រាសឃ្លឹក ទប់ច្រាំងស្ទឹងសង្កែ ត្រើយខាងលិច ក្រោម«ទំនប់សាលាតាអន» បាត់ស្រុតទាំងផ្ទាំងដូចគ្នាប្រវែងជាង១០០ម៉ែត្រ បាក់ចូលដល់ក្នុងបាតស្ទឹង ខណៈទឹកស្ទឹងរីងស្ងួតនារដូវប្រាំងទៅវិញ ?
បើតាមមន្ត្រីមូលដ្ឋានបានប្រាប់ថា បេតុងទប់ច្រាំងស្ទឹងសង្កែខាងក្រោម «ទំនប់សាលាតាអន» ត្រើយខាងកើតបានបាក់ស្រុតកាលពីឆ្នាំមុន អំឡុងមានទឹកជំនន់ក្នុងរដូវវស្សាតែជាងកន្លះខែមុននេះ(ឆ្នាំនេះ) បេតុងដ៏រឹងមាំទប់ច្រាំងស្ទឹង នៅត្រើយខាងលិចទល់មុខគ្នា បែរជាបាត់ស្រុតរអិលចូលដល់បាតស្ទឹងយ៉ាងស្រូល ខណៈទឹកស្ទឹងរីងស្ងួតហូតហែង នារដូវប្រាំង ដែលប្រជាកសិករនៅប៉ែកខាងក្រោមៗ រកទឹកស្រោចស្របដំណាំមិនបាន ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរ «សំណង់ស្ទាក់ទឹកសាលាតាអន» បាននិយាយថា «បេតុងទប់ច្រាំងស្ទឹងត្រើយខាងលិច បាក់ស្រុតនៅពេលទឹកស្ទឹងស្រកដល់បាតដីនាដូវប្រាំង ហើយបាក់ស្រុតលឿនជាង បេតុងទប់ច្រាំងស្ទឹងត្រើយខាងកើត ដែលបាក់ស្រុតចំពេលមានទឹកជំនន់ក្នុងរដូវវស្សា ។ គេមិនហ៊ានសន្និដ្ឋានឲ្យជាក់លាក់ពីគ្រោះមហន្តរាយសំណង់ទប់ច្រាំងស្ទឹង ប៉ែកខាងក្រោមតភ្ជាប់ពី «ទំនប់សាលាតាអន» ដែលមានទីតាំងនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងឃុំខ្ពប ស្រុកឯកភ្នំនេះ បណ្ដាលមកពីកំហុសបច្ចេកទេសនៃការសាងសង់ ឬបណ្ដាលមកពី «ទឹកស្ទឹង» នោះទេ ។ ប៉ុន្តែវាបានក្លាយជាប្រធានបទយ៉ាងផុសផុលសម្រាប់មជ្ឍដ្ឋានទូទៅយកទៅជជែកគ្នាបែកផ្សែងនៅតាមតុកាហ្វេ ឬនៅតាមមូលដ្ឋាន ។
ត្រង់ចំណុចនេះ គេឮមន្ត្រីជំនាញខ្លះបានស្ដីបន្ទោសទាំងទើសទាល់ទៅលើ «ទឹក» រីឯមន្ត្រីដទៃទៀត មានទាំងប្រជាពលរដ្ឋខ្លះៗផង ដែលមើលឃើញផ្ទាល់ភ្នែក បានស្ដីបន្ទោសទៅលើ «បច្ចេកទេស នៃការសាងសង់» ។
ក្រុមអ្នកស្ដីបន្ទោស «ទឹក» ហាក់គ្មាន«ទហឡីក» យកមកពន្យល់ទេ ។ ផ្ទុយទៅវិញ ក្រុមអ្នកស្ដីបន្ទោសទៅលើ «បច្ចេកទេស» ក៏មិនបានលើកហេតុផលវែងឆ្ងាយមកពន្យល់ដែរ តែលើកជាចម្ងល់ដូច្នេះថា បេតុងទប់ច្រាំងស្ទឹង ត្រើយខាងកើត បានបាត់ស្រុតរលាយហិនហោច ដោយសារទឹកជំនន់ ក្នុងអំឡុងរដូវវស្សាឆ្នាំមុន ចុះសំណង់បេតុងត្រើយខាងលិច ដែលបាក់ស្រុត កាលពីជាងកន្លះខែមុននេះ តើរលាយហិនហោចដោយសារអ្វី បើនេះជារដូវប្រាំង ស្ទើរតែគ្មានទឹកក្នុងស្ទឹងផង ? យ៉ាងណា ចម្លើយសមស្រប មានតែមហាជន ទៅមើលផ្ទាល់ភ្នែក ទើបដឹង និងអាចផ្ដល់ចម្លើយបានថា តើអ្វីដែលត្រូវអ្វីដែលខុស ?«សំណង់ស្ទាក់ទឹកសាលាតាអន» មានទីតាំងនៅតាមបណ្ដោយដងស្ទឹងសង្កែ ស្ថិតក្នុងឃុំព្រែកខ្ពប ស្រុកឯងភ្នំ ។
សំណង់ស្ទាក់ទឹកដ៏ធំនេះ មានប្រវែង៧៤ម៉ែត្រ កម្ពស់២៤ម៉ែត្រ បំពាក់ទ្វារទឹកធំចំនួន០៦សន្លឹក ដែលមួយសន្លឹកៗ មានទំហំ ១០ម៉x៦ម៉ និងមានទ្វារសម្រាប់ត្រីឆ្លងកាត់ចំនួន០១ មានទំហំ ២ម៉x
២ម៉។«គម្រោងអភិវឌ្ឍន៏ទំនប់សាលាតាអន» នេះ សាងសង់ដោយក្រុមហ៊ុន « អេស ឌី អេ ជី » សហការជាមួយក្រុមហ៊ុន « ញូវ មីលលីននីម»។ ជាមួយនឹង «គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន»នេះ មានប្រព័ន្ធប្រឡាយទឹកប្រហែល១០ខ្សែទៀត ក៏ស្ថិតក្នុងគម្រោងនេះដែរ ដែលក្រុមហ៊ុនត្រូវសាងសង់ថ្មី និងស្ដារឡើងវិញ ។
ពាក់ព័ន្ធនឹង «សំណង់ស្ទាក់ទឹកសាលាតាអន» នេះ លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ធ្លាប់បានប្រាប់កោះសន្តិភាពថា សំណង់ស្ទាក់ទឹកសាលាតាអននេះ ពិតមែនតែយើងបានប្រើប្រាស់ច្រើនឆ្នាំកន្លងមកនេះ តែមិនបើកសម្ពោធជាផ្លូវការទេ ។ ហើយពេលនេះ វាបានខូចខាតបេតុងដែលចាក់ទប់ច្រាំងស្ទឹង ប៉ែកខាងក្រោម នៃសំណង់ស្ទាក់ទឹក ។ ពេលនេះ មន្ត្រីជំនាញកំពុងចុះពិនិត្យសំណង់ដែលរងការខូចខាតនោះហើយ ។
យ៉ាងណាក្ដី បើតាមលោក ខៃ សុដា អនុប្រធានមន្ទីរធនធានទឹកខេត្ត ទទូលបន្ទុកក្ដាប់រួម មិនបានផ្ដល់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងផ្នែកបច្ចេកទេស ឬមូលហេតុនៃការបាត់ស្រុតសំណង់បេតុងទប់ច្រាំងទាំងសងខាងនៃដងស្ទឹងនេះទេ ។ ប៉ុន្តែលោកអនុប្រធានរូបនេះបានបញ្ជាក់ថា មន្ត្រីជំនាញបានចុះពិនិត្យ និង ប្រើប្រាសគ្រឿងចក្រចុះកាយដី និងកាយយកសំណង់បេតុងដែលបាក់ស្រុតរអិលចូលស្ទឹង ដើម្បីកែសម្រួល មុនពេលបើកការដ្ឋានជួសជុលឡើងវិញ ។ ប្រហែលមិនយូរទេ យ៉ាងយូរក្នុងខែមីនាខាងមុខនេះ គម្រោងជួសជុលសំណង់ច្រាំងស្ទឹងខាងលើ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការហើយ ៕
ចែករំលែកព័តមាននេះ