ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២៤ និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៥ ដែល​មាន​អ្នកចូលរួម​ចំនួន​ជិត​៤០០​នាក់ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០២៥ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា វិស័យ​កសិកម្ម គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​វិស័យ​នេះ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​នោះ​ក៏​បាន​កំណត់​ក្នុង​គោលនយោបាយ​អាទិភាព​ទាំង​៦​ចំណុច​ផង​ដែរ រួម​មាន ការ​រក្សា​លំនឹង​ថ្លៃ​កសិផល ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ទូ​ទាំង​ប្រទេស និង​ការ​កសាង​សហគមន៍​កសិកម្ម​ទំនើប ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ក្រសួង​ស្ថាប័នរដ្ឋ អាជ្ញាធរ​ថ្នាក់​ជាតិ និង​ខេត្ត កងកម្លាំង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ដែល​ជា​តួអង្គ​តែ​មួយ​ក្នុង​វិស័យ​កសិកម្ម បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន​ដូច​ជា ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​សត្វល្អិត​លើ​ដំណាំ​ស្រូវ បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រែប្រាំង និង​ការ​ចុះ​ចែក​ពូជស្រូវ​ដល់​ប្រជា​កសិករ​ដែល​រង​គ្រោះ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​នូវ​ការ​ខិតខំ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជលផល​ព្រៃឈើ និង​សត្វព្រៃ​បូក​រួម​ទាំង​កិច្ចការ​អភិរក្ស​នូវ​ប្រភេទ​សត្វ​កម្រ​នានា​ទទួល​បាន​លទ្ធផល​វិជ្ជមាន ការ​ទទួល​បាន​ពានរង្វាន់​អង្ករ​ល្អ​ប្រណិត​លើក​ទី​០៦ និង​ការ​កោតសរសើរ​លើ​ការ​រៀបចំ​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា និង​មន្ទីរពិសោធន៍​ជាតិ ដើម្បី​បង្កើន​គុណភាព សុវត្ថិភាព​ចំណីអាហារ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

នៅ​ចំពោះ​មុខ​អង្គសន្និបាត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​តម្រង់​ទិស​ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៖១.​ជំរុញ​ផែនការ​សកម្មភាព និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​បាន​នូវ​សន្តិសុខ​ស្បៀង និង​និរន្តរភាព​សេដ្ឋកិច្ច និង​បរិស្ថាន ។ ២.​ស្នើ​ក្រសួងកសិកម្ម និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ បង្កើន​កិច្ច​សហប្រតិបត្តិការ​ពង្រីក​ទីផ្សារ ដើម្បី​ស្រូប​យក​កសិផល​កសិកម្ម ជំរុញ​ការ​កែ​ច្នៃ ទទួល​បាន​តម្លៃបន្ថែម​ខ្ពស់ និង​នាំ​ចេញ​ទៅ​ទីផ្សារ​ធំ​ៗ ជា​ពិសេស​ការ​បង្កើត​នូវ​សួ​នក​សិ​-​ឧស្សាហកម្ម ដែល​អាច​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ផលិតផល និង​ជំរុញ​កសិកម្ម​ផ្សារ​ភ្ជាប់​ឧស្សាហកម្ម ។

៣.​លើកទឹកចិត្ត​ដល់​ធនាគារ​នានា​ផ្តល់​នូវ​កម្ចី​ការ​ប្រាក់​ទាប​ដល់​វិស័យ​កសិកម្ម ដែល​មានការ​ខ្វះខាត​ទុន និង​ត​ភ្ជាប់​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ ។ ៤.​បង្កើត​គោលនយោបាយ​ការ​ផលិត​ជីសរីរាង្គ​ក្នុងស្រុក​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​ចូលរួម​រក្សា​គុណភាព​ដី និង​បង្កើន​ប្រាក់​ចំណូល​ប្រជា​កសិករ ។ ៥.​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​សរុប​ក្នុង​ការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​ជលផល​ព្រៃឈើ និង​សត្វព្រៃ និង​៦.​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​រដ្ឋ ដី​ព្រៃ និង​ព្រៃ​លិច​ទឹក ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ធានា​បាន​នូវ​សន្តិសុខ​ស្បៀង កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ។

លើស​ពី​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ក្នុង​ការ​អនុវត្ត​ការងារ​ជាមួយនឹង​យុទ្ធសាស្ត្រ​មុត​ស្រួច និង​ប្រាកដនិយម ដើម្បី​ឱ្យ​សម​ស្រប​ទៅ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ត្រឹម​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា​នឹង​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ