រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា សម្រាប់រាជធានីភ្នំពេញឆ្នាំ២០២៤កន្លងមកនេះ បុណ្យកឋិនទានភាគច្រើនលើសលប់ជាបុណ្យកឋិនទានសាមគ្គី។ ពិធីបុណ្យនេះ ត្រូវបានប្រព្រឹត្តឡើងស្របទៅតាមវិន័យនិងរក្សាបាននូវសុវត្ថិភាពល្អ។ ចំពោះបច្ច័យដែលកើតឡើងពីបុណ្យកឋិនសរុបមានចំនួន ១១.៦៥៥.០០២.០០០រៀល បើធៀបទៅ នឹងឆ្នាំមុនឃើញថាកើន ឡើង ៩៦៩.៩៩៩.៦០០រៀល។
របាយការណ៏ដដែលបានឱ្យដឹងទៀតថា ប្រការគួរឱ្យកត់សម្គាល់ អង្គកឋិនទានដែលដង្ហែចេញពីរាជធានីភ្នំពេញទៅ កាន់បណ្តាវត្តតាមខេត្តមានចំនួនតិចតួច ហើយក៏មិនមានរូបភាពហែគគ្រឹកគគ្រេងនោះទេ គេបានអនុវត្តជា រូបភាពតូចដោយនាំបច្ច័យ និងបរិវារកឋិនទៅវេរប្រគេនព្រះសង្ឃវត្តគោលដៅតែម្តង។ កឋិននេះសម្រាប់ការកសាងសំណង់នានាសម្រាប់វត្ត និងការរួមចំណែកលើការងារសង្គមដែល ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងមជ្ឈដ្ឋានផ្សេងៗមួយចំនួនទៀតបានរួមគ្នាកសាងសំណង់នានា តាមបណ្តា វត្ត សម្រាប់ជាប្រយោជន៍ព្រះពុទ្ធសាសនាមាន ព្រះវិហារ កុដិ ឧបដ្ឋានសាលា សាលាពុទ្ធិកសិក្សា ហោត្រៃ កសាង និងជួសជុលព្រះវិហារ ខ្លោងទ្វារ ផ្លូវបេតុងចូលវត្ត ចាក់ដីបំពេញ ទីធ្លារវត្តជាដើម។
របាយការណ៍បានឱ្យដឹងទៀតថា រាជធានីភ្នំពេញឆ្នាំនេះមានវត្តចំនួន១៥១វត្ត ថេរមិនមានការប្រែប្រួល(គណៈមហានិកាយ ១៤២វត្ត និងគណៈធម្មយុត្តិក និកាយ៩វត្ត) និងសាលាបុណ្យចំនួន១០សាលា។ ព្រះសង្ឃទាំងពីរគណៈចំនួនសរុប ៨.៤៤៥អង្គ ដោយ មានគណៈមហានិកាយសរុប ៨.៣២២អង្គ (មានភិក្ខុ ៣.៣១៧អង្គ, សាមណេរ ៥.០០៥ អង្គ) និងគណៈ ធម្មយុត្តិកនិកាយសរុប ១២៣អង្គ (មានភិក្ខុ ៤៨អង្គ, សាមណេរ ៧៥អង្គ)។ គណៈកម្មការចំនួន៨៨២រូប, អាចារ្យវត្តចំនួន៧៤៣រូប, សីលវន្តចំនួន២១៨រូប, សីលវតីចំនួន៧២០រូប និងសិស្ស/និស្សិតដែលស្នាក់នៅ តាមវត្តចំនួន ២.២៨១រូប កើនឡើង៣១៤រូប។
សូមបញ្ជាក់ថា បើមិនប្រែប្រួលទេនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤និងលើកទិសដៅបន្តឆ្នាំ២០២៥មានរយៈពេលពីរថ្ងៃ គីថ្ងៃទី២១ និងថ្ងៃទី២២ខែមករានៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធីបើកស្ថិតក្នុងអធបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ចំណែកពិធីបិទសន្និបាត ស្ថិតក្នុងអធបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ចែករំលែកព័តមាននេះ