រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសង (ប្រភេទភ្នាល់បាល់តាមអនឡាញ) មួយកន្លែងក្នុងសង្កាត់បឹងត្របែក ឃាត់ខ្លួនបានប្រុសស្រី៣៣នាក់ និងម៉ូតូជាច្រើនគ្រឿង ។
ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចទីតាំងផ្ទះមួយកន្លែង តាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ដែលលួចលាក់បង្កប់ល្បែងស៊ីសង (ភ្នាល់បាល់តាមអនឡាញ) និងសម្បូរទៅដោយក្រុមញៀនល្បែងចេញចូលទៅលេងនៅទីតាំងនេះ ។
ប្រភពពីសមត្ថកិច្ច បានបន្តថា ជាក់ស្តែងជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សស្រី០៣នាក់ (បុគ្គលិក) និងមនុស្សប្រុសចំនួន៣០នាក់ (ជាអ្នកលេងល្បែងស៊ីសង) រួមនឹងវត្ថុតាងមួយចំនួន សម្រាប់ដំណើរការល្បែងស៊ីសង ។
ក្រោយឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន៣៣នាក់ និងវត្ថុតាង រួមទាំងម៉ូតូ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ