ខេត្តព្រះសីហនុ ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ សូមធ្វើសេចក្តីប្រកាសព័ត៌មានឱ្យបានជ្រាបអំពីក្រុមឧក្រិ.ដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស្រាវជ្រាវស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម ៖
១- ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។
២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។
៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។
៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។
ចំពោះដំណើររឿង ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ ទៅ៥នាក់ បានចាប់ឆែកឆេររថយន្ត និងបានចោទថា ជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែ.ងអនឡាញ) និងគំរា.មទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេនឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារឱ្យទៅពួកជនសង្ស័យនោះ ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ។
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
ក្រុមរបស់ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពគំរា.មយកប្រាក់ពីជនរងគ្រោះមានដូចជា ជនជាតិចិន និងជនជាតិខ្មែរយកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចយើងខ្ញុំ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម ៕
ចែករំលែកព័តមាននេះ