រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់ ជាជនជាតិកូរ៉េបានហើយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ Lee Tai Sik ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ និងចាត់ការតាមច្បាប់បន្តទៀត ។
សូមបញ្ជាក់ថា ករណីឃា.តកម្មនេះដែរ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជាន់ទី០២ នៃអូតែល«ហូមឈីក» នៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ឃីម ពេជ្រដាលីស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ ។ តាមប្រភពព័ត៌មានពីតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មានបុរសជាជនបរទេសម្នាក់ និងនារីវ័យក្មេងម្នាក់ បាននាំគ្នាមកបើកបន្ទប់ស្នាក់នៅចំណុចសណ្ឋាគារខាងលើ កាលពីវេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រួចក៏ឡើងទៅបន្ទប់នៅជាន់ទី០២ បាត់តែម្តង ។ លុះមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យបានចុះពីលើបន្ទប់តែម្នាក់ឯង រួចដើរចេញពីសណ្ឋាគារ គេចខ្លួនបាត់តែម្តង ។
ប្រភពពីបុគ្គលិកផ្នែកអនាម័យ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១១ព្រឹកថ្ងៃខែឆ្នាំដដែល គាត់បានឡើងទៅលើបន្ទប់ គោលបំណងដើម្បីរៀបចំបន្ទប់អោយស្អាតឡើងវិញ ប៉ុន្តែខណៈពេលដែលគាត់ដើរដល់ខាងមុខបន្ទប់ គឺបានឃើញទ្វារមិនបានចាក់គន្លឹះសោទេ ដោយគាត់ស្មានថា ភ្ញៀវបានចេញពីបន្ទប់អស់ហើយ ទើបគាត់បានចូលទៅខាងក្នុង នឹងបានបោសសម្អាតនឹងជូតឥដ្ឋ ស្របពេលនោះ គាត់បានអោនជូតក្រោមគ្រែ ក៏ស្រាប់តែប្រទះឃើញសាកស.ពនារីរងគ្រោះ នៅខាងក្រោមគ្រែប្រអប់តែម្តង។ ភ្លាមៗនោះ គាត់បានប្រញាប់រត់ចុះទៅក្រោម ដើម្បីអោយអ្នកគ្រប់គ្រងសណ្ឋាគារជួយបន្តរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ បានត្រួតពិនិត្យស.ពរកឃើញថា ស.ពត្រូវបានស្លា.ប់ដោយសារថប់ដង្ហើម (យកខ្នើយខ្ទប់មុខ) និងបានឃើញស្រោមអនាម័យចំនួន០២ បន្សល់នៅក្នុងបន្ទប់ (ប្រើប្រាស់រួច) ។ ចំណែកស.ព ត្រូវបានសមត្ថកិច្ចវេចខ្ចប់យកទៅវត្តកប់ស្រូវ នៅឯខណ្ឌព្រែកព្នៅ ដើម្បីប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវរហូតឃាតខ្លួនជនសង្ស័យបានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាំយកមកសាកសួរ ៕
ចែករំលែកព័តមាននេះ